រាជធានីភ្នំពេញ ៖ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា បានតម្រូវឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនអ្នកបើកបររថយន្ត និងជាអង្គរក្សលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្ត តាកែវមកសាកសួរឡើងវិញ ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាមន្ត្រីនៅរដ្ឋសភា និងជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ផងដែរ ។
ទោះជាយ៉ាងណា ការសាកសួរនាព្រឹកថ្ងៃនោះនៅមិនទាន់បញ្ចប់ទេ ហើយត្រូវបន្តទៅរសៀលថ្ងៃទី២៦ ខែមេសាទៀត ។ អ្នកបើកបររថយន្តរូបនេះឈ្មោះ ម៉ែន សាម៉ៃ គឺជាសាក្សីដ៏សំខាន់មួយរូបក្នុងរឿងក្ដីនេះ ដោយសារតែលោកជាមនុស្សដែលនៅក្បែរលោក ឡាយ វណ្ណៈ ច្រើនជាងអ្នកណាៗទាំងអស់ ។នៅថ្ងៃទី២៦ ខែមេសា តុលាការក៏បង្គាប់ឱ្យនាំខ្លួនឈ្មោះ ជឹម វុធ ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះមកសាកសួរផងដែរ ។ តាមគំរោងនៅថ្ងៃទី១០ ខែឧសភា តម្រូវឱ្យនាំលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវមកសាកសួរ ហើយលោក ឡាយ វណ្ណៈ នឹងតម្រូវឱ្យនាំយកមកសាកសួរនៅថ្ងៃទី១១ ខែឧសភា។លោក ឡាយ វណ្ណៈ ត្រូវបានគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា បណ្តេញចេញពីសមាជិកបក្សរួចហើយកាលពីថ្ងៃ១៨ ខែមេសា ។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងមនុស្ស៣នាក់ផ្សេងទៀត ពីបទឃាតកម្ម និងបទលាក់បាំងព័ត៌មានទាក់ទងនឹងករណីឃាតកម្មលើមន្ត្រីនៅរដ្ឋសភាមួយរូបគឺអ្នកស្រី ចេវ សុវឌ្ឍនា នៅឯខេត្តតាកែវ ។អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា និងជាព្រះរាជអាជ្ញារង បានបញ្ជាក់តាមសារអេឡិចត្រូនិកតេឡេក្រាមឱ្យដឹងថា ចៅក្រមសាលាដំបូងបានបើកការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌនេះឡើងវិញ ដោយ ចោទ ប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខែត្រតាកែវ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ រីឯមនុស្ស២នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទលាក់បាំងតម្រុយតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ គឺឈ្មោះ ម៉ែន សាម៉ៃ ជាអ្នកបើកបររថយន្តឱ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជាអ្នកបម្រើក្នុងផ្ទះរបស់អ្នកស្រី ចេវ សុវឌ្ឍនា ៕

ចែករំលែកព័តមាននេះ