ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាព និងសុវត្ថិភាពអ្នកសារព័ត៌មាន បន្ទាប់ពីទទួលបានព័ត៌មានថា លោកឈា វ៉ារី ស្ថាបនិក ក.អ.ក និងជាអតីតនិពន្ធនាយកកាសែតវិទ្យាសាស្ត្រខ្មែរត្រូវបានលោក ជា ចំរើន ម្ចាស់កាសែតវិទ្យាសាស្ត្រខ្មែរប្តឹងទៅតុលាការពីបទរំលោភលើទំនុកចិត្ត ការក្លែងបន្លំ និងបទប្រើប្រាស់ត្រាក្លែង ។យោងតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ លោក ឈា វ៉ារី នឹងត្រូវចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី៣០ មករា ២០១៣ ខាងមុខនេះ ។
ទាក់ទងបណ្តឹងខាងលើនេះ លោក ឈា វ៉ារី បានអះអាងថា លោកមិនបានប្រព្រឹត្តនូវកំហុសដូចការចោទប្រកាន់នោះទេ ។ ប៉ុន្តែបណ្តឹងនេះ គឺជាការគាបសង្កត់ និងបំភ័ន្តសាធារណមតិដើម្បីទម្លាក់កំហុសលើរូបលោក ខណៈដែលមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រខ្មែរបានប្រឈមនឹងកង្វះថវិកាក្នុងការចេញផ្សាយកាសែតវិទ្យាសាស្ត្រខ្មែររហូតបិទការចេញផ្សាយជាច្រើនខែ ។
ក្លឹបអ្នកកាសែតកម្ពុជា សូមបញ្ជាក់ឡើងវិញថា កន្លងមក ក.អ.កទទួលបាននូវលិខិតរបស់បុគ្គលិកកាសែតវិទ្យាសាស្ត្រខ្មែរដែលសុំឱ្យ ក.អ.កជួយអន្តរាគមន៍ទៅលោកជា ចំរើន ដើម្បីបើកប្រាក់ខែដល់ពួកគេ ខណៈដែលកាសែតខកខានមិនបានបើកប្រាក់ខែឱ្យបុគ្គលិកច្រើនខែជាប់ៗគ្នា។ លោកជា ចំរើន បានយល់ព្រមបើកប្រាក់ខែឱ្យបុគ្គលិកមួយចំនួន ហើយនៅសល់មួយចំនួនទៀតដែលបន្តការតវ៉ាជាបន្តបន្ទាប់ ។
ក្លឹបអ្នកកាសែតកម្ពុជាអំពាវនាវដល់ស្ថាប័នតុលាការរក្សាភាពឯករាជ្យនៅក្នុងដំណើរការរឿងក្តីនេះ ។ ទន្ទឹមនោះក.អ.ក នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះបណ្តឹងខាងលើនេះដើម្បីផ្តល់យុត្តិធម៌ដល់លោកឈា វ៉ារី ។ក្លឹបអ្នកកាសែតកម្ពុជា គឺជាអង្គការឯករាជ្យមានបេសកកម្មបំរើផលប្រយោជន៍ និងការពារអ្នកកាសែត ព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ