ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀមប្រយុទ្ធ​ប្រឆាំង​រាល់​ការ Hack ទាំងឡាយ​ដែល​កើនឡើង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​ទំនើប ហើយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា ត្រូវ​បាន​ក្រុម​ជនអនាមិក​វាយប្រហារ​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​កន្លង​មក​ធ្លាប់​វាយប្រហារ​ទៅ​លើ​គេហទំព័រ ឬ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួង​ស្ថាប័នរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​ទំនើប ហើយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា ត្រូវ​បាន​ក្រុម​ជនអនាមិក​វាយប្រហារ​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​កន្លង​មក​ធ្លាប់​វាយប្រហារ​ទៅ​លើ​គេហទំព័រ ឬ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​សំខាន់​ៗ ជាដើម ។ ដើម្បី​សុវត្ថិភាព បច្ចុប្បន្ន​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និង​កំពុង​ត្រៀម និង​ប្រុង​ប្រយ័ត្ន​រាល់​ការ​វាយប្រហារ​នានា ។

លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ម្សិលមិញ​ថា ៖« ពាក្យ Hack នេះ ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ទាំងអស់​គ្នា ទោះបី​មិន​ព្រួយបារម្ភ​ទៅ​លើ​ខាង​រដ្ឋាភិបាល​ទាំងមូល ក៏​ព្រួយបារម្ភ​ទៅ​លើ​ទិន្នន័យ​របស់​វិស័យ​ឯកជន​ដែរ ។ អីចឹង ម្នាក់​ៗ​ឱ្យ​តែ​ឮ​ថា Hack ទាំង​រដ្ឋាភិបាល និង​ឯកជន យើង​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ នៅ​ពេល​គេ​លួច​យក​ទិន្នន័យ​របស់​យើង ទិន្នន័យ​សាធារណៈ​ក្តី ឯកជន​ក្តី យក​ទៅ​ធ្វើ​អ្វី ឬ​យក​ទៅ​បំ​លែង​អ្វី​ផ្សេង​ទៀត ក្នុង​គោលបំណង​មិន​ស្របច្បាប់ រំលោភ​ទៅ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​»​។

លោក​បណ្ឌិត​គូសបញ្ជាក់​ថា ៖« យើង​ត្រូវ​ត្រៀមប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​រាល់​ការ Hack ទាំង​ឡាយ​​ណា ដែល​មិន​ត្រូវ​កើត​មាន​ឡើង ពីព្រោះ​ទាំង​ទិន្នន័យ​សាធារណៈ​និង​ឯកជន គឺ​មាន​សារ​សំខាន់​ណាស់ ។ អ្វី​ដែល​យើង​ត្រូវការ​សំខាន់​នោះ គឺ​ទប់ស្កាត់​រាល់​ការ​វាយប្រហារ ។ អីចឹង បាន​ជា​យើង​បើក​សិក្ខាសាលា​ពេល​មុន​នេះ គឺ​ចង់​បញ្ជ្រាប​ការ​យល់​ដឹង ការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​យន្តការ ការពារ​ទិន្នន័យ​របស់​ខ្លួន និង​ទិន្នន័យ​របស់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ​ ។ បន្ថែម​លើស​ពី​នេះ យើង​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​រៀប​សៀវភៅ​គោលការណ៍​មួយ​សម្រាប់​បង្រៀន​ដល់​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ ឱ្យ​គាត់​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព » ។

បើ​តាម​លោក​បណ្ឌិត​ថា ៖« ដើម្បី​ការពារ​ទិន្នន័យ​របស់​ខ្លួន​បាន គាត់ [​អ្នក​ប្រើប្រាស់​] ធ្វើ​អ្វីខ្លះ ? កំហុស​ដែល​កើតឡើង​នេះ ជួនកាល វា​មិនមែន​មក​ពី​ហ្វេ​ក​ប៊ុ​ក ឬ​អ្នកគ្រប់គ្រង​ទេ អាច​មក​ពី​មក​អ្នក​ប្រើប្រាស់ ហើយ​ពេល​ខ្លះ ក៏​មិនមែន​ជា​កំហុស​របស់​អ្នក​ប្រើប្រាស់​ដែរ គឺ​គេ​មាន​ចេតនា​ក្នុង​ការ​លួច​តែ​ម្តង » ។

លោក​បណ្ឌិត​បន្ត​ថា ៖« ប្រ​សិន​អ្នក​ទាំងអស់​គ្នា​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ការងារ​ហ្នឹង Hack យើង​មិន​មាន​ជា​ការ​បារម្ភ​ទេ ព្រោះ​គ្រប់​គ្នា​យល់ ។ លើស​ពី​នេះ យើង​នឹង​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​Hotline​មួយ​សម្រាប់​អ្នក​ណា​ជា​ជន​រង​គ្រោះ​ពី​ការ Hack នោះ គាត់​អាច​ទូរស័ព្ទ​មក​ភ្លាម ដើម្បី​យើង​ចុះ​ទៅ​ធ្វើការ​ជួសជុល​ស្តារ​យក​Account នោះ​មក​វិញ » ។

លោក​បណ្ឌិត​លើក​ឡើង​ថា កន្លង​មក ខាង​នាយកដ្ឋាន​សន្តិសុខ​របស់​ក្រសួង​បាន​ដាក់​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​រួច​ហើយ និង​បាន​ចែករំលែក​ព័ត៌មាន​ទៅ​ក្រុមការងារ​អន្តរក្រសួង​ដែល​ជា​អ្នកគ្រប់គ្រង​លើ​វេ​ប​សាយ ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ។ ក្រសួង​តែង​ពញ្ញាក់​ស្មារតី និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ទៅ​អន្តរក្រសួង​ពាក់ព័ន្ធ ។

លោក​បណ្ឌិត​បន្ត​ថា ៖« យើង​ព្យាយាម​រៀបចំ​នូវ​ប្រព័ន្ធ​ដែល​មាន​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​រាល់​ការ​វាយប្រហារ​ទាំងអស់ ។ ប៉ុន្តែ​គ្មាន​ប្រទេស​នៅ​លើ​ពិភពលោក​ទាំងអស់​ជឿជាក់​ថា ប្រទេស​ខ្លួន​មាន​សុវត្ថិភាព​ទេ ។ រាល់​ថ្ងៃនេះ មាន​គេ​លួច ប៉ុន្តែ​យើង​អត់​ដឹង អីចឹង គ្មាន​ប្រទេស​ណា​ជឿជាក់​ច្បាស់​ទៅ​លើ​បច្ចេកវិទ្យា​របស់​ខ្លួនឯង​បាន​១០០%​ទេ ។ ប៉ុន្តែ​សំខាន់​យើង​មាន​ប្រព័ន្ធ​សម្រាប់​​ការពារ និង​ប្រព័ន្ធ​សហការ​គ្នា​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ាន ។ នៅ​ក្នុង​ប្រទេស​យើង​បាន​ធ្វើការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៥ នឹង​ធ្វើ​ជាមួយ​គ្នា​ដើម្បី​ធានា​ថា ចរាចរណ៍​ទិន្នន័យ​របស់​យើង​មាន​សុវត្ថិភាព » ។

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អនុក្រឹត្យ ស្តី​ពី​ហត្ថលេខា​ឌី​ជី​ថ​ល​ឬ​«Digital Signature» ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​កើតឡើង​តាម​រយៈ​ការ​លួច​កែ​ទិន្នន័យ និង​ការ​វាយប្រហារ​ពី​ក្រុម​ជនអនាមិក​នានា​(Hackers) ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លក្ខណៈ​ពិសេស​របស់​«​ហត្ថលេខា​ឌី​ជី​ថ​ល​»​ឬ​«Digital Signature»​នេះ ផ្តោត​លើ​៤​ចំណុច​សំខាន់​គឺ ៖

១-​ទាក់ទង​នឹង​«Authentication ឬ​ការ​បញ្ជាក់​ភាព​ត្រឹមត្រូវ​» ដែល​យើង​អាច​ដឹង​បាន​ថា តើ​ឯកសារ​ដែល​បាន​ផ្ញើ​តាម​អុី​ម៉ែ​លម​ក​ពី​ខាង​ណា ហើយ​អ្នក​ណា​ជា​អ្នក​ផ្ញើ​មក ។

២-​ទាក់ទង​នឹង​សុចរិត​ភាព បាន​ន័យ​ថា ព័ត៌មាន​ដែល​បញ្ជូន​ពី​អុី​ម៉ែ​ល​ម្នាក់​ទៅ​ម្នាក់ អត់​មានការ​កែប្រែ​ពី​ជន​ទី​៣ មុន​នឹង​បញ្ជូន​ទៅ​បុគ្គលិក​ដែល​ត្រូវ​ផ្ញើ​ទៅ​នោះ​ទេ ។

៣-​រក្សា​ការ​សម្ងាត់ ដោយ​ប្រព័ន្ធ​នេះ​នឹង​បំ​លែង​មិន​ឱ្យ​ជន​ទី​៣ ឬ​ហេ​ក​ឃ័​រ​ដឹង​ថា ព័ត៌មាន​ដែល​ផ្ញើ​មក ជា​ព័ត៌មាន​អ្វី​នោះ​ទេ ។

៤-​ការ​មិន​អាច​បដិសេធ​បាន ឧទាហរណ៍ បើ​បុគ្គល​«​ក​» ផ្ញើ​សារ​ទៅ​បុគ្គល​«​ខ​» ប្រព័ន្ធ​នេះ​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុគ្គល​«​ក​»​ជា​អ្នក​ផ្ញើ​ទៅ ដោយ​បុគ្គល​នេះ​មិន​អាច​ប្រកែក​បាន​ឡើយ ថា ខ្លួន​មិន​បាន​ផ្ញើ​ទៅ ឬ​មាន​អ្នក​ហេ​ក​អុី​ម៉ែ​ល​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ