ទីក្រុងកៀវ៖ រុស្ស៊ីវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លាពេញមួយរាត្រី បណ្ដាលឱ្យរបួសមនុស្សយ៉ាងតិច២៣នាក់។ នៅក្នុងចំណោមនោះ ១៤នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រៅពីនេះ ស្ថានីយរថភ្លើងក៏រងការខូចខាត, អគារស្នាក់នៅរបស់ប្រជាជន និងរថយន្តជាច្រើនគ្រឿងត្រូវឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គេស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នស្រែកកងរំពងរយៈពេល៨ម៉ោងទម្រាំបាត់ទៅវិញ។
កងទ័ពអាកាសអ៊ុយក្រែនអះអាងថារុស្ស៊ីបញ្ជូនដ្រូន៥៣៩គ្រឿង និងមីស៊ីល១១គ្រាប់វាយប្រហារកាលពីយប់មិញ។ ទីក្រុងកៀវរងការវាយប្រហារខ្លាំងជាងគេ។ នេះបើយោងតាមការបញ្ជាក់របស់កងទ័ពអាកាសដែលបង្ហោះសារនៅលើតេឡេក្រាម។ នៅក្នុងចំណោមខណ្ឌទាំងដប់របស់ទីក្រុងកៀវ ខណ្ឌចំនួន៦ដែលស្ថិតនៅលើត្រើយទន្លេឌីនីប្រូទាំងសងខាងសុទ្ធតែរងការវាយប្រហារ។ អ៊ុយក្រែនខិតខំបាញ់ទម្លាក់ដ្រូនទាំងនោះ។ ប៉ុន្តែពេលខ្លះបំណែករបស់ដ្រូនធ្លាក់ទោលើអគារមន្ទីរពេទ្យបង្កជាភ្លើងឆេះ។
នេះជាការវាយប្រហារថ្មីបំផុតរបស់រុស្ស៊ីទៅលើទីក្រុងកៀវដែលមានសភាពខ្លាំងក្លាឡើងជាលំដាប់នារយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ។ ជាពិសេស រុស្ស៊ីចង់បញ្ចេញកំហឹងក្រេវក្រោធឆ្លើយតបទៅករណីដែលអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើនកន្លែងបំផ្លាញសុទ្ធតែយន្តហោះចម្បាំងល្អៗ និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអស់រាប់សិបគ្រឿង។
ទន្ទឹមនឹងពេលដែលសង្គ្រាមកើតឡើង ការចរចាគ្នាក៏ចេះតែកើតមានជាហូរហែ។ កាលពីយប់មិញ លោកត្រាំ និងលោកពូទីនសន្ទនាគ្នាតាមទូរស័ព្ទ។ ប៉ុន្តែលោកត្រាំថ្លែងថានិយាយគ្នាអស់ជាច្រើនម៉ោងគ្មានចេញជាសាច់ការអ្វីទាំងអស់។ ទោះជាយ៉ាងណាក្ដី វិមានក្រឹមឡាំងនិយាយបែបភាសាការទូតថាខ្លួននៅតែមានជំហរចង់បញ្ចប់សង្គ្រាមនេះជានិច្ច។ សំខាន់ត្រូវតែដោះស្រាយប្រភពនៃបញ្ហា។ នោះគឺឫសគល់ដែលនាំឱ្យកើតសង្គ្រាមអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ