រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា បានអះអាងថា ការផ្សាយព័ត៌មានថាប្រទេសឡាវបានយករចង្វាក់រាំវង់ខ្មែរចូលជាបេតិភណ្ឌពិភពលោកនោះ គឺជាការបំពុលវប្បធម៌មួយយ៉ាងធំ ខណៈពេលដែលចង្វាក់មួយនេះមិនមែនមានតែខ្មែរមួយទេ ។
ការលើកឡើងរបស់លោកថៃ នរៈសត្យា បន្ទាប់ពីគេហទំព័រមួយចុះផ្សាយពាក់ព័ន្ធប្រទេសឡាវយកចង្វាក់រាំវង់ចូលជាបេតិភណ្ឌពិភពលោក ។ ព័ត៌មានមួយនេះត្រូវបានចែកចាយតាមហ្វេសប៊ុកជាមួយនឹងការរិះគន់ពីអ្នកសិល្បៈ និងមហាជន ។ បន្ទាប់ពីទទួលនូវការរិះគន់នេះលោកថៃ នរៈសត្យា បានបកស្រាយតាមសារព័ត៌មានជាបន្តបន្ទាប់ ដោយក្នុងនោះលោកចាត់ទុកអ្នករិះគន់នោះគឺមិនបានដឹងច្បាស់ពីវប្បធម៌ ។
លោកបញ្ជាក់ថា «ព័ត៌មានដែលច្បាស់ទៅ វាមិនដែលឡាវណាយករាំវង់ខ្មែរយកទៅដាក់ជាបេតិភណ្ឌពិភពលោកទេ នេះជាបំពុលបញ្ហាមួយដ៏ធំណាស់ ចំពោះអ្នកដែលអះអាងថាខ្លួនច្បាស់លាស់ពីវិស័យវប្បធម៌ចេះតែបំភ្លៃទៅ ។ ពាក្យថារាំវង់គឺរាំវង់ហើយ វាមិនដែលឡាវណាយកពាក្យរាំវង់យកទៅដាក់ជាបេតិភណ្ឌពិភពលោករបស់គេទេ បើទោះបីជាលោកមិនបានឮរឿងនេះដោយផ្ទាល់ត្រចៀក ប៉ុន្តែបានបង្ហាញការគិតពិចារណាប្រាប់អ្នកសារព័ត៌មាន ផ្សេងៗរួចហើយ »។
បើតាមលោកថៃ នរៈសត្យា ចំពោះអ្នកដែលចាំតែបន្ទោស និងរិះគន់គឺចាំតែបន្ទោសប៉ុណ្ណោះ ទាំងមិនដឹងថា ក្រសួងកំពុងតែធ្វើអ្វីខ្លះផង ដែលជាស្នូលនៃកិច្ចការងារផ្ទាល់ចំពោះមុខប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយើងបានសម្រេចដោយជោគជ័យនូវការដាក់បញ្ចូលនូវវប្បធម៌ទាំងរូបី និងអរូបី ចូលជាបេតិភណ្ឌពិភពលោកជាបន្តបន្ទាប់ ។
លោកថៃ នរៈសត្យា ឲ្យដឹងបន្ថែមថា ចំពោះចង្វាក់រាំ និងរបាំប្រណៃគឺមានភាពស្រដៀងគ្នាទៅនឹងបណ្តាប្រទេសជិតខាង គ្រាន់តែក្បាច់ និងភាសាខុសគ្នាប៉ុណ្ណោះ ។ អ៊ីចឹងចង្វាក់រាំវង់ក៏ដូចជាចង្វាក់រាំមួយចំនួនទៀតគឺស្រដៀងគ្នា ដោយខុសប្លែកគ្នាបន្តិចបន្តួចនិងការហៅតាមភាសាប្រទេស នីមួយៗ ហើយរបាំទាំងនោះវាឆ្លងពីគ្នា ដូច្នេះបើយើងហួងហែងជារបស់យើងនោះគឺវាមិនត្រឹមត្រូវឡើយ ខណៈច្បាប់ក៏បានចែងពីវប្បធម៌ និងអត្តសញ្ញាណរបស់គេ នីមួយៗផងដែរ ។
បើតាមការលើកឡើងរបស់លោកថៃ នរៈសត្យា ចំពោះនិរន្តរភាពនៃចង្វាក់ប្រពៃណីខ្មែរវិញនោះ គឺអាចនិយាយបានថា យើងមិនចាំបាច់អភិរក្សអ្វីបន្ថែមចំពោះក្បាច់រាំទាំងអស់នោះទៀតឡើយ ព្រោះសង្គមយើងបានអភិរក្សប្រកបដោយចីរភាពរួចហើយ ក្នុងពេលដែលចង្វាក់ដែលជាប្រពៃណីខ្មែរនោះគឺគេឃើញកើតមាននៅក្នុងពិធី ធំៗ និងពិធីអាពាហ៍ពិពាហ៍ គឺឲ្យតែមានចង្វាក់បែបប្រពៃណីខ្មែរមនុស្សម្នាបានដឹកដៃគ្នាចូលរាំយ៉ាងត្រសង ។
ចំណែកលោកសុខ មាន ដែលជាអ្នកស្រាវជ្រាវផ្នែកសិល្បៈ និងវប្បធម៌ម្នាក់បានលើកឡើងថា «ក្បាច់រាំទាំងនេះសូម្បីតែលោក ដែលជាអ្នករៀបរៀងនេះ ក៏មានការភ័ន្តច្រឡំដែរថា គឺជាចង្វាក់រាំ ដែលខ្មែរយើងខ្លួនឯង ជាអ្នកបង្កើតឡើង ប៉ុន្តែក្រោយពីបានជួប និងសាកសួរសាស្ត្រាចារ្យ និងរៀមច្បងនៅសាលាវិចិត្រសិល្បៈមួយចំនួនមក ទើបដឹងថា ក្បាច់រាំរបស់ខ្មែរស្ទើរតែទាំងអស់ មិនមែនជាក្បាច់ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះខ្មែរយើងបានយកចេញពីរបាំអប្សរា មកច្នៃឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។
ចំពោះក្បាច់រាំដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និងឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ ។ មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើងមានបទពិសោធន៍អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន ។ ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត ។ ដោយសារតែមូលហេតុហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះ មានឈ្មោះថា រាំសារ៉ាវាន់ និងឡាំថូន ដែលមានន័យថា រាំតាមស្គរថូន ។
ទោះជាយ៉ាងនេះក្តី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំទាំងនេះ ត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណានោះទេ ប៉ុន្តែតាមរយៈល្ខោនប្រមោទ័យ ដែលបង្កើតឡើងដោយលោកយាយម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះ ប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ៥០ ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង (អាយុប្រហែល៧ឆ្នាំ) ហើយលោកយាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្ត្រីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា គឺជាជនជាតិឡាវ(លាវ)ទេ មិនមែនជាកូនខ្មែរសុទ្ធទេ »៕
ចែករំលែកព័តមាននេះ