ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​នវានុវត្តន៍​ជាតិ អនុញ្ញាត​ឱ្យ​មហាជន​ចូល​ស្រាវជ្រាវ​ដោយ​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​នវានុវត្តន៍​(Innovation Center) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស និស្សិត បញ្ញវន្ត មក​ពី​សាកលវិទ្យាល័យ​នានា…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​នវានុវត្តន៍​(Innovation Center) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស និស្សិត បញ្ញវន្ត មក​ពី​សាកលវិទ្យាល័យ​នានា ក៏​ដូច​ជា​យុវជន​ដែល​មានគំនិត​ច្នៃប្រឌិត​ខាង​បច្ចេកវិទ្យា អាច​ចូល​មក​សិក្សា​ស្រាវជ្រាវ​ដោយ​សេរី ដោយ​ផ្ដល់​នូវ​បណ្ដាញ​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ពី​បណ្ដា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅ​កម្ពុជា​ទាំងអស់ និង​ប្រទេស​ជា​ដៃគូ​ដទៃ​ទៀត ។

លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​នេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ដល់​និស្សិត និង​សាធារណជន​ទូទៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ការ​ចាប់ផ្តើម​ធុរកិច្ច​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ការ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« Innovation Center ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ជាតិ​សម្រាប់​មហាជន​ទូទៅ ពិសេស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​រង និង​ថ្នាក់បណ្ឌិត ជាដើម អាច​មក​ធ្វើការ​ស្រាវជ្រាវ​នៅ​ទី​នេះ​បាន ដោយ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន​ដែល​មានគំនិត​បង្កើត​អាជីវកម្ម ក៏​អាច​មក​ទី​នេះ​ដើម្បី​ធ្វើការ​ជាមួយ​អ្នកបច្ចេកទេស​ផ្សេង​ទៀត ហើយ​ក្រុមហ៊ុន​នានា​ក៏​អាច​អញ្ជើញ​ដើម្បី​ស្វែងរក​ធន​ធាន​មនុស្ស​ទៅ​កសាង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ខ្លួន​បន្ថែម​ផង​ដែរ ។ ដូច្នេះ វា​ជា​មជ្ឈ​មណ្ឌល​​មួយ​មិនមែន​សម្រាប់​តែ​និស្សិត​នៅ​វិទ្យាស្ថាន​យើង​ទេ តែ​យើង​ក៏​ទទួលយក​នូវ​ក្រុមការងារ​ស្រាវជ្រាវ​របស់​សាលា​ផ្សេង​ៗ​ផង​ដែរ ព្រោះថា​ការ​ស្រាវជ្រាវ​មិនមែន​ត្រឹម​តែ​មួយ​ជំនាញ​នោះ​ទេ គឺ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ICT សម្រាប់​សុខាភិបាល​, ការ​អប់រំ​, កសិ​កម្ម​, ឧស្សាហកម្ម និង​ការ​កម្សាន្ដ ជាដើម ។ ដូច្នេះ យើង​ផ្ដល់​ឱកាស​ដល់​មហាជន​គ្រប់​មជ្ឈដ្ឋាន​ដែល​ចង់​ស្រាវជ្រាវ​ជំនាញ​បច្ចេកវិទ្យា ICT » ។

លោក​បន្ដ​ថា ៖« មជ្ឈមណ្ឌល​នេះ យើង​ចែក​ជា​ជាន់ ដោយ​ជាន់​ទី​១ យើង​បើកឱកាស​ឲ្យ​មហាជន​ចូល​ស្រាវជ្រាវ​ដោយ​សេរី និង​ឥត​គិតថ្លៃ ដោយ​មាន​ផ្ដល់​នូវ​អ៊ីន​ធើ​រ​ណេ​ត​ល្បឿន​​លឿន និង​មានការ​តុបតែង​រចនា​ស្អាត ។ ដូច្នេះ យុវជន​យើង​ដែល​ចង់​មក​ជួប​គ្នា ចង់​មក​ជជែក​គ្នា​ពី​រឿង​បច្ចេកវិទ្យា ឬ​មានកម្ម​វិធី​ផ្សេង​ៗ អាច​មក​ទី​នេះ​បាន​ដោយ​សេរី ។

ចំណែក​នៅ​ជាន់​ទី​២ សម្រាប់​យុវជន​ណា​បាន​ឆ្លងកាត់​ការ​ជ្រើសរើស​ដែល​មានគំនិត​ល្អ​ៗ ហើយ​បើសិនជា​មាន​គម្រោង​ល្អ គឺ​យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​មាន​ការិយាល័យ​មួយ​នៅ​ទី​នេះ​ដើម្បី​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​តែ​ម្ដង ព្រោះ​យើង​ដឹង​ហើយ​ថា យុវជន​យើង​មិន​មាន​ថវិកា​ឯណា​ទៅ​ជួល​Office​នោះ​ទេ ។ មួយទៀត​សោត យើង​នឹង​មាន​ជា​បណ្ដាញ​ផ្សេង​ៗ​ក្នុង​ការ​ជួយ​ជា​យោបល់​ដូច​ជា ការ​ធ្វើ​ទីផ្សារ ការ​កៀរ គរ​ហិរញ្ញវត្ថុ និង​ការ​ប្រមូល​ធនធាន​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​គំនិត​អាជីវកម្ម​របស់​គាត់​ហ្នឹង អាច​ក្លាយជា​ការ​ពិត ហើយ​នៅ​ពេល​អាជីវកម្ម​ទទួល​បាន​ប្រាក់​ចំណេញ គាត់​អាច​ចេញពី​ទី​នេះ​ទៅ​បង្កើត​អាជីវកម្ម​នៅ​ទីក្រុង​បាន ។ រីឯ​ជាន់​ដទៃ​ទៀត គឺ​សម្រាប់​ការ​ស្រាវជ្រាវ​ដោយ​យើង​មាន​បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ បន្ទប់​ទូរគមនាគមន៍​ជាដើម​ដែល​អាច​ឲ្យ​យុវជន​មាន​លទ្ធភាព​ធ្វើការ​ស្រាវ​ជ្រាវ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ទាំង​អស់នោះ » ។

« ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​ទាំង​អស់នេះ ទទួល​បាន​ពី​ដៃគូ​នានា ដូច​ជា សាលា​តិច​ណូ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ក្រុមហ៊ុន​ជា​ដៃគូ ផ្សេង​ៗ​ទៀត ដែល​បាន​ផ្ដល់​អ្នកជំនាញ និង​មូលនិធិ​ក្នុង​ការ​គាំទ្រ​ឲ្យ​ដំណើរការ ព្រោះថា យើង​ផលិត​ធនធានមនុស្ស​ទាំងអស់ ក៏​ដើម្បី​ពួក​គាត់​ដែរ »​។ នេះ​បើ​តាម​លោក​បណ្ឌិត​ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​បញ្ជាក់ ។

មជ្ឈមណ្ឌល​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​៧.៥០០​ម៉ែត្រក្រឡា មាន​កម្ពស់​៤​ជាន់ ស្ថិត​ក្នុង​បរិវេណ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌​មាន ហៅ​កាត់​ថា «​វិទ្យាស្ថាន​ជាតិ​និ​ប​ទី​ក​» (NIPTICT) នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វា ដោយ​បាន​ចាប់ផ្ដើម​បុក​គ្រឹះ​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ម្សិលមិញ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​រយៈពេល​១៨​ខែ​ខាង​មុខ ។ ការ​សាងសង់​មជ្ឈ​មណ្ឌល​នេះ ដោយ​ប្រើប្រាស់​ថវិកា​ជិត​៤​លាន​ដុល្លារ បាន​មក​ពី​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព និង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ICT (​ហៅ​កាត់​ថា មូលនិធិ ស​.​អ​.) ដែល​ជា​មូលនិធិ​មួយ​កើត​ចេញ​អំពី​ការ​បង់ប្រាក់​ចំណូល​ដុល​១% របស់​ប្រតិបត្តិ​ករ​ទូរគម​នាគមន៍ ហើយ​ក្នុង​នោះ ក្រុមហ៊ុន Smart Axiata ជា​ដៃគូ​ឧបត្ថម្ភ​ដ៏​ធំ​មួយ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក Thomas Hundt បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ស្មា​ត​នៅ​តែ​បន្ដ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដើម្បី​ដំណើរការ ។

លោក​ថ្លែង​ថា ៖« មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ឱកាស​ដល់​កម្ពុជា​បង្ហាញ​ពី​សមត្ថភាព​នវានុ​វត្តន៍​របស់​ខ្លួន ហើយ​យើង​ជឿជាក់​ថា មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ឱកាស​ដល់​និស្សិត សហ​គ្រិន​បច្ចេកវិទ្យា និង​សហគមន៍ Tech Startup ក្នុង​ការ​បង្កើត និង​បង្ហាញ​គំនិត​នវានុវត្តន៍ ជំនាញ និង​ការ​នាំមុខ​ទៅ​កាន់​ឌី​ជី​ថ​ល តាម​រយៈ​របកគំហើញ​ថ្មី​ៗ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា »​។

លោក​មាន​សុទិដ្ឋិនិយម​ថា ៖« មជ្ឈមណ្ឌល​នេះ​នឹង​ពង្រឹង លើកទឹកចិត្ត និង​កសាង​យុគ​សម័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​ឆ្ពោះទៅ​កាន់​យុគ សម័យ​ឌី​ជី​ថ​ល និង​ICT ឲ្យ​ស្រប​ជាមួយ​ប្រទេស​ក្នុង​តំបន់ » ។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ី​វ​តឹក មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ជំរុញ​ដល់​ការ​ស្រាវជ្រាវ​នវានុវត្តន៍ និង​ការ​លើកកម្ពស់​សហគ្រិនភាព​ផ្នែក​ICT​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នា​ឱកាស​នោះ​ថា ៖« ខ្ញុំ​សង្ឃឹម​ប្រកបដោយ​សុទិដ្ឋិនិយម នៅ​រយៈពេល​១៨​ខែ​ទៀត អគារ​មជ្ឈមណ្ឌល​នវានុវត្តន៍​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ និង​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ ពិសេស​សហគ្រិន​បច្ចេកវិទ្យា​វ័យក្មេង និង​សិស្សានុសិស្ស ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ពី​អគារ​នេះ » ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« អគារ​នេះ នឹង​ត្រូវ​សាងសង់​ឡើង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ដល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ទូរគមនាគមន៍ និង​ICT ស្រប​តាម​គោល​នយោ​បាយ​​អភិវឌ្ឍន៍​វិស័យ​ICT​របស់​កម្ពុជា ដែល​មាន​គោលដៅ​ចម្បង​ចំនួន​៣​គឺ​៖ ១-​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ។ ២-​ជំរុញ​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​៣-​ជំរុញ​ការ​បង្កើត​អាជីវកម្ម​ថី្ម​ៗ​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន »​។

លោក​រដ្ឋមន្ត្រី​បន្ដ​ទៀត​ថា ៖« អគារ​នេះ នឹង​ក្លាយជា​កន្លែង​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា កន្លែង​ពិសោធន៍​សម្រាប់​និស្សិត​IT កន្លែងធ្វើការ​រួម​គ្នា (Co-Working Space) សាលសន្និសីទ​-​ប្រជុំ និង​ពិព័រណ៍ ជា​មជ្ឈមណ្ឌល​ទិន្នន័យ ការិយា​ល័យ​សម្រាប់​ក្រុមហ៊ុន ទីភ្នាក់ងារ រដ្ឋាភិបាល និង​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធន​ធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិន​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល » ។

ប្រទេស​កម្ពុជា​មាន​យុវជន​វ័យក្មេង​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​ដែល​ជាង​៦០%​មាន​អាយុ​ក្រោម​៣០​ឆ្នាំ ជា​កម្លាំង​ច​លករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា ហើយ​​ក៏​ជា​កម្លាំង​មួយ​ដែល​កម្ពុជា​អាច​មាន​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់​ផង​ដែរ នៅ​ពេល​ដែល​អាជីវកម្ម​បច្ចុប្បន្ន​កំពុង​បែរ​ឆ្ពោះទៅ​រក​អាជីវកម្ម​បែប​ឌី​ជី​ថ​ល ដោយ​ប្រើ​បច្ចេក​វិទ្យា ។ ដូច្នេះ យុវជន​កម្ពុជា​គួរ​ចាប់​យក​ឱកាស​សិក្សា​ជំនាញ​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​រាល់​ថ្ងៃនេះ យុវជន​ហាក់ដូចជា មាន​ចំណាប់អារម្មណ៍​តែ​ទៅ​លើ​ជំនាញ​អាជីវកម្ម​, ការ​គ្រប់គ្រង​, គណនេយ្យ ឬ​ទីផ្សារ​ជាដើម ច្រើន​ជាង​ជំនាញ​បច្ចេកវិទ្យា ។

ជំនាញ​បច្ចេកវិទ្យា​នេះ នឹង​ផ្ដល់​ការងារ​យ៉ាងច្រើន ព្រោះថា​បច្ចុប្បន្ន មិន​ថា​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​កំពុង​តែ​ឈាន​ទៅ​រក​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ឌី​ជី​ថ​ល បណ្ដា​ប្រទេស​ផ្សេង​ៗ​លើ​សកលលោក​បាន​ដើរ​រួច​ទៅ​ហើយ ហើយ​ក៏​ជា​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ផង​ដែរ បើ​ធៀប​នឹង​ជំនាញ​ដទៃ ។

យ៉ាងណា​ក្ដី បើ​យោង​តាម​លោក​បណ្ឌិត សេង សុភាព បច្ចុប្បន្ន​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​NIPTICT និស្សិត​ដែល​កំពុង​សិក្សា​នៅ​ជំនាន់​ទី​១ ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នេះ​មាន​តែ​ចំនួន​១០០​នាក់​ប៉ុណ្ណោះ ដែល​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​នេះ ហើយ​ពួក​គេ​គឺជា​គ្រាប់​ពូជ​ដ៏​មាន​សក្ដានុពល​ដែល​មាន​ជំនាញ​ច្បាស់លាស់ ក្នុង​នោះ​មាន ជំនាញ​សរសេរ​កូដ​, ជំនាញ​e-Commerce, ការ​គ្រប់គ្រង​ឡូ​ជី​ស្ទិ​ក ណេ​ត​វើក បណ្ដាញ​កុំព្យូទ័រ និង​សរសេរ Program ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ