ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៧ ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​រាប់​ម៉ឺន​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ដែល​ជាទី​តាំង​បង្ហាញ​ភស្តុ​តាង និង​ឯកសារ ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​គួរ​ឲ្យ​កត់សម្គាល់ សំខាន់​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប ។ យ៉ាងណា​ក៏​ដោយ​សម្រាប់​ភ្ញៀវ​ជាតិ ឬ​ប្រជាពលរដ្ឋ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ដែល​ជាទី​តាំង​បង្ហាញ​ភស្តុ​តាង និង​ឯកសារ ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​គួរ​ឲ្យ​កត់សម្គាល់ សំខាន់​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប ។ យ៉ាងណា​ក៏​ដោយ​សម្រាប់​ភ្ញៀវ​ជាតិ ឬ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចូល​មក​ទស្សនា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​មួយ​នេះ នៅ​មាន​កម្រិត​ទាប​នៅឡើយ ។

លោកស្រី រស់ សុភា​រ៉ា​វី អនុប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​រហូត​ដល់​ជាង ២៣៣.៩៦៤​នាក់​ឯណោះ ។ ចំណែក​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​តែ​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ លោកស្រី​បាន​ថ្លែង​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ យើង​សង្កេត​ឃើញ​ថា ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប​មាន​អត្រា​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទីផ្សារ​ភ្ញៀវ​ទេសចរណ៍​ទាំង​១០​ប្រទេស​មក​កាន់​ទី​នេះ ។ លោកស្រី​បញ្ជាក់​បន្ថែម​ថា ភ្ញៀវ​បរទេស​ប្រមាណ​ពី​៦០០ ទៅ​៨០០​នាក់ ក្នុង​មួយ​ថ្ងៃ​បាន​ចូល​ទស្សនា​មជ្ឈមណ្ឌល​នា​រដូវ​សម្រាក​កម្សាន្ត ។

ក្រៅពី​រដូវ​នោះ​ក៏​មាន​ភ្ញៀវ​ប្រមាណ​ពី​៣០០ ទៅ​៤០០​នាក់​ផង​ដែរ ដែល​បាន​ចូល​ទស្សនា​ក្នុង​មួយ​ថ្ងៃ ។ លោកស្រី​អនុប្រធាន​បាន​ឲ្យ​ដឹង​ដែរ​ថា ទីតាំង​ចំនួន​៤​ដែល​ភ្ញៀវ​បរទេស​មានការ​ចាប់អារម្មណ៍​បំផុត នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​នោះ​រួម​មាន​ទី​១- ស្តូប​ដាក់​លលាដក្បាល​សាកសព ជិត​១០០០​លលាដ ។ ទី​២- រណ្តៅ​សាកសព ៤៥០​នាក់ ក្នុង​មួយ​រណ្តៅ ។ ទី​៣- រណ្តៅ​សាកសព​អត់​ក្បាល​១៦៦​សាកសព​ក្នុង​មួយ​រណ្តៅ ។ ទី​៤- រណ្តៅ​សាកសព​ស្ត្រី និង​កុមារ​ជាង​១០០​សាកសព ក្នុង​មួយ​រណ្តៅ ។

លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ភ្ញៀវ​ជាតិ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ភាគច្រើន​មក​តាម​រយៈ​ប្រតិភូ​ដូច​ជា ប្រតិភូ​សាលាក្តី​ខ្មែរក្រហម ប្រតិភូ​សិស្ស​និស្សិត រួម​ទាំង​ប្រតិភូ​ផ្សេង​ៗ​ទៀត ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ជា​ឯកជន​មាន​ចំនួន​មិន​ច្រើន​នោះ​ឡើយ ។

លោកស្រី​អះអាង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចាប់អារម្មណ៍​មជ្ឈមណ្ឌល​នេះ​ក៏​ព្រោះ តែ​គាត់​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​នោះ​ហើយ ឬ​អាច​ថា ពួក​គាត់​មិន​ចង់​ឃើញ ឬ​រម្លឹក​សោកនាដកម្ម​ដ៏​សែន​ឃោ​ឃៅ​នោះ​ឡើង​វិញ គួប​ផ្សុំ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​មិនសូវ​រវល់​រឿង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។ ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​លោកស្រី​បញ្ជាក់​ថា សម្រាប់​ជនបរទេស​ម្នាក់​សំបុត្រ​តម្លៃ​៣​ដុល្លារ ឬ​ក៏​១២០០០​រៀល ហើយ​បើសិនជា​ពួក​គាត់​ត្រូវការ​ម​គ្គុ​ទេសន៍​សម្លេង​ដែល​មាន​១៥ ភាសា​ទៀត ត្រូវ​បង់​បន្ថែម ៣​ដុល្លារ​ទៀត ។

ដោយឡែក​ភ្ញៀវ​ខ្មែរ​យើង គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ លោកស្រី​អនុ​ធាន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ សំខាន់​ស្រទាប់​យុវវ័យ​ឲ្យ​អញ្ជើញ​មក​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះថា វា​ជា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូ​ចត់ និង​សាហាវព្រៃផ្សៃ នៃ​របប​ប៉ុ​ល​ពត រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ