ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ឮ​អត់ «​ឆ្កែ​មើលឃើញ​ខ្មោច​» អាន​អត្ថបទ​នេះ​រួច​អ្នក​នឹង​ដឹង

6 ឆ្នាំ មុន

ជិត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំច​(​ឆ្កែ​) កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​រឿងព្រេង​និទាន​អំពី​សត្វ​ឆ្កែ​មើលឃើញ​ខ្មោច ។ រឿងព្រេង​និទាន​ថា ៖ ជា​ហេតុភេទ​ស្រុក​, ខ្ញុំបាទ​ធ្លាប់​បានឮ​ម្ដាយ​និង​ឪពុក​ខ្ញុំ​គាត់​និទាន​ប្រាប់​ខ្ញុំ​ថា ៖ បើ​ឮ​ឆ្កែ​លូ…

ជិត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំច​(​ឆ្កែ​) កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​រឿងព្រេង​និទាន​អំពី​សត្វ​ឆ្កែ​មើលឃើញ​ខ្មោច ។ រឿងព្រេង​និទាន​ថា ៖ ជា​ហេតុភេទ​ស្រុក​, ខ្ញុំបាទ​ធ្លាប់​បានឮ​ម្ដាយ​និង​ឪពុក​ខ្ញុំ​គាត់​និទាន​ប្រាប់​ខ្ញុំ​ថា ៖ បើ​ឮ​ឆ្កែ​លូ ឬ​ព្រុស​នៅ​ពេល​កណ្ដាលអធ្រាត្រ​ស្ងាត់ នៅ​ភូមិ​ណា ស្រុក​ណា ដែល​ក្រៅ​អំពី​ក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិ​នោះ​ច្រើន​កើត​ជំងឺ ពុំ​សូវ​បាន​សេចក្ដីសុខ​ទេ ដ្បិត​ខ្មោច​បិសាច​វា​ដើរ​រាតត្បាត​ធ្វើ​មនុស្ស​ឲ្យ​ឈឺចាប់​សឹងតែ គ្រប់​ៗ​គ្នា ព្រោះ​ឆ្កែ​មើលឃើញ​ខ្មោច ។

ដំណើរ ចាស់​ៗ ថា ឆ្កែ​មើលឃើញ​ខ្មោច​នោះ អាស្រ័យ​ដោយ​រឿង​ដើម​ថា ៖យូរយារ​ណាស់​មក​ហើយ មាន​បុរស​ម្នាក់ ដើរទៅ​មើល​គេ​លៀង​មេមត់ ប៉ុន្តែ​មិន​បាន​ប្រាកដ​ឈ្មោះ​បុរស​នោះ​ដើរ​ក្បែរ​ដី​ទួល​មួយ​ដែល​មានព្រៃ​ស៊ុមទ្រុម គេ​កប់ខ្មោច​ក្នុង​ព្រៃ​នោះ​ជា​ច្រើន ។ លុះដល់​ទន្ទឹម​ព្រៃ​នោះ​មាន​ខ្មោច​ស្រែកហៅ​គាត់​ថា ៖ ពូ​ៗ ផ្ដាំ​ទៅ​ប្រាប់​ប្រពន្ធ​ឲ្យ​មក​ផង ។

បុរស​នោះ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ គាត់​ដឹង​ថា​ខ្មោច​ហៅ​ពិត​ណាស់ ប៉ុន្តែ​គាត់​ធ្វើ​ព្រងើយ ហើយ​ឆ្លើយ​ទៅ​វិញ​ថា ៖

-​ប្រពន្ធ​ឯង​នៅឯណា ?
ខ្មោច​ឆ្លើយ​មក​វិញ​ថា ៖
-​ប្រពន្ធ​ខ្ញុំ​នៅ​ឯ​ផ្ទះ​គេ​លៀងអារក្ស​ឯនោះ !
បុរស​ឮ​ហើយ​សួរ​ទៅ​វិញ​ថា ៖
-​ចុះ​ឯង ឲ្យ​អញ​ប្រាប់​ម៉េច​បាន ? បើ​អញ​មើល​ប្រពន្ធ​ឯង​មិនឃើញ​នោះ !

ក្នុង​ពេល​នោះ​ខ្មោច​ក៏​ឲ្យ​ប្រទាល​ប្រហោង គឺ​ថ្នាំ​សម្រាប់​មើល​ខ្មោច​ឃើញ​ទាំងអស់ ។ ខ្មោច​ឲ្យ​ប្រទាល​នោះ​ទៅ​ហើយ ប្រាប់​ទាំង​ឈ្មោះ​ប្រពន្ធ​វា​ផង ។ បុរស​នោះ​កាលបើ​បាន​ប្រទាល​ប្រហោង​នោះ​ហើយ មើលឃើញ​ខ្មោច​នៅ​ពេញ​តែព្រៃ​, គាត់​ចេះ​តែ ដើរទៅ ៗ គ្មាន​ភិតភ័យ​ខ្លាច​អ្វី​ឡើយ ។ គាត់​ដើរ​តម្រង់​ទៅ​ផ្ទះ​ណា​គេ​លៀងអារក្ស លុះដល់​ផ្ទះ​នោះ​ហើយ គាត់​ឃើញ​ខ្មោច ស្រី​ៗ កំពុងស៊ី​ពែ​សំណែន​ដែល​សែន​នៅ​ពោរពេញ ជា​ច្រើន​គ្នា​ណាស់ ។ បុរស​នោះ​ស្រែកហៅ​ទៅ​តាម​ឈ្មោះ​ដែល​ប្ដី​វា​ផ្ដាំ​មក ហើយ​បោយ​ដៃ​ហៅ​ចំ​ពីមុខ និយាយ​ថា ៖

-​ប្ដី​នាង​ឲ្យ​ទៅ​ឲ្យ​ឆាប់ ព្រោះ​កូន​យំ​ខ្លាំង​ណាស់ !
ខ្មោច​នឹក​ឆ្ងល់​ថា ម៉េច​ក៏​បុរស​នោះ​មើលឃើញ​អញ ទើប​ដើរ​សំដៅ​ទៅ ហើយ​សួរ​ថា ៖
-​ចុះ​អ្នកឯង​ម៉េច​ក៏​មើល​យើង​ឃើញ ?
បុរស​នោះ​ក៏​បង្ហាញ​ប្រទាល​ប្រហោង ហើយ​ឆ្លើយ​ថា ៖
-​នេះ​ជា​ប្រទាល​ដែល​ប្ដី​នាង​ឲ្យ​យើង បានជា​យើងមើលឃើញ ។

ខ្មោច​នោះ​គ្រាន់តែ​ឃើញ​ប្រទាល​នោះ​ភ្លាម ស្ទុះ​ទៅ​ដណ្ដើម​យក ប៉ុន្តែ​បុរស​នោះ​ពុំ​ព្រម​ឲ្យ ក៏​មានការ​ប្រវាយប្រតប់​គ្នា ដណ្ដើម​ប្រទាល​ប្រហោង​នោះ ។ បុរស​ចេះ​តែ​ស្រែកហៅ​ឲ្យ​គេឯង​ជួយ ប៉ុន្តែ​អ្នក​ទាំងអស់​មើលទៅ​ពុំ​ឃើញ​ប្រយុទ្ធ​ជាមួយ​នរណា​សោះ ឃើញ​តែ​ស្ទុះស្ទា​តែ​ម្នាក់ឯង ម្ល៉ោះហើយ​គេ​នាំ​គ្នា​ទៅ​ជា​ស្រឡាំងកាំង​រក​ជួយ​មិនកើត ។ លុះ​ប្រវាយប្រតប់​គ្នា​អស់​មួយសន្ទុះ​ធំ បុរស​ក៏​ចង់​រសាយដៃ ក៏​របូត​ប្រទាល​នោះ​ពី​ដៃ​ទៅ ។ ខ្មោច​ស្ទុះ​ប្រុង​រើស​យក តែ​ពេល​នោះ​ឆ្កែ​ឃើញ​ភ្លាម ស្ទុះភ្លែត​មក​ត្របាក់​លេប​ចូល​ទៅ​ក្នុង​ពោះ​បាត់​ទៅ ។ ហេតុនេះ​ហើយ​បានជា​ឆ្កែ​មើល​ខ្មោច​ឃើញ ។

ដោយសារ​មានរឿង​និទាន​យ៉ាងនេះ បានជា​មាន​ជំនឿ​ថា ឆ្កែ​វា​មើល​ខ្មោច​ឃើញ បើ​ឆ្កែ​ព្រុស​លូ​ក្នុង​ពេល​យប់ ព្រោះ​វា​ឃើញ​ខ្មោច​ដើរ ។ មួយវិញទៀត មាន​មនុស្ស​ច្រើន​ណាស់ ដែល​នៅ​ជឿជាក់​ហើយ​ខំ​ស្វែងរក​ប្រទាល​ប្រហោង ដើម្បី​យក​មក​ប្រើ​ការ​សក្ដិ​សិទ្ធិ ផ្សេង​ៗ ៕

ដកស្រង់ពី​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​អត្ថបទ​រៀបរៀង​ដោយ​លោក ​កៅ​-​យី នៅ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ