ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​តូច​ៗ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​វ័យ​សិក្សាជះ​ឥទ្ធិពល​បែប​ណា​ចំពោះ​ការ​រៀនសូត្រ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ធ្វើការ​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​កាន់តែ​សម្បូរ​បែប មិន​ថា​មនុស្ស​ចាស់ ឬ​ពេញវ័យ​ទេ សូ​ម្បី​តែ​កុមារ​តូច​ៗ​ក៏​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ប្រើ​ដែរ បើ​ទោះជា​ពួក​គេ​ស្ថិត​ក្នុង​វិស័យ​សិក្សា​ក្តី ។ តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្ថិត​ក្នុង​វ័យ​កុមារ​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ការ​ប្រើប្រាស់​ទូរស័ព្ទ​សម្រាប់​ធ្វើការ​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​កាន់តែ​សម្បូរ​បែប មិន​ថា​មនុស្ស​ចាស់ ឬ​ពេញវ័យ​ទេ សូ​ម្បី​តែ​កុមារ​តូច​ៗ​ក៏​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ប្រើ​ដែរ បើ​ទោះជា​ពួក​គេ​ស្ថិត​ក្នុង​វិស័យ​សិក្សា​ក្តី ។ តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្ថិត​ក្នុង​វ័យ​កុមារ​បែប​នេះ វា​ជះ​ឥទ្ធិពល ឬ​ចំណេញ​អ្វីខ្លះ​ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ ?

អ្នកស្រី ឈួ​ន បុប្ផា អ្នក​បោសសម្អាត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​និយាយ​ថា ការ​ដែល​ឪពុក​ម្តាយ​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តម្លៃ​សមរម្យ​ឱ្យ​កូន​ៗ​ប្រើប្រាស់​ទាំង​នៅ​វ័យក្មេង និង​កំពុង​សិក្សា សម័យនេះ គឺ​គ្មាន​អ្វី​ខុស​ប្លែក​គ្នា​នឹង​មនុស្ស​ពេញវ័យ​ប្រើប្រាស់​ទូរស័ព្ទ​ទេ ឱ្យ​តែ​ឪពុក​ម្តាយ​ចេះ​ណែនាំ​ពួក​គេ ។

អ្នកស្រី​និយាយ​ថា ៖« ការ​ឱ្យ​កុមារ​ស្ថិត​ក្នុង​វ័យ​តូច​ៗ (​ថ្នាក់​ទី​៤) មាន​ទូរស័ព្ទ​ប្រើ​ដូច​មនុស្ស​ពេញវ័យ ដូច​ជា​អត់​មាន​អី្វ​ខុស​ប្លែក​ទេ ពេល​ខ្លះ វា​មាន​ម៉ោង​មើល និង​ម៉ោង​រៀន ។ សំខាន់​យើង​ត្រូវ​ចេះ​ណែនាំ​កុំឱ្យ​ពួក​គេ​មើល​ច្រើន​ពេក គឺ​ត្រូវធ្វើ​កិច្ចការ​សាលា​រួចរាល់​សិន ចាំ​ឲ្យ​មើល ។ បើ​យើង​ហាមឃាត់​ពេក ក៏​មិនកើត​ដែរ ពេល​ខ្លះ ពួក​គេ​លេង​ទូរស័ព្ទ​អាច​ឆ្លាត ឬ​ទទួល​ចំណេះដឹង​ផ្សេង​ៗ​បាន » ។

តាម​អ្នកស្រី ឈួ​ន បុប្ផា ការ​ឱ្យ​កូន​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុង​វ័យ​សិក្សា​នេះ ពេល​ខ្លះ​ក្មេង​កត់​មេរៀន​មិន​ទាន់ គឺ​អាច​យក​ទូរស័ព្ទ​ថត​ទុក ដើម្បី​ចម្លង​ចូល​ក្នុង​សៀវភៅ​មេរៀន​ពេល​ទៅ​ផ្ទះ​វិញ​បាន ហើយ​ក្មេង​ៗ​សម័យនេះ មាន​ភាព​វៃឆ្លាត​ខុស​ពី​ក្មេង​សម័យ​មុន របស់​ខ្លះ​មិន​ចាំបាច់​ប្រាប់ ក៏​ពួក​គេ​ចេះ​លេង​ដែរ ។

អ្នកស្រី​បន្ត​ថា ៖« មក​ដល់​ពេល​នេះ​ហើយ គួរ​ឱ្យ​ក្មេង​ៗ​ប្រើ​ទូរស័ព្ទ បើ​ពួក​គេ​ចង់​ដឹង​រឿង​ផ្សេង​ៗ​អាច​ស្រាវជ្រាវ​បាន មិនមែន​ដឹង​តែ​នៅ​ត្រឹម​សាលារៀន​ទេ គឺ​ពួក​គេ​អាច​លូតលាស់​ច្រើន​ជាង​នេះ​បន្ថែម​ទៀត » ។

បើ​តាម​គ្រូបង្រៀន​ថ្នាក់​ទី​៥ នៅ​សាលា​បឋម​សិក្សា​កុលាប​ទី​១ យល់​ឃើញ​ស្រ​ដៀង​គ្នា​ថា វា​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​ទេ បើ​ដល់​ម៉ោង​រៀន លោកគ្រូ អ្នកគ្រូ​ត្រូវ​ប្រមូល​ទូរស័ព្ទ​ទុក ។

លោក ឈិ​ត សុ​វ​ណ្ណា​រ៉េ​ត គ្រូបង្រៀន​រូប​នេះ ឱ្យ​ដឹង​ថា ៖« ខ្ញុំ​គិត​ថា វា​មិន​ប៉ះពាល់​ដល់​ការ​រៀនសូត្រ​ទេ ព្រោះ​នៅ​ម៉ោង​សិក្សា លោកគ្រូ អ្នកគ្រូ​បាន​ប្រមូល​ទូរស័ព្ទ​របស់​សិស្ស​ទុក​ក្នុង​ទូ​មួយ ចាំ​ដល់​ពេល​ឪពុក​ម្តាយ​ពួក​គេ​ទាក់ទង​មក ទើប​ឱ្យ​យក​ទៅ​ប្រើប្រាស់ ហើយ​នៅ​ពេល​ប្រើ​រួច ឱ្យ​គាត់​យក​ទុក​ក្នុង​ទូ​វិញ ។ ការ​ធ្វើ​បែប​នេះ ចៀសវាង​កុំ​កូនសិស្ស​ឆ្លៀត​លេង​ហ្គេ​ម​ក្នុង​ម៉ោង​សិក្សា » ។

លោក​បន្ត​ថា ៖« ការ​ឱ្យ​កុមារ​ប្រើប្រាស់​ទូរស័ព្ទ​ស្ថិត​ក្នុង​វ័យ​តូច​ៗ វា​មាន​អត្ថប្រយោជន៍ ខ្លះ​ដែរ ដូច​ជា បើ​សរសេរ​មេរៀន​អត់​ទាន់ ពួក​គេ​អាច​ថត​ទុក ចាំ​ត្រឡប់​ដល់​ផ្ទះ​វិញ ចាំ​ចម្លង​ចូល​ក្នុង​សៀវភៅ ។ លើស​ពី​នេះ ពួក​គេ​ក៏​អាច​រក​មើល​ពាក្យ​នៅ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ផង​ដែរ ។ ខ្ញុំ​គិត​ថា វា​មានគុណ​សម្បត្តិ​ធំ​ជាង​គុណវិបត្តិ ពួក​គេ​អាច​មើលឃើញ​ព័ត៌មាន​ជា​ច្រើន​កើតឡើង​នៅ​ក្នុង​សង្គម​សព្វថ្ងៃ​។ ខ្ញុំ​យល់​ថា គួរតែ​ឲ្យ​ពួក​គេ​ប្រើប្រាស់ តែ​ប្រើ​នៅ​ក្នុង​លក្ខខណ្ឌ​រៀនសូត្រ » ។

ស្រប​ពេល​បច្ចេកវិទ្យា​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ លោកគ្រូ​ថា ៖« ក្នុង​មួយ​ថ្នាក់ កូនសិស្ស​តូច​ៗ​នៅ​ក្នុង​សាលា គឺ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​៤​ឬ​៥​នាក់ ក្រៅពី​នេះ កូនសិស្ស​ប្រើ​ទូរស័ព្ទ​ធម្មតា​អិន​ចុច​ពិល សម្រាប់​ទាក់ទង​ទៅ​មាតាបិតា​របស់​ពួក​គេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ