ខេត្ដកំពង់ធំ ៖ គ្រូដោះអំពើមន្ដអាគមម្នាក់ត្រូវបានប៉ូលិសស្រុកកំពង់ស្វាយឃាត់ខ្លួនកាលពីថ្ងៃទី២៤ មីនា បន្ទាប់ពីគ្រូកំហូចរូបនេះព្យាយាមប្រើម្រាមដៃលូកស្ទាបអង្អែលអ្នកជំងឺជានារីក្រមុំម្នាក់ដោយអះអាងថា ជាសកម្មភាពដេញអំពើតាមមន្ដអាគមផ្ទុយទៅវិញគាត់បំពានឆ្លៀតឱកាសស្ទាបអង្អែលលើរាងកាយទៅវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ មីនា នៅភូមិក្រសាំង(ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ។គ្រូមន្ដអាគមរូបនេះឈ្មោះឈិត ឆាំ ហៅ ភក្ដ្រា អាយុ៣០ឆ្នាំ ទីលំនៅក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ត្រូវបានឃាត់ខ្លួន បន្ទាប់ពីទទួលការប្ដឹងចោទប្រកាន់ថា ប្រើដៃលូកលាន់កេរ្ដិ៍ខ្មាសរបស់នារីអ្នកជំងឺអាយុ២០ឆ្នាំ កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៣ មីនា នៅក្រោយផ្ទះនារីរងគ្រោះ។ ទាក់ទិនករណីនេះមន្ដ្រីប៉ូលិសនិយាយថា ឈ្មោះឈិត ឆាំ ហៅភក្ដ្រាបានធ្វើជាគ្រូដោះអំពើ ។
បើតាមការបំភ្លឺរបស់សាក្សី និងនារីរងគ្រោះបាននិយាយថា កន្លងមកម្ដាយមីងរបស់នាងធ្លាប់មានជំងឺប្រចាំកាយ ហើយទំលាប់អ្នកភូមិ កាលណាព្យាបាលដោយឱសថពេទ្យមិនជាទេនោះតែងស្វែងរកគ្រូខ្មែរព្យាបាល ។ ដោយមានជំនឿថាត្រូវអំពើមន្ដអាគមរបស់គេ ដូច្នេះហើយទើបម្ដាយមីងនាងក៏បានទៅឱ្យគ្រូឆាំ នៅភូមិថ្មីមើលជំងឺរហូតជាសះស្បើយ ហើយក៏វិលត្រឡប់មកផ្ទះវិញ ។ មិនយូរប៉ុន្មាននាងក៏មានអាការជំងឺស្រដៀងគ្នានឹងម្ដាយមីងទើប ក្រុមគ្រួសារសំរេចហៅគ្រូនេះឱ្យមកមើលជំងឺដល់ផ្ទះនៅភូមិក្រសាំង (ក) ឃុំសាន់គ ។ ពេលមកដល់ផ្ទះនាងគ្រូដោះអំពើរូបនេះក៏តាំងរៀបចំទៅតាមក្បួនរបស់ខ្លួនដែលក្នុងនោះតំរូវឱ្យនាងដោះសំលៀកបំពាក់ដើម្បីឆ្ពង់ខ្លួនដោយថ្នាំឆ្នាំងនៅទីកន្លែងស្ងាត់ក្នុងផ្ទះ ។
គ្រូរូបនេះបានប្រើដៃច្របាច់សុដន់ និងស្ទាបច្របាច់កេរ្ដិ៍ភេទ ព្រមទាំងអង្អែលខ្លួនប្រាណដោយនិយាយថា ធ្វើបែបនេះដើម្បីដេញអំពើព្រមទាំងអំពើនោះវារត់មកនៅត្រង់ម្ដុំសំខាន់ៗជាកេរ្ដិ៍ខ្មាសហើយប្រាប់ថា កុំភ័យអីបន្ដិចទៀតជាហើយ ។តាមការរៀបរាប់បានឱ្យដឹងថា គ្រូអត់សីលធម៌នេះបានធ្វើរបៀបដដែលនេះមកលើនាងជាលើកទី២ទៀត ។ លុះមកដល់លើកទី៣ គ្រូនេះនិយាយថា អំពើវារត់ចុះក្រោមហើយ ដូច្នេះតំរូវឱ្យធ្វើពិធីបណ្ដេញគ្រោះនៅចុងភូមិក្រោយផ្ទះវិញ រួចហើយក៏បាននាំនាងទៅធ្វើពិធីនៅក្រោយផ្ទះតែពីរនាក់ដោយគ្រូនេះប្រើម្រាមដៃលូកប្រដាប់ភេទរួចនិយាយថា “សុំរួមរ័ក” តែនាងប្រកែករហូតប្រវាយប្រតប់គ្នា ។ ពិធីឆ្កួតលេលាបែបនេះបានចាប់ផ្ដើមតាំងពីម៉ោង៣រសៀលរហូតដល់ម៉ោង៦ល្ងាចនៅមិនទាន់ចប់ ទើបបងប្រុសនាងដើរទៅមើលក៏ឃើញសកម្មភាពមិនគប្បីក៏ហៅឱ្យត្រឡប់មកផ្ទះវិញ និងប្ដឹងទៅប៉ូលិសតែម្ដង ។
គ្រូរូបនេះពេលចាប់ខ្លួនក៏បាននិយាយរៀបរាប់ពីវិធីរបស់ខ្លួនដើម្បីដេញគ្រោះចង្រៃទើបសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនខ្លួនទៅតុលាការ ។ នៅថ្ងៃទី២៥ មីនា ជនរូបនេះត្រូវបានបញ្ជូនដល់សាលាដំបូងខេត្ដ ។គួររំលឹកថា កាលពីឆ្នាំ២០០៨ សមត្ថកិច្ចប៉ូលិសធ្លាប់បានឃាត់ខ្លួនគ្រូក្មេងម្នាក់ញាត់គុកម្ដងហើយ គឺដោយសារតែគ្រូឆ្កួតនោះរំលោភសេពសន្ថវៈលើក្មេងប្រុសជាច្រើននាក់ផងដែរ ហើយកន្លងមកធ្លាប់បានធ្វើឱ្យស្ដ្រីអ្នកជំងឺមានផ្ទៃពោះស្ទើរគ្រប់គ្នា មិនថាប្រពន្ធគេ ស្ដ្រីមេម៉ាយឬក្រមុំទេ ។ ដូច្នេះដើម្បីចៀសវាងការស្ដាយក្រោយមិនគួរមានជំនឿជឿងប់ងល់ទៅលើគ្រូផ្ដេសផ្ដាសបែបនេះឡើយ ។
ចែករំលែកព័តមាននេះ