អ្នកទេសចរជាង១៥ម៉ឺននាក់ទៅលេងខេត្តមាត់សមុទ្រថ្ងៃបុណ្យចូលឆ្នាំ
ខេត្តព្រះសីហនុ ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ដល់១៦ ខែមេសា មានភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅខេត្តព្រះសីហនុចំនួន១៥០.៧៨០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៧មានការកើនឡើង៥% ក្នុងនោះភ្ញៀវជាតិ១៤៤.២៥៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៧កើនឡើង៤,២% ភ្ញៀវអន្តរជាតិមាន៦.៥២៥នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៧កើនឡើង២៥% ។ភ្ញៀវទាំងនេះទៅកម្សាន្តតាមកោះនានាដូចជា កោះរ៉ុង និងកោះរ៉ុងសន្លឹម និងទៅទស្សនា តាមរមណីយដ្ឋាននានានៅក្នុងខេត្ត ដូចជារមណីយដ្ឋានថ្មរូង ក្នុងស្រុកកំពង់សិលា រមណីយដ្ឋានក្បាលឆាយ ក្នុងក្រុងព្រះសីហនុ និងនៅតាមភោជនីយដ្ឋាននៃតំបន់ឆ្នេរ ។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរអូរឈើទាលបានឲ្យដឹងថា មួយរយៈកាលចុងក្រោយនេះ ការធ្វើដំណើរមកកម្សាន្តនៅខេត្តព្រះសីហនុជួបការលំបាកក្នុងការស្នាក់នៅ ដោយសារផ្ទះ
សំណាក់ សណ្ឋារគារមួយចំនួនបានជួលទៅឲ្យជនជាតិចិន ប៉ុន្តែបើទោះជាបែបនេះក្តីក៏ពួកគាត់នៅតែបន្តមកកម្សាន្តដោយមិនចាំបាច់ស្នាក់នៅដែលកាត់បន្ថយការចំណាយបានមួយភាគផង
ដែរ ។ ដោយឡែក មុខម្ហូបសមុទ្រស្រស់ៗការលក់ដូរមានតម្លៃខ្ពស់បន្តិចមែន តែអាចទទួលយកបាន។
បើតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តឲ្យដឹងថា ការរៀបចំសន្តិសុខសណ្តាប់
ធ្នាប់ក្នុងពិធីបុណ្យទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ទន្ទឹមនឹងនេះ ក៏មានករណី
ភ្ញៀវបរទេសជ្រុះបាត់កាបូបលុយ១ករណី និងមានក្មេងវង្វេងចំនួន២នាក់ ប៉ុន្តែនគរបាលទេសចរណ៍បានធ្វើការផ្សព្វផ្សាយ ហើយឪពុកម្តាយបានមកទទួលយកកូនពីសមត្ថកិច្ចនគរបាលវិញរួចរាល់ផងដែរ ។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ដល់ទី១៦ េមសា មិនមានកើតឡើងទេ ។
គួររំឭកថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលខេត្តដែលមានលោក
យន្ត មីន ជាអភិបាលខេត្ត បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត និងមន្ទីជំនាញពាក់ព័ន្ធ រៀបចំពិធីអបអរសាទរដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរចូលមកម្សាន្តនៅក្នុងខេត្តនេះ ក្រោមជំនោរសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ នៅក្នុងចំណោមខេត្តចំនួន៣ទៀតគឺ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ និងមានសក្តានុពលសេដ្ឋកិច្ចលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ដោយសារមានប្រជំុកោះជាច្រើន ឆ្នេរសមុទ្រខ្សាច់សស្អាត សម្បត្តិធម្មជាតិ និងភាពអំណោយផលផ្នែកភូមិសាស្ត្រជាច្រើនទៀតក្នុងការទាក់ទាញភ្ញៀវទេសចរ និងការអភិវឌ្ឍ ដើម្បីបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើង ។ ខេត្តស្ទឹងត្រែងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរដូវចូលឆ្នាំខ្មែរកើនឡើង
ខេត្តស្ទឹងត្រែង ៖ បន្ទាប់ពីរដ្ឋបាលខេត្តរៀបចំពិធីស្ទឹងត្រែងសង្ក្រាន្ត មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ថ្ងៃ គេសង្កេតឃើញថា នៅខេត្តស្ទឹងត្រែងចាប់ផ្តើមមានភ្ញៀវមកកម្សាន្តកើនឡើង គួរឱ្យកត់សម្គាល់នារដូវឆ្នាំថ្មី២០១៨នេះ ។ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ បានធ្វើឱ្យខេត្តស្ទឹងត្រែងមានកេរ្តិ៍ឈ្មោះបោះសឡេង គួរឲ្យកត់សម្គាល់ ដោយសារតែខេត្តមួយនេះមានសក្ដានុពលនៃតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិជាច្រើនកន្លែងបានធ្វើឲ្យភ្ញៀវក្នុងនិងក្រៅស្រុក ចូលមកទស្សនាកម្សាន្តលេងយ៉ាងច្រើនកុះករ ។
លោក ប៉ាន ទិត្យ ភ្ញៀវមកពីស្រុកកងមាស ខេត្តកំពង់ចាមបានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលលោកបាននាំក្រុមគ្រួសារមកលេងកម្សាន្ដនៅតាមតំបន់រមណីយដ្ឋានធម្មជាតិ ដ៏ប្រណីតនៅតាមដងទន្លេនានាក្នុងខេត្តនៃភូមិភាគឦសានមួយនេះ ។
លោកបន្ថែមថា កត្តាដែលធ្វើឲ្យក្រុមគ្រួសារលោក មកលេងម្ដងហើយ មកលេងទៀតមិនចេះជិនណាយនេះ ដោយតំបន់ទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង មានការរៀបចំទទួលភ្ញៀវបានល្អ ទាំងសេវាកម្ម សន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានល្អណាស់ ជាពិសេសទេសភាពនៅក្នុងរមណីយដ្ឋាននីមួយៗ មានដើមឈើផ្ដល់ជាម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ ហ៊ុមព័ទ្ធទៅដោយផ្ទៃទឹកថ្លាយុង ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរបានឲ្យដឹងថា រយ:ពេលបីថ្ងៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំច
សំរឹទ្ធស័ក, នៅថ្ងៃទី1-ទទួលបានភ្ញៀវទេសចរ៨៦៤៨ កើនកើន១៨៧០នាក់ ស្មើ២៧,៥៨% ថ្ងៃទី២ទទួលបានចំនួន១២២០៣នាក់ កើន១៩៤៥នាក់ ស្មើ១៨,៩៦% និងថ្ងៃទី៣ទទួលបាន១៩៧០៦នាក់ កើន១៧៧៩នាក់ ស្មើ៤,៥៨% ។
លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរមានការកើនឡើងបែបនេះក៏ដោយសារតែខេត្តស្ទឹងត្រែងមានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យ ជាពិសេសអភិវឌ្ឍន៍នៅតំបន់ទេសចរនិងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងរៀបចំបរិស្ថានបានល្អ ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ភ្ញៀវទេសចរមានការមកលេងក្នុងខេត្តស្ទឹងត្រែងច្រើន និងកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារ មានលទ្ធភាពដើរកម្សាន្តតាមទី រមណីយដ្ឋានយ៉ាងសប្បាយរីករាយ អាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយយ៉ាងងាយស្រួល ដោយរាជរដ្ឋាភិបាលបានស្ថាបនានៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់គ្រប់តំបន់ ។
លោកបន្តថា ទោះបីជាភ្ញៀវបានចូលមកលេងកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានយ៉ាង គំហុកយ៉ាងនេះក្ដី ក៏ដោយសារខេត្តដ៏តូចមួយនេះនៅតែទទួលស្វាគមន៍ព្រមទាំថែរក្សាប្រព័ន្ធសន្តិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវបានយ៉ាងកក់ក្ដៅ ។
ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃសប្បាយឡើងកប់នៅកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ អ្នកចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺ និយាយថា បើយើងធ្វើដំ
ណើរតាមផ្លូវជាតិលេខ៤ពីភ្នំពេញមកចំណាយពេលមិនដល់២ម៉ោងនោះទេ នឹងមកដល់ចន្លោះបង្គោល
គីឡូម៉ែត្រ៤៥និង៤៦ ហើយងាកទៅខាងឆ្វេងដៃនឹងមានផ្លាកសម្គាល់មួយផ្ទាំងដាក់ថា «សាលាខេត្តកំពង់ស្ពឺ» ។ លុះយើងបន្តដំណើរចូលតាមផ្លូវកៅស៊ូឆ្លងស្ពានថ្មបន្តិច នឹងទៅដល់ទីតាំងដែលរដ្ឋបាលខេត្តប្រារព្ធពិធីសង្ក្រាន្តកំពង់ស្ពឺ គឺនៅជិតសួនច្បារសាលាខេត្ត ដែលបានរៀបចំតុបតែងយ៉ាងល្អប្រណីតទទួលបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកចូលរួមពិធីសង្ក្រាន្តនៅកំពង់ស្ពឺនេះដែរ ។ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃនេះ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា បានប្រារព្ធធ្វើនៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ។អ្វីដែលជាការកត់សម្គាល់នៅថៃ្ងចុងក្រោយដែលជាថ្ងៃឆ្លងឬវារៈឡើងស័កនោះ ក៏មានវត្ដមានលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ដ អស់លោក លោកស្រីនៅតាមមន្ទីរអង្គភាព
នានា អញ្ជើញចូលរួមពិធីតាមទំនៀមទម្លាប់គឺពិធីស្រង់ព្រះផងដែរ ។
ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនេះ រឹងរឹតតែធ្វើឲ្យពិធីទាំងមូលសប្បាយរីករាយថែមមួយកម្រិតទៀត។ នៅក្នុងរយៈពេល៣ថ្ងៃនេះដែរ ក៏មានកិច្ចការពារពីគ្រប់កងកម្លាំងចំណុះគណៈបញ្ជាការឯកភាពខេត្ដ ពិសេសកងកម្លាំងនគរបាលខេត្ដធានាការពាររក្សាសន្តិសុខទទួលបានសុវត្ថិភាពល្អ ។អ្នកស្រី ហុង ពៅពិសី រស់នៅរាជធានីភ្នំពេញដែលបានទៅកម្សាន្តនៅទីនោះនិយាយថា អ្នកស្រីនិងក្រុមគ្រួសារមិនបានទៅកម្សាន្តនៅទីណាក្រៅពីមកចូលរួមពិធីសង្ក្រាន្តនៅកំពង់ស្ពឺនេះទេ ។ រយៈពេល៣ថ្ងៃឃើញថា ទាំងសន្តិសុខក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់គឺមានរបៀបរៀបរយល្អ ។ ជាងនេះទៀត រយៈពេល៣ថ្ងៃពេញនៃពិធីបុណ្យ មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិកួៈ ពាំពងមាន់ អូសធាងស្លា និងមានការប្រគំតន្ត្រីសម័យនិងបុរាណផងដែរ។អ្នកស្រីសូមឲ្យឆ្នាំក្រោយៗទៀត ខាងសាលាខេត្តរៀបចំពិធីនេះដូចឆ្នាំនេះអុីចឹង ព្រោះថាខេត្តមួយនេះពីមុនៗមកមិនដែលមានពិធីធ្វើឲ្យពលរដ្ឋសប្បាយបែបនេះទេ ។ ម្យ៉ាងទៀត ខេត្តមួយនេះក៏នៅមានរមណីយដ្ឋានជាច្រើនកន្លែងដូចជា អំពែភ្នំ រមណីយដ្ឋានបុរាណវិទ្យាចាស់ រមណីយដ្ឋានទឹកធ្លាក់ជ្រាវ នៅស្រុកថ្ពង តំបន់
ទេសចរណ៍ដើមស្រល់លើភ្នំគិរីរម្យ ទឹកធ្លាក់ចំបក់ ទេរទឹកពុះស្រុកឱរ៉ាល់ និងរមណីយដ្ឋានភ្នំព្រះជាដើម ។
អ្នកស្រីបន្តថា អ្នកស្រីនិងក្រុមគ្រួសារបានមកលេងកម្សាន្តក្នុងពិធីសង្ក្រាន្តនៅកំពង់ស្ពឺនេះរយៈពេល៣ថ្ងៃពេញតែម្តង ហើយការចូលរួមលេងប្រកបទៅដោយសេចក្តីថ្លៃថ្នូរ និងការគោរពឲ្យតម្លៃគ្នាទៅវិញទៅមកប្រកបដោយទឹកមុខរីករាយគ្រប់ៗគ្នា ។ភ្ញៀវទេសចរសម្រុកចូលកម្សាន្តតាមរណីយដ្ឋានក្នុងខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ ចាប់ពីថ្ងៃចូលឆ្នាំដំបូង ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ជាភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយបាននាំគ្នាធ្វើដំណើរតាមមធ្យោបាយផ្សេងៗមានម៉ូតូ និងរថយន្តសម្រុកចូលទៅលេងតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិនគួរឱ្យកត់សម្គាល់ ស្របពេលដែលតំបន់ទេសចរណ៍នៅតាមរមណីយដ្ឋានជាច្រើនត្រូវបានរៀបចំកែច្នៃរួចរាល់ជាស្រេចហើយក្នុងនោះដូចជា ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែលឆ្នាំថ្មីនេះមានទឹកហូរមកពីខាងលើច្រើន រួមជាមួយនឹងទេសភាពពណ៌ខៀវស្រស់បំព្រងផង ។
លោកស្រី ស្រុី ឌី ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានរៀបរាប់ថា សកម្មភាពនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃដំបូងគឺត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាច្រើនបាននាំគ្នាធ្វើដំណើរមកពីតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប រួមនឹងរាជធានីភ្នំពេញផងដែរ បាននាំគ្នាធ្វើដំណើរមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន។ នៅថ្ងៃទី២នៃថ្ងៃបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី១៥ មេសា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានអេកូទេសចរណ៍ រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានកែច្នៃ និងកន្លែងលំហែកម្សាន្តនានាក្នុងខេត្ត ព្រមទាំងនៅតាមវត្តអារាមផងដែរ ។
លោកស្រីបន្តទៀតថា ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរនេះ នៅតាមដងវិថីតូចធំនានា ក្នុងខេត្តមានភ្ញៀវទេសចរ ដើរកម្សាន្តច្រើនជាងឆ្នាំមុនៗ ហើយខាងមន្ទីរទេសចរណ៍ បានបូកសរុបចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឃើញមានចំនួន២៣៨៩៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣២៨៣៦នាក់ ភ្ញៀវអន្តរជាតិចំនួន៦២នាក់ ហើយក៏មានជនជាតិថៃចំនួន៣០នាក់ ជនជាតិចិនចំនួន១៧នាក់ អាមេរិកចំនួន១៥នាក់ផងដែរ ។
សូមបញ្ជាក់ថា កួបផ្សំនឹងអាកាសធាតុនារដូវបុណ្យចូលឆ្នាំ ឆ្នាំនេះមិនសូវក្តៅខ្លាំងដូចឆ្នាំមុនៗ ព្រោះគេសង្កេតឃើញនៅមុនបុណ្យចូលឆ្នាំថ្មី
១ថ្ងៃ មានភ្លៀងបង្អុរមកជោកជាំ ហើយនៅពេលឈានចូលដល់ថ្ងៃចូលឆ្នាំក៏នៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអាកាសធាតុត្រជាក់ស្រួល បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយសប្បាយរីករាយក្នុងការដើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី២០១៨នេះ ៕
ចែករំលែកព័តមាននេះ