ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ជួយ​កម្ពុជា​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ មេ​សា ជប៉ុន​បាន​បង្ហាញ​ពី​បំណង​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ទៅ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ មេ​សា ជប៉ុន​បាន​បង្ហាញ​ពី​បំណង​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ទៅ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា នៅ​សណ្ឋាគារ​ឡឺ រ៉ូ​យ៉ា​ល់ ។

លោក ណា​រី​យ៉ូ ម៉ា​រូ​យ៉ា​ម៉ា (Nario MARUYAMA) អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ដ​ថា ៖« ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ យើង​បាន​ពិភាក្សា​បញ្ហា​យ៉ាងច្រើន ។ មួយ​ក្នុង​ចំណោម​បញ្ហា​ទាំងនោះ គឺ​យុទ្ធសាស្ត្រ «Free and Open Indo-Pacific Strategy» ដែល​ជា​យុទ្ធសាស្ត្រ​គោលនយោបាយ​ការ​បរទេស​ថ្មី​របស់​ជប៉ុន សម្រាប់​ស្ថិរភាព និង​វិបុលភាព​នៃ​សហគមន៍​អន្តរជាតិ និង​ជា​ថាមវន្ដ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រួម​បញ្ចូល​ទ្វីប​ពីរ (Two Continents) គឺ​អាស៊ី និង​អាហ្វ្រិក និង​សមុទ្រ​ពីរ (Two Oceans) គឺ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​មហាសមុទ្រ​ឥណ្ឌា ស្រប​ពេល​ដែល​ទ្វីបអាស៊ី​កំពុង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស និង​អាហ្វ្រិក​កំពុង​តែ​អភិវឌ្ឍន៍​រីក​ចម្រើន​ប្រកបដោយ​សក្ដានុពល ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តាម​រយៈ​កា​រត​ភ្ជាប់ (connectivity) រវាង​អាស៊ី និង​អាហ្វ្រិក តាម​រយៈ​យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​លើកកម្ពស់​ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ទាំងមូល​។ ក្នុង​នោះ​កម្ពុជា​បាន​គាំទ្រ​ពី​ដំណើរការ​យុទ្ធសាស្ត្រ​នេះ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ជប៉ុន​បាន​គាំទ្រ និង​ធ្វើ​យ៉ាងណា ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ក្លាយ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដោយ​យើង​ផ្ដោត​លើស​សរ​ស្ដម​៣​គឺ ទី​១-​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​តំណ​ភ្ជាប់​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដោយ​មានការ​អភិវឌ្ឍ​កំពង់​ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម ។ ទី​២-​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​យើង​ប្ដេជ្ញា​នឹង​បញ្ជូន​គ្រូ​ជំនាញ​មក​បណ្ដុះបណ្ដាល និង​ទី​៣-​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ » ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក តា​រ៉ូ កូ​ណូ ជា​លើក​ទី​១​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នា​ពេល​នេះ លោក​បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ហើយ​លោក​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​ជប៉ុន​នៅ​តែ​បន្ត​ធ្វើ​ទំនាក់ទំនង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ត​ទៀត ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ដដែល នោះ លោក តា​រ៉ូ កូ​ណូ បាន​បញ្ជាក់​ពី​ជំហរ​ថា ៖« ឆ្នាំ​២០១៨​នេះ ជប៉ុន​នឹង​ប្រែក្លាយ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​ឲ្យ​ទៅ​ជា​ឆ្នាំ​នៃ​ការ​ពូន​ជ្រំ និង​សម្រេច​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ » ។ លោក​ថា ៖«​កម្ពុជា​គឺជា​ប្រទេស​មួយ​សំខាន់​ណាស់​ក្នុង​តំបន់​យុទ្ធសាស្ត្រ​មេគង្គ ។ រាជរដ្ឋាភិបាល​ជប៉ុន​នៅ​តែ​ជួយ​កម្ពុជា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ » ។ នេះ​បើ​យោង​តាម​លោក ជំ​ុ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប ។

ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​តាម​ធនាគារពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​សម្រេច​បានជា​ប្រវត្តិសាស្ត្រ គឺ​ការ​ឆ្លង​ផុត​ពី​ឋានៈ​ប្រទេស​ដែល​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ឆ្នាំ​២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ដាក់​រហស្សនាម​កម្ពុជា​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​» ផង​ដែរ ។

កំណើន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​តួលេខ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣% និង​ភាព​ក្រីក្រ​តោកយ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​នឹង​នេះ ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​១​ឆ្នាំ បាន​កើនឡើង​ពី​១.០៤២​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​ជា​១.៤២៧​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​១.៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ រហូត​ដល់​២.០៣៥​ដុល្លារ​នៅ​ឆ្នាំ​២០២១ ។

យោង​តាម​ធនាគារពិភពលោក ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប សំដៅ​ដល់​ប្រាក់​ចំណូល​របស់​ប្រជាជន​ម្នាក់​ក្នុង​១​ឆ្នាំ​ចន្លោះ​ពី​១.០០៦​ដុល្លារ​ដល់​៣.៩៥៥​ដុល្លារ​, ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ចន្លោះ​ពី​៣.៩៥៦​ដល់​១២.២៣៥​ដុល្លារ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​ហៅ​ថា​ប្រទេស​អភិវឌ្ឍន៍ មាន​ប្រាក់​ចំណូល​ចាប់ពី​១២.២៣៦​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ផ្អែក​តាម​សូចនាករ​សេដ្ឋកិច្ច​កម្ពុជា អាច​ឲ្យ​យើង

ព្យាករ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​ការ​នាំ​កម្ពុជា ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ លោក​បន្ត​ថា ការ​ព្យាករ​នេះ ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ មិនមែន​ចេះ​តែ​លើក​ឡើង​ទេ ហើយ​លោក​ជឿជាក់​លើ​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា ដែល​បាន​និង​កំពុងធ្វើការ​ងារ​នេះ ។

លោក​បន្ត​ថា ៖« ផ្អែក​លើ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន កម្ពុជា​ពិត​ណាស់​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​នៅ​ឆ្នាំ​២០៣០ ក្នុង​នាម​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ