អ្នកស្រុកអង្គរ ប្រារព្ធពិធីបុណ្យឡើងមាឃ យ៉ាងគគ្រឹកគគ្រេង ដើម្បីសុំសេចក្ដីសុខ និងទឹកភ្លៀង
- សៀមរាប
ខេត្តសៀមរាប ៖ រាល់ថ្ងៃ៣កើត ខែមាឃ ដែលនៅឆ្នាំនេះត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរតែង ធ្វើប្រារព្ធពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាល។ ពិធីនេះធ្វើឡើងនៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលា ឆទាន ឬទីសក្ការបូជានៅក្នុងភូមិនីមួយៗ។
ក្រុមការងារផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាព និងវីដេអូ នៅភូមិនគរក្រៅ ប្រាសាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធីនេះនៅទួលអ្នកតាគង់។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណទល់មុខគុកតារាជ។ ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះនៅទីតាំងបីផ្សេងគ្នា ទី១នៅលើប្រាសាទ ទី២នៅទួលដូនប៉ុក និងទី៣នៅទួលតាមឿង។
សូមបញ្ជាក់ថា ក្នុងពិធីឡើងមាឃ ឬ ហៅ ថា ឡើង អ្នកតា នោះ ត្រូវរៀបចំ គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខ ម្ហូបដែលគេមិនអាចចោលបានមានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈជាដើម។
សូមជម្រាបថា កិច្ចពិធីឡើងមាឃមានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថាវដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់៕





















ចែករំលែកព័តមាននេះ