ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​លទ្ធផល​ស្មើ​របស់​ជើង​ខ្លាំង​2​រូប អ្នកដឹកនាំ​និយាយ​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៨ មេ​សា កីឡាករ​កម្ពុជា យុគ យក្ស​គី​ល ដែល​គេ​ស្គាល់​ថា ​ជា​ជើង​ខ្លាំង​មក…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៨ មេ​សា កីឡាករ​កម្ពុជា យុគ យក្ស​គី​ល ដែល​គេ​ស្គាល់​ថា ​ជា​ជើង​ខ្លាំង​មក
ពី​ខេត្ត​ភាគ​ខាងលិច បាន​បញ្ចេញថ្វីដៃ​គួរ​ឱ្យកត់សម្គាល់ ប៉ុន្តែ​មិន​អាច​យកឈ្នះ​កីឡាករ​ថៃ​​ឈ្មោះ Ou Ronou បាន​ទេ ដោយសារ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង​មិនធម្មតា​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ ។

យ៉ាងណាមិញ យុគ យក្ស​គី​ល បាន​អះអាង​ថា មិន​ខ្លាច​ក្នុង​ការ​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​រូប​នេះ​សម្រាប់​លើក​ក្រោយ​នោះ​ទេ បើ​ទោះជា​លទ្ធផល​ស្មើគ្នា​លើក​នេះ ត្រូវ​គេ​មើលឃើញ​ថា ដោយសារ​តែ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ស្មើ​ដើម្បីលើកមុខ​ឱ្យ​បន្តិច​ប៉ុណ្ណោះ​។

យុគ យក្ស​គី​ល បាន​អះអាង​នៅ​ខាងក្រោយ​សង្វៀន​ថា កីឡាករ Ou Ranou ពិតជា​មាន​ជំហរ​រឹង​មាំ និង​ខ្លាំង​មិនធម្មតា​មែន ។ ជាក់ស្ដែង លោក​ប្រឹង​វាយ​បំ​បុក​ខ្លាំង​ណាស់​ដែរ​នៅ​តែ​បុក​មិន​ចូល ទើប​ក្នុង​ទឹក​ខ្លះ​ធ្វើ​ឱ្យ​លោក​ទ័ល​ទី ហើយ​ប្រើ​យុទ្ធសាស្ត្រ​វាយឆ្មក់​ទៅ​វិញ ដោយសារ​តែ​ជើង និង​ដៃ របស់​កីឡាករថៃ គឺ​ល្អ​ពិបាក​បំបែក ។ ប៉ុន្តែ​លោក​ថា អត់​ខ្លាច​សម្រាប់​ការ​ប៉ះ​គ្នា​ម្ដងទៀត​នោះ​ទេ ថ្វី​ដ្បិតតែ​លោក​មិន​ទាន់​ច្បាស់​ថា ការ​ជួប​គ្នា​ជា​ថ្មី​តើ​ពិបាក​ដូច​លើក​នេះ ឬ​អាច​ពិបាក​ជាង ឬ​អាច​ល្អ​ជាង​ក្ដី ។ លោក​បាន​ថ្លែង​នៅ​ពេល​ជជែក​ជាមួយ​អ្នក​ឱ្យ​ទឹក និង​អ្នកគាំទ្រ​ឈរ​មើល​ថា បំណាច់​បាន​ស្មើ​ម្ដង​ហើយ បើ​ប៉ះ​គ្នា​ម្ដងទៀត​ក៏​នឹង​ល្អមើល​ដែរ ដើម្បី​ដឹង​ថា​ទៅ​រួច​ឬ​ទៅ​មិន​រួច ។

មក​ទល់​ពេល​នេះ គេ​បានដឹង​ថា កីឡាករ យុគ យក្ស​គី​ល មានការ​ត្រៀមខ្លួន​ច្រើន​មុន
ពេល​ឡើង​សង្វៀន​ម្ដង​ៗ ទើប​តាំងពី​បាន​ល្បីឈ្មោះ​លោក​ត្រូវ​គេ​ឃើញ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ច្រើន​នាក់ ដូច​ជា​កីឡាករ Ou Rano នៅ​ក្នុង​ពេល​នេះ​ជាដើម ។ យុគ យក្ស​គី​ល ដែល​បាត់​មុខ​យូរ​នៅ​តែ​ខ្លាំង ពេល​ខ្លះ​ត្រូវ​គេ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ដដែល​រហូត​ទាល់​តែ​លោក​ប្រកែក​ក៏​មាន ដោយសារ​តែ​កីឡាករ​ថៃ​ខ្លះ​មាន​សមត្ថភាព​លើសលប់​ខ្លាំង​ពេក ដែល​លោក​មិន​អាច​នឹង​ស្ដារ​ជ័យជម្នះ​បាន​មក​វិញ ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​សរសើរ​ពី​សមត្ថភាព​របស់ យុគ យក្ស​គី​ល ប៉ុន្តែ​លោក​ថា បើ​ការ​ប្រកួត​មួយ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ វាយ​ដូច យុគ យក្ស​គី​ល គឺ​គេ​នឹង​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​ហើយ ។ លោក​ថា ​នេះ​ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​២​រូប​មក​ពី​កម្ពុជា និង​ថៃ ដោយ​លោក​បាន​ចាត់​ទុក​ការ​ប្រកួត​គូ​នេះ​ល្អមើល ប៉ុន្តែ​ក៏​មាន​ចំណុច​ស្ទក់​ៗ​មួយ​សា​ៗ​ផង​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​​ក៏​មិន​​ហ៊ាន​សម្រុក ហើយ យុគ យក្ស​គី​ល ក្រោយ​ពេល​សម្រុក​មិន​ចុះ​ក៏​បន្ថយ​កម្លាំង​ដៃ​វិញ ។

បើសិន​គូ​នេះ ​វាយ​គ្នា​ពេញទំហឹង លោក​ថា​ ប្រហែលជា​មាន​អ្នក​គ្រោះថ្នាក់ ហើយ​​ក៏​នឹង​ល្អមើល​ជាង​ហ្នឹង​ទៅ​ទៀត ប៉ុន្តែ​លោក​ក៏​មិន​ចង់ឱ្យ​ការ​ប្រកួត​ល្អ​ខ្លាំង ហើយ​លទ្ធ​ផល​ចុង​ក្រោយ កីឡាករ​កម្ពុជា និង​ថៃ ប៊ិះ​ស្លាប់​ប៊ិះ​រស់​នោះ​ទេ ។ លោក​នៅ​តែ​អះ​អាង​​ថា កីឡាករ​របស់​លោក​ប្រកួត​មិន​អស់​សមត្ថភាព ដោយសារ​តែ​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​របប​អាហារ​មិនសូវ​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​មិន​ដូច្នោះ​ទេ​កីឡាករ​របស់​លោក​ប្រកួត​ល្អ​ជាង​ហ្នឹង​ឆ្ងាយ​ណាស់ ។ ចំណែក​កីឡាករ​កម្ពុជា លោក​ថា​ក៏​ចំណាយ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មិន​ខុស​គ្នា​ផង​ដែរ ដោយ​គ្រាន់តែ​ជិត​ជាង​កីឡាករ​ថៃ​មួយ​កំណាត់​​ផ្លូវ​ត្រឹម​បាត់ដំបង​ប៉ុណ្ណោះ តែ​គេ​ល្អ​ជាង​ត្រង់​ការ​ស៊ាំ​នឹង​របប​អាហារ​នៅ​ភ្នំពេញ ខុស​ពី​កីឡាករ​ថៃ ។

លោក​ថា កីឡាករ​របស់​លោក​អត់​មាន​បញ្ហា​សុខភាព​នោះ​ទេ ប៉ុន្តែគេ​ហាក់​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​នៅ​កម្ពុជា ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​គេ​ថយ​ចុះ​គុណភាព បើ​ធៀប​នឹង​ពេល​គេ​ឡើង​រេញ ហើយ​ទើបតែ​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​ដល់​ទៅ​២​ក្នុង​ពេល​ថ្មី​ៗ ។

លោក​ប្រកាស​ថា នឹង​ឱ្យ​កីឡាករ​របស់​ខ្លួន​ឡើង​ប្រកួត​ជាមួយ យុគ យក្ស​គី​ល ជា​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី ដោយ​លោក​រំពឹង​ថា បើ​គ្មាន​រឿង​ភ្លាត់ស្នៀត និង​គ្មាន​បញ្ហា​សុខភាព គឺ​នឹង​ល្អមើល​ជាង​នេះ ហើយ​កីឡាករ​កម្ពុជា​ពិតជា​ពិបាក​តាម​ស្មើ​ជា​ថ្មី​នោះ​ផង ។ លោក​ក៏​បាន​បញ្ជាក់​ថា កីឡាករ​កម្ពុជា យុគ យក្ស​គី​ល ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ពិបាក​មើល​ស្រាល​​ផង​ដែរ ជា​ពិសេស​បន្ទាប់​ពី​អាច​យក​ស្មើ​ជាមួយ​កីឡាករ​របស់​លោក​ដែល​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ មុន​ពេល​លោក​ជ្រើស​មក​ប្រកួត ។ លោក​មិន​ទាន់​កំណត់​ពេល​វេលា ​ដើម្បី​ឱ្យ​ការ​ប្រកួតរបស់​គូ​នេះ​កើត​ឡើងជា​ថ្មី​នោះ​ទេ ដោយ​រង់ចាំ​ឱ្យ​កីឡាករ​ម្ខាង​ៗ​មាន​ពេល​ត្រូវ​គ្នា និង​ទទួលយក​ការ​ប្រកួត​ដូច​គ្នា​សិន ដើម្បី​កុំឱ្យ​មាន​​បញ្ហា​រឿង​អ្នក​នេះ​មាន​បញ្ហា​សុខភាពឬ​អត់​ពេល​ហ្វឹកហាត់​នាំ​ឱ្យ​មានការ​ប្រកាសថា​មិន​សុខចិត្ត​ទៀត ។

លោក​ថា កីឡាកររបស់​លោក​បើ​កុំ​មានរឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​មិនសូវ​បាន​សម្រាក​ពេល​​មក​ដល់​កម្ពុជា ស្ថានភាព​ប្រកួត​ពិតជា​កក្រើក ហើយ​ស្រួល​មិន​ស្រួល​កីឡាករ​ជើង​ខ្លាំង យុគ យក្ស​គី​ល អាច​នឹង​ទប់​មិន​ជាប់ ឬ​ភ្លាត់ស្នៀត​ក៏​ថា​បាន ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ លោក​ដឹង​តាំងពី​បើក​ឆាក​ការ​ប្រកួត​ថា កីឡាករ​ទាំង​ពីរ​នឹង​មិន​ស៊ីសង​គ្នា​ទេ ដោយសារ​តែ​កីឡាករ​របស់​លោក​ដ្បិតថា​រឹង​ជំហរ​ជាង ប៉ុន្តែ​បច្ចេកទេស​របស់​គេ​ពេល​​ប៉ះ​ជាមួយ យុគ យក្ស​គី​ល គឺ​នៅ​មាន​កម្រិត ហើយ​លោក​ដឹង​ទៀត​ថា គេ​ពិតជា​មិន​វាយ​ខ្លាំងក្លា​ដូច​នៅ​ប្រទេស​ថៃ​នោះ​ទេ ទើប​លទ្ធផល​ស្មើ​គឺជា​រឿង​ល្អ​មួយ​ដែល​លោក​យល់​ថា​សម​ស្រប​សម្រាប់​ជើង​ខ្លាំង​ទាំង​២៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ