អត្ថន័យ​តំណាង​ ហូល «ក្បាច់​ផ្កា​ចន្ទន៍» ដែល​កូន​ចៅ​ជំនាន់ក្រោយ​​គួរ​ដឹង


រាជធានី​ភ្នំពេញ ៖ ហូល​គឺជា​អត្ដសញ្ញាណ​មួយ​របស់​ខ្មែរ ។ ហូល​ខ្មែរ​មាន​ក្បាច់រចនា ច្រើន​ប្រភេទ ។ ក្នុង​ចំណោម​ក្បាច់​ដ៏​ស្រស់​ស្អាត​ទាំងអស់ ក្បាច់​ផ្កាចន្ទន៍ គឺជា​ប្រភេទ​ហូល ដែល​គេ​ពេញ​និយម​ស្លៀកពាក់​ជាងគេ​នៅ​ប្រទេស​កម្ពុជា ។

ក្បាច់​ផ្កាចន្ទន៍​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងព្រេង​បុរាណ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​យើង​ផង​ដែរ គឺ​រឿង​«​ព្រះថោង​នាងនាគ​» ។

ផ្កាចន្ទន៍​ជា​និមិត្តរូប​ឱ្យ​នារី​ខ្មែរ គឺ​នាងនាគ​(​ក្នុង​រឿងព្រេង​ព្រះថោង​នាងនាគ​) ដែល​ជា​ម្ចាស់​​ទឹកដី​នៃ​ដែន​សុវណ្ណ​ភូមិ​ខ្មែរ ។ នេះ​បើ​តាម លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​មហោស្រព​សិល្បៈ​ជាតិ​ឆ្នាំ​២០១៧ ​ស្តី​ពី​សិល្បៈ​តម្បាញ នៅ​បណ្ណាល័យ​ជាតិ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ។ លោក​ជំទាវ​បាន​ពន្យល់​ថា​ «​ពាក្យ​ថា​នាងនាគ​នេះ ខ្មែរ​យើង​ចាត់​ទុក​ថា​ជា​មេទឹក ។ នៅ​ពេល​ដែល​និយាយ​ពី​នាគ យើង​គិត​ថា ​នាគ​មាន​ស្រកា សំពត់​ហូល​ដែល​ស្រី​ៗ​ស្លៀក​ហ្នឹង គឺថា​ លើក​ក្រឡា​គោម​ទៅ​តាម​ក្បាច់​ស្រកានាគ ដូច្នេះ​ហើយ​ទើប​វា​មាននៅ​ក្នុង​ក្រឡា​នីមួយ​ៗ គឺថា​យើង​មាន​ផ្កា​ទៅ​ទៀត ដូច្នេះ​ហើយ​ទើប​ថ្ងៃនេះ​យើង​មាន​ប្រធានបទ​ក្បាច់​ផ្កាចន្ទន៍​»​។

ការណ៍​ដែល​នារី​ខ្មែរ​ស្លៀកសំពត់​ហូល ឬ​មាន​សិល្បៈ​ត្បាញសំពត់​សូត្រ​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ហើយ​ការ​ច្នៃ​ជា​ក្បាច់ ផ្សេង​ៗ​ក៏​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ដែរ ដែល​នេះ​ជា​ការ​ប្រឹងប្រែង​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​ប្រឹងប្រែង​ច្នៃប្រឌិត​តាំងពី​ការ​រវៃ​យក​សូត្រ​អំពី​នាង ហូត​ទៅ​ច្នៃ​ជា​អំបោះ​ត្បាញ​ជា​គោម និង​ជ្រលក់​ពណ៌ រហូត​ចេញ​ជា​ក្រណាត់​មួយ​ផ្ទាំង​សម្រាប់​បំពាក់​លើ​រាង​កាយ ។

បើ​តាម​បុរស​អ្នក​ត្បាញ​ហូល​ម្នាក់​នៅ​ខេត្តតាកែវ ឱ្យ​ដឹង​ថា ការ​ត្បាញ​ក្បាច់​ផ្កាចន្ទន៍​មិន​ស្រួល​ទេ ហើយ​ប្រើ​រយៈពេល​យូរ​គួរសម ។ ក្នុង​មួយ​ក្បិន​ត្រូវ​ចំណាយ​រយៈពេល​ជាង​១០​ថ្ងៃ​។ ចំណែក​តម្លៃ​គឺ​ចាប់ពី​១៧០​ដុល្លារ​ក្នុង​មួយ​ក្បិន ។

ដើម្បី​ចូលរួម​ថែរក្សា​កេរដំណែល​តាំងពី​សម័យ​បុរាណ​មក នៅ​ឆ្នាំ​២០១៧​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យក​ប្រធានបទ​«​ការ​រចនា​ក្បាច់លម្អ​គោម​ផ្កាចន្ទន៍​លើ​សំពត់​ហូល​ខ្មែរ​» ដើម្បី​ជ្រើសរើស​អ្នកមាន​ស្នាដៃ​សិល្បៈ​តម្បាញ​សូត្រ ។

លោក​ជំទាវ​ភឿ​ង ស​កុ​ណា ឱ្យ​ដឹង​ថា ប្រធានបទ​ក្បាច់​ក្រឡា​គោម​ផ្កាចន្ទន៍​ដែល​ក្រសួង​បាន​លើកយក​មក​ប្រកួតប្រជែង​នេះ មិនមែន​ជា​ការ​ចៃដន្យ​ទេ តែ​បាន​បង្កប់​ខ្លឹមសារ​ដ៏​មាន​​អត្ថន័យ​របស់​ជាតិ​ខ្លួន ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​បញ្ជាក់​ឱ្យ​ឃើញ​ថា ខ្មែរ​យើង​ចេះ​តម្បាញ​តាំងពី​សម័យ​ប្រវត្តិសាស្ត្រ​មក ដូច​មាន​ភស្តុ​តាង​នៅ​តំបន់​ស្ថានីយ​ម្លូរ​ព្រៃ ខេត្តព្រះវិហារ និង​ស្ថានីយ​សំរោង​សែន​ខេត្តកំពង់ឆ្នាំង គេ​បាន​រក​ឃើញ​ឧបករណ៍​តម្បាញ​ជា​ច្រើន​ដែល​ធ្វើ​អំពី​ដី​ដុត​។

យោង​តាម​ឯកសារ​អ្នកការទូត​ចិន​លោក​ជីវ តា​ខ្វាន់ អះអាង​ថា នៅ​សតវត្ស​ទី​១៣ ខ្មែរ​ចេះ​​ត្បាញ​ហូល ផាមួង មាន​ក្បាច់​ផ្កា​ភ្ញី ល្អ​ៗ មាន​តម្លៃ​ខ្ពស់ រីឯ​ក្នុង​ព្រះរាជ​ពិធី​នៅ​ក្រុង​អង្គ​រ​ព្រះរាជា​ស្លៀកសំពត់​ហូល ពណ៌​មាស​ល្អ​ជាងគេ ហើយ​មន្ត្រី​តូច​ធំ​តាម​លំដាប់​ស្លៀក​ពាក់​​សំពត់​ហូល​ដែល​មាន​ក្បាច់​ផ្កា តិច​ៗ ឬ​ច្រើន​ទៅ​តាម​ឋានៈ ខុស​ៗ​គ្នា ដូច​មាន​រូប​ចម្លាក់​ដែល​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ​ទាំងឡាយ​ជា​ភស្តុ​តាង ។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​៖«​ខ្មែរ​យើង​ស្លៀកសំពត់​ហូល​តាំងពី​សម័យ​អង្គរ ហើយ​មុន​អង្គរ​ទៅ​ទៀត​នៃ​ការ​ចេះ​ត្បាញ​របស់​យើង ហើយ​យើង​មើលទៅ​ក្នុង​រូប​ចម្លាក់​នៅ​អង្គរ លោក​ជីវ​តា​ខ្វាន់​គាត់​សរសេរ​ក្បាច់​ផ្កា មួយ​ៗ គឺ​បង្ហាញ​អំពី​ឋានៈ វណ្ណៈ ។ ប្រជាជន​ធម្មតា​មិន​អាច​ប្រើ​សំពត់​ដែល​មាន​ផ្កា​ច្រើន​បាន​ទេ ផ្កា​រង្វើល​ជាទី​បំផុត ហើយ​នៅ​ចុង​ជាយ​ទៀត​។ អ៊ីចឹង​បើ​យើង​មើលទៅ​លើ​រូបចម្លាក់​របស់​នារី​ដែល​នៅ​តាម​អង្គរ មាន​ផ្កា ខុស​ៗ​គ្នា ផ្កា​ខ្លះ​ញឹក​ទៅ ផ្កា​ខ្លះ​ស្រាល​ទៅ ផ្កា​របស់​ព្រះមហាក្សត្រ គឺ​មិន​អាច​អ្នក​ផ្សេង​ប្រើ​បាន​ទេ ។

ក្រសួង​នឹង​ព្យាយាម​ខិតខំ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​នូវ​សិល្បៈ​តម្បាញ​នេះ ខណៈ ចាស់​ៗ​ដែល​ចេះ​ជំនាញ​នេះ​បាន​បាត់បង់​ជីវិត បណ្តើរ​ៗ​ដែល​ធ្វើ​ឱ្យ​សិល្បៈ​ប្រភេទ​នេះ​ឆាប់​រលុប​បាន​ប្រសិនបើ​មិន​មាន​ក្មេង​ជំនាន់​ក្រោយ​ថែរក្សា »​។

ហូល​គឺជា​សំពត់សូត្រ​របស់​ខ្មែរ ត្បាញ​ដោយ​សូត្រ​ចង​គាត​លើក​ជា​គោម ជា​ក្រឡា​ក្បាច់​រចនា​វិចិត្រ ផ្សេង​ៗ​តាម​ចំពោះ និង​សេចក្តី​ពេញចិត្ត​នៃ​អ្នក​ត្បាញ និង​ជា​ការ​យ៉ាង​ល្អិត​ធ្វើ​ដោយ​ផ្ចិតផ្ចង់​របស់​ស្ត្រី​ខ្មែរ ។ ហូល​ជា​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ដែល​បង្ហាញ​ពី​ចរិយា​មារ​យាទ សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ភាព​ទន់ភ្លន់ រួសរាយ និង​បង្ហាញ​ពី​អរិយធម៌​ដ៏​អស្ចារ្យ​​របស់​ខ្មែរ​។ ប្រជាជន​ដែល​និយម​ផលិត​ហូល​ផាមួង​ច្រើន​ជាងគេ គឺ​អ្នក​ខេត្ត​តាកែវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ