ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ជំនាញ​ប្រកាស​ចេញ​ប្រតិបត្តិការ​កម្ចាត់​ជម្រក​មូស​ខ្លា​តាម​សាលារៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រដូវវស្សា​កាន់តែ​ខិត​ជិត​មក​ដល់ ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​កកើត​នូវ​សម្បុក មូស​ខ្លា​ប្រភព​នៃ​ជំងឺគ្រុនឈាម​នោះ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួម​ទាំង​ដៃគូរ​សហការ​បាន​រៀបចំ សិក្ខាសាលា​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រដូវវស្សា​កាន់តែ​ខិត​ជិត​មក​ដល់ ហើយ​ក៏​ជា​ការ​ចាប់ផ្តើម​កកើត​នូវ​សម្បុក មូស​ខ្លា​ប្រភព​នៃ​ជំងឺគ្រុនឈាម​នោះ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួម​ទាំង​ដៃគូរ​សហការ​បាន​រៀបចំ សិក្ខាសាលា​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល សំដៅ​ផ្សព្វ ផ្សាយ​អំពី​វិធានការ និង​ប្រតិបត្តិការ​កម្ចាត់​ជម្រក​មូស​ខ្លា​នៅ​តាម​សាលារៀន​។ លោក​វេជ្ជបណ្ឌិត លី សុវត្ថិ បំរើ​ការងារ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ផ្នែក​គីមី​សាស្ត្រ និង​សុខភាព​សាធារណៈ​បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ មាន​សារៈសំខាន់​ណាស់​ព្រោះថា ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួម​ទាំង​ដៃគូ​នឹង​ពិភាក្សា​គ្នា អំពី​គម្រោង​សិក្សា​ដោយ​ផ្តោត​លើ​វិធានការ​កម្ចាត់ ជម្រក​មូស​ខ្លា​នៅ​តាម​សាលារៀន ដើម្បី​កាត់​បន្ថយ ការ​ចម្លងជំងឺ​គ្រុនឈាម​នៅ​តាម​សហគមន៍​។ លោក​វេជ្ជបណ្ឌិត លី សុវត្ថិ បាន​បញ្ជាក់​ថា គម្រោង​សិក្សា​អំពី​វិធានការ​កម្ចាត់​ជម្រក​មូស​ខ្លា និង​ស្រាវជ្រាវរ​កវី​រូស​នៃ​ជំងឺគ្រុនឈាម​នា​ពេល​នេះ អាច​ចាត់ទុកជា​វិធានការ​ថ្មី​មួយ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​។

លោក​ថា វិធានការ​នោះ​ដំបូង យើង​ផ្តោត​ជា​សំខាន់​លើ​ការ​អប់រំ ណែនាំ សិក្សា​តាម​សាលារៀន ឲ្យ​យល់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត ជំងឺគ្រុនឈាម បន្ទាប់​មក​យើង​នឹង​បំផុស​ឲ្យ​ពួក​គាត់ ចូលរួម​កម្ចាត់​ជម្រក​មូស​ខ្លា​តាម​សាលារៀន​។ ទន្ទឹម​នោះ វិធានការ​ថ្មី​មួយទៀត គឺ​ការ​ធ្វើតេស្ត​តាម​ទឹកមាត់​របស់​សិស្ស​តាម​សាលារៀន ដើម្បី​ស្រាវជ្រាវ រក​មេរោគ​គ្រុនឈាម ហើយ​តាម​គម្រោង​យើង​នឹង​ចាប់ផ្តើម​ធ្វើ​តាម​សាលារៀន​មួយ​ចំនួន ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា ចាប់ពី​ខែឧសភា ឬ​មិថុនា​ទៅ គឺជា​ពេលវេលា​ចាប់ផ្តើម​នៃ​រដូវវស្សា​ហើយ​ក៏​ជា​ចំណុច​ចាប់ផ្តើម​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម​ផង​ដែរ​។ ប៉ុន្តែ​កុំ​ភ្លេច​ថា រដូវ​ណា​ក៏​អាច​ចម្លងជំងឺ​គ្រុនឈាម​បាន​ដែរ មិន​ចាំបាច់​តែ​ដល់​រដូវវស្សា​នោះ​ទេ គ្រាន់តែ​ភាព​ចម្លង តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​បង្ការ​ឬ​វិធានការ​ការពារ ជំងឺគ្រុនឈាម ឬ​ក៏​ការ​បំផ្លាញ​ជម្រក​មូស​ខ្លា​ដែល​ជា​ប្រភព​ចម្លងជំងឺ​គ្រុនឈាម គឺ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ធ្វើ​ជា​ប្រចាំ និង​ជា​បន្តបន្ទាប់​។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ បន្ថែម​ថា តាម​គម្រោង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ យើង​អាច​នឹង​ធ្វើតេស្ត​តាម​ទឹកមាត់​សិស្សសាលា ដើម្បី​ស្វែងរក​មេរោគ​គ្រុនឈាម​ផង​ដែរ​។ ដូច្នេះ​ក្រុម​ជំនាញ​នឹង​ចុះ​ទៅ​ប្រមូល​ទឹកមាត់​ពី​កុមារ​នៅ​តាម​សាលារៀន ដើម្បី​យក​មក​ពិនិត្យ​រក ករណី​នៃ​ការ​ឆ្លង​ជំងឺគ្រុនឈាម​។ លោក​ថា វិធានការ​ថ្មី​នេះ យើង​ទើប​ចាប់ផ្តើម​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១៨ ចាប់ពី​ខែឧសភា​ទៅ​។ លោក​បញ្ជាក់​ថា យើង​បាន​ជ្រើសរើស​សាលារៀន​មួយ​ចំនួន ក្នុង​ខ​ត្ត​កំពង់ចាម និង​ត្បូងឃ្មុំ ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ស្រាវជ្រាវ​ជា​លើក​ដំបូង​។ លោក​វេជ្ជបណ្ឌិត​អំពាវនាវ​ផង​ដែរ​ដល់​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់​ចូលរួម ក្នុង​វិធាន ការ​កម្ចាត់​ជម្រក​មូស​ខ្លា ហើយ​យកចិត្តទុកដាក់​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ​កូនចៅ ព្រោះ​នោះ​ជា វិធានការ​ចាំបាច់​បំផុត​។ បន្ទាប់​មក​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ ឬ​ក្រុម​ជំនាញ ដើម្បី​ធ្វើ តេស្ត​រក​មេរោគ​គ្រុនឈាម​ប្រសិនបើ​សង្ស័យ​ថា មាន​ជំងឺគ្រុនឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ