រាជធានីភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីចូលរួម អបអរសាទរព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី ២ ខេត្តសៀមរាប ។

យោងតាមផេក រដ្ឋបាលខេត្តសៀមរាប ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ ។
អ្នកមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និងបច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត (មណ្ឌល រដ្ឋបាលមន្ទីរខេត្តសៀមរាប) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ (ឈប់ទទួលពាក្យ) ៕
ចែករំលែកព័តមាននេះ