ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋចំនួន៤៩៦២គ្រួសារ ដែលរស់នៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង និងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទទួលបានទឹកស្អាតប្រើប្រាស់ក្នុងអំឡុងពេលប៉ុន្មានខែទៀតនេះ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជន ឈ្មោះ ឆៃ ណាលីន ជាក្រុមហ៊ុនមួយដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា រយៈពេលច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋនៅក្នុងឃុំព្រៃព្នៅនេះ មិនដែលមានទឹកស្អាតប្រើប្រាស់នោះទេ ទឹកដែលពួកគាត់ប្រើប្រាស់គឺយកពីក្នុងស្រះ ឬអណ្តូងដៃ ហើយនៅរដូវប្រាំងក្តៅខ្លាំងខ្វះទឹក ពួកគាត់ត្រូវបុកខួងដីរាប់សិបម៉ែត្រ និងទិញម៉ូទ័របូម ចំណាយប្រាក់អស់ ជាងមួយលានរៀលឯណោះ ទើបបានទឹកប្រើ ហើយទឹកនោះក៏មិនសូវស្អាតល្អទៀតផង ព្រោះសម្បូរទៅដោយជាតិកំបោរ ដែលប៉ះពាល់ដល់សុខភាព នៅពេលដែលប្រើប្រាស់ និងហូបយូរៗទៅ។ លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងនោះ ទើបអាជ្ញាធរស្រុក និងខេត្ត បានខិតខំស្វែងរក ដំណោះស្រាយ និងបានទាក់ទងរកក្រុមហ៊ុននានាឲ្យមកធ្វើការវិនិយោគផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនៅក្នុង ឃុំព្រៃព្នៅនេះ ហើយជាលទ្ធផលក្រុមហ៊ុន ឆៃ ណាលីន ក៏បានស្មគ្រ័ចិត្តចូលខ្លួនមកធ្វើការវិនិយោគ ដោយបានចាប់ផ្តើម ធ្វើការដំឡើងប្រពន្ធ័ទុយោទឹកនៅតាមដងផ្លូវ កាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ខាងមុខនេះ។ ដោយឡែកប្រជាពលរដ្ឋទាំង២ឃុំខាងលើ បានអះអាងដូចៗគ្នាថា ពួកគាត់មានការត្រេកអរខ្លាំងណាស់ ដែលមានក្រុមហ៊ុនចូលមកវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅក្នុងភូមិឃុំរបស់ពួកគាត់ ហើយពួកគាត់ក៏ចង់ឲ្យក្រុមហ៊ុន តភ្ជាប់បណ្តាញទឹកឲ្យបានលឿន ដើម្បីឲ្យពួកគាត់ឆាប់បានទឹកស្អាតប្រើប្រាស់ផងដែរ។
ប៉ុន្តែជាមួយគ្នានេះ ពួកគាត់ក៏សំណូមពរឲ្យក្រុមហ៊ុន ធ្វើយ៉ាងណាកុំយកតម្លៃថ្លៃពេកបើបានកាន់តែថោកកាន់តែល្អ ព្រោះពួកគាត់ភាគច្រើន សុទ្ធតែជាអ្នកស្រែចម្ការ មិនមែនជាអ្នកមានធូរធារអ្វីនោះទេ ដូច្នេះបើសេវាទឹកស្អាតថ្លៃហួសពីសមត្ថភាពរបស់ពួកគាត់ ពេកនោះក៏ពិបាកដែរ។ ចំណែកប្រធានក្រុមហ៊ុន ឆៃ ណាលីន បានអោយកោះសន្តិភាពដឹងថា ក្រុមហ៊ុនរបស់ខ្លួន ទទួលបានអាជ្ញាបណ្ណ័ផ្គត់ផ្គង់ទឹកស្អាតពីក្រសួងសិប្បកម្ម និងស្សាហកម្ម នៅលើឃុំចំនួន២ គឺឃុំព្រៃព្នៅ ស្រុកពារាំង និងឃុំពពឺស ស្រុកស្វាយអន្ទរ ហើយបានចាប់ផ្តើមធ្វើការតភ្ជាប់ដំឡើងប្រពន្ធទុយោទឹក តាំងពីចុងខែសីហា ឆ្នាំ២០១៧មកម្លេះ ហើយយ៉ាងយូរនៅចុងខែមិថុនា ក្រុមហ៊ុន ឆៃ ណាលីន នឹងអាចចាប់ផ្តើមដំណើរការផ្គត់ផ្គង់ ទឹកស្អាតបានជាបណ្តើរៗហើយ។
ដោយឡែកតម្លៃសេវាវិញ លោកប្រធានក្រុមហ៊ុនបានអះអាងថា សម្រាប់ការតភ្ជាប់ដំបូងក្រសួងកំណត់ឲ្យយកតម្លៃសេវាក្នុងកុងទ័រមួយតម្លៃ៣២ម៉ឺនរៀល ប៉ុន្តែក្នុងគម្រោងរបស់ក្រុមហ៊ុន គឺនឹងមានការលើកលែងមិនយកថ្លៃសេវាតភ្ជាប់ដំបូង ពីប្រជាពលរដ្ឋដែលមានបណ្ណ័ក្រីក្រ១ នៅក្នុងឃុំពពឺស និងឃុំព្រៅព្នៅ សរុបចំនួន៧០០កុងទ័រស្មើនឹង៧០០គ្រួសារ ចំណែកតម្លៃទឹកស្អាត គឺចន្លោះពី២១០០រៀល ទៅ២៣០០រៀលក្នុងមួយម៉ែត្រគូប ទៅតាមចំនួននៃការប្រើប្រាស់របស់អតិថិជន តិចឬច្រើន៕
ចែករំលែកព័តមាននេះ