ប្រទេសកូរ៉េទាំង២ ៖ ដើមឆ្នាំ២០១៨នេះ សភាពការណ៍នៅឧបទ្វីបកូរ៉េហាក់មានភាពធូរស្រាល ខណៈមេដឹកនាំរបស់កូរ៉េទាំង២គ្រោងជួបគ្នាកំពូលលើកទី៣ នាថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ។ បន្ទាប់ពីការជួបគ្នាកំពូលនេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងជួបគ្នាកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយពីការគំរាមកំហែងខ្លាំងដាក់គ្នាទៅវិញទៅមក រកកល់នឹងផ្ទុះសង្គ្រាមនុយក្លេអ៊ែរទៅហើយនេះ ។
ចំពោះការវិវត្តថ្មីនេះនៅឧបទ្វីបកូរ៉េ នាំឱ្យគេមានសង្ឃឹមថា សង្គ្រាមថ្មីនៅទីនោះនឹងអាចចៀសវាងបាន រួចកូរ៉េទាំង២អាចឈានទៅបង្រួបបង្រួមគ្នាគួរឱ្យភ្ញាក់ផ្អើល ។
យើងងាកមករំឭកពីសង្គ្រាមនៅឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០ដល់១៩៥៣ ថាតើសង្គ្រាមនេះចាប់ផ្តើមបែបណា ហើយសាហាវបែបណា?

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥ថ០ ជាការចាប់ផ្តើមសង្គ្រាមកូរ៉េ ។ យប់ថ្ងៃទី២៤ ទៅ២៥ ខែមិថុនា ឆ្នាំ១៩៥០ ចាប់ពីម៉ោង៤ទៀបភ្លឺ កងទាហានកូរ៉េខាងជើង៦០០.០០០នាក់ បានលើកឆ្លងកាត់ខ្សែបន្ទាត់បែងចែកព្រំដែននៅខ្សែស្របទី៣៨ រវាងកូរ៉េខាងជើងកុម្មុយនីស្ត និងកូរ៉េខាងត្បូងស្និទ្ធលោកខាងលិច ។
នេះជាការចាប់ផ្តើមសង្គ្រាមកូរ៉េ ។ ៣ថ្ងៃក្រោយមក ក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង
ធ្លាក់ក្នុងដៃពួកកុម្មុយនីស្ត ។ នៅទីនោះការប្រយុទ្ធគ្នាពិតជាសាហាវ និងយ៉ាងបង្ហូរឈាមពុំធ្លាប់មាន ចាប់តាំងពីអាល្លឺម៉ង់និងជប៉ុន សុខចិត្តចុះចាញ់សង្គ្រាមជាមួយការគំរាមនាពេលនោះដោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផង ។
ស្ថិតក្រោមអាណានិគមរបស់ជប៉ុនចាប់ពីឆ្នាំ១៩១០មក អតីតរាជាណាចក្រកូរ៉េត្រូវបានរំដោះរួមគ្នាដោយពួកសហភាពសូវៀត និងពួកអាមេរិក ក្នុងឆ្នាំ១៩៤៥ ។ ដូចការព្រមព្រៀងក្នុងសន្និសីទក្រុង YALTA អ្នកឈ្នះទាំង២ បានពុះបំបែកប្រទេសនេះជា២តំបន់កាន់កាប់នៅត្រឹមខ្សែស្របទី៣៨ ។ ប៉ុន្តែសង្គ្រាមត្រជាក់មួយក៏ផ្ទុះឡើង នាបន្តិចក្រោយមក ធ្វើឱ្យខ្សែបន្ទាត់បែងចែកនេះក្លាយទៅជាកន្លែងមានភាពតានតឹងជាអន្តរជាតិយ៉ាងខ្លាំងមួយ ។ ដូច្នេះ អង្គការសហប្រជាជាតិ(អ.ស.ប) ក៏សម្រេចបង្កើតរដ្ឋ២ដាច់ដោយឡែកពីគ្នាក្នុងឆ្នាំ១៩៤៨ ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង
មានក្រុងព្យុងយ៉ាងជារដ្ឋធានី) ដឹកនាំក្នុងកណ្តាប់ដៃដែក ដោយអគ្គលេខាបក្សពលករកូរ៉េ លោក គីម អ៊ីលស៊ុង ដែលកាលនោះមានអាយុ៣៨ឆ្នាំ ។
សាធារណរដ្ឋកូរ៉េ គឺកូរ៉េខាងត្បូងមានក្រុងសេអ៊ូលជារដ្ឋធានី ដឹកនាំពុំសូវផ្តាច់ការ ដោយលោក SYNGMAN RHEE អាយុ៧៥ឆ្នាំ ជាមនុស្សគិតតែពីប្រាក់ និងពុករលួយ ។

នាថ្ងៃនៃការវាយប្រហាររបស់កូរ៉េខាងជើងប្រធានាធិបតីសហរដ្ឋអាមេរិក លោក HARRY TRUMAN បានប្តឹងតវ៉ានៅ អ.ស.ប ។ ស្ថាប័នអន្តរជាតិនេះដែលនៅក្មេងខ្ចីនៅឡើយ បានបង្កើតកងកម្លាំងអន្តរជាតិមួយ ដើម្បីស្តារសន្តិភាពឡើងវិញក្នុងតំបន់ ។
ការសម្រេចនេះអាចទៅរួច ដោយសារអវត្តមានរបស់ពួកសហភាពសូវៀត ដែលចាប់តាំងពីច្រើនខែមកហើយ ធ្វើពហិការក្នុងក្រុមប្រឹក្សាសន្តិសុខ ។
កងកម្លាំងអន្តរជាតិនេះ ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ DOUGLAS MACARHTUR បានបញ្ជូនមកឧបទ្វីបកូរ៉េ ហើយការពារមិនឱ្យកងទ័ពកូរ៉េខាងជើងលុកលុយចូល PUSAN នាភាគអាគ្នេយ៍កូរ៉េខាងត្បូង ។ លោកឧត្តមសេនីយ៍រូបនេះ បើកការវាយលុកតបតវិញនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៥០ ដណ្តើមយកទីក្រុងសេអ៊ូល បានវិញនាថ្ងៃទី២ ខែតុលា វាយរុញច្រានកងទ័ពកូរ៉េខាងជើង ឆ្ពោះទៅភាគខាងជើងឆ្លងកាត់ខ្សែស្របទី៣៨ និងចូលរហូតដល់ព្រំដែនជាមួយចិន ។
ក្នុងស្ថានភាពអស់សង្ឃឹម កូរ៉េខាងជើងទទួលការជួយទ្រទ្រង់របស់ពួកអ្នកស្ម័គ្រចិត្តយ៉ាងច្រើនបំផុតមកពីចិន ដែលនៅទីនោះបដិវត្តន៍កុម្មុយនីស្ត ទើបដណ្តើមបានជ័យជម្នះនាប៉ុន្មានខែមុននេះ ។ កងទាហានចិនសរុបចំនួន១៨០.០០០នាក់ បានឆ្លងកាត់ទន្លេ YALOU ជាទន្លេបែងចែកព្រំដែនចិន-កូរ៉េខាងជើង ។
ដោយពុំអាចទប់ទល់បានចំពោះរលកធំនៃការវាយលុកនេះ កងទ័ព អ.ស.ប ត្រូវដកថយទៅភាគខាងត្បូងខ្សែស្របទី៣៨ ហើយដោយមានការបញ្ជូនកម្លាំងបន្ថែមអាចឈរជើងនៅត្រង់អតីតខ្សែបន្ទាត់បែងចែកព្រំដែន ។ ចិនត្រូវទទួលការថ្កោលទោសដោយ អ.ស.ប ។ ក៏ប៉ុន្តែឧត្តមសេនីយ៍ MACARTHUR ពុំពេញចិត្តចំពោះការថ្កោលទោសខាងការទូតនេះឡើយ ហើយទាមទារឱ្យមានអន្តរាគមន៍ខាងអាកាសប្រឆាំងបណ្តាមូលដ្ឋានខាងក្រោយរបស់កូរ៉េខាងជើងស្ថិតនៅ MANDCHOURIE ខាងផ្នែកម្ខាងទៀតនៃព្រំដែនជាមួយចិន ។
តាមសារព័ត៌មាន ឧត្តមសេនីយ៍រូបនេះទាមទារឱ្យមានការទម្លាក់គ្រាប់បែកបរមាណូ២០ ឬ៣០គ្រាប់ លើតំបន់ MANDCHOURIE ។
ពិភពលោកទាំងមូលពេលនោះភ័យខ្លាចខ្លាំងណាស់ ។ នៅតាមបណ្តាទីក្រុងលោកខាងលិច ពួកបាតុករលើកគ្នាដើរដង្ហែក្បួនតាមដងវិថីប្រឆាំងសង្គ្រាមនេះ ។ មតិសាធារណៈពិភពលោក បានធូរស្រាលអារម្មណ៍យ៉ាងខ្លាំង ដោយប្រធានាធិបតីអាមេរិក លោក TRUMAN ដកឧត្តមសេនីយ៍រូបនោះមកស្រុកវិញនាថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥១ ហើយជំនួសដោយលោកឧត្តមសេនីយ៍ MATTHEW RIDGWAY ដែលប្រកាន់យកសង្គ្រាមមួយប្រើអាវុធធម្មតា ។
នោះជាជម្លោះយ៉ាងបង្ហូរឈាមបំផុតមួយ។ ការចរចាសន្តិភាពត្រូវបានសន្យាធ្វើរវាងភាគីទាំង២ ប៉ុន្តែវាចេះតែអូសបន្លាយពេល ទាល់តែក្រោយពេល ស្តាលីន មេដឹកនាំសហភាពសូវៀត ជាអ្នកការពារកូរ៉េខាងជើងទទួលមរណភាព ទើបដំណើរការសន្តិភាពដើរទៅមុខ ។
៤ខែក្រោយពីមរណភាពរបស់ស្តាលីន យុទ្ធសន្តិភាព ARMISTICE មួយត្រូវបានចុះហត្ថ
លេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ នៅភូមិប៉ានមុនហ្សូម លើខ្សែស្របទី៣៨ ។
ការបែងចែកកូរ៉េ ត្រូវអះអាងដោយសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ។ ដោយរងការបំផ្លាញដោយសង្គ្រាម ហើយដឹកនាំរហូតដល់ឆ្នាំ១៩៦០ ដោយលោក SYNGMAN RHEE ដែលស្រឡាញ់តែប្រាក់ កូរ៉េខាងត្បូងរងការលំបាកខ្លាំងរហូតដល់ឆ្នាំ១៩៧៤ ។
សង្គ្រាមកូរ៉េជាជម្លោះយ៉ាងបង្ហូរឈាមបំផុតនៅពាក់កណ្តាលទី២នៃសតវត្សរ៍ទី២០ ។ គេវាយតម្លៃពីមនុស្សស្លាប់ថាមានចំនួន៣៨.៥០០នាក់ខាងកងកម្លាំង អ.ស.ប ហើយកងទ័ពកូរ៉េខាងត្បូងបាត់បង់៧០.០០០នាក់ ។ ចំណែកខាងយុទ្ធជនកូរ៉េខាងជើង និងចិនស្លាប់ដល់២លាននាក់ ។ នេះនៅពុំទាន់រាប់បញ្ចូលជនស៊ីវិលដែលស្លាប់យ៉ាងច្រើនដោយសារការទម្លាក់គ្រាប់បែក ព្រមទាំងស្លាប់ដោយជំងឺឆ្លងនានា ដែលអាចដល់៣លាននាក់ផងទេ ៕
ចែករំលែកព័តមាននេះ