ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ កំណត់ពេល​សាងសង់​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​មហាជន​ទន្ទឹងរង់ចាំ​ដំណឹង​នោះ ពេល​នេះ​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​សាងសង់​ជា​ផ្លូវការ​ហើយ ដោយ​គ្រោង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ជំនួប​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​មហាជន​ទន្ទឹងរង់ចាំ​ដំណឹង​នោះ ពេល​នេះ​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​សាងសង់​ជា​ផ្លូវការ​ហើយ ដោយ​គ្រោង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ជំនួប​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​ក្រុមហ៊ុន​សាងសង់ ។

ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ម្សិលមិញ លោក យន្ត មីន​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន China Road &Bridge Corporation បាន​កំណត់​ពី​ពេលវេលា​ជា​ផ្លូវការ​ក្នុង​ការ​ចាប់ផ្ដើម​សាងសង់ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​១.៧៨២​លាន​ដុល្លារ​អា​មេ​រិ​ក ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក​វ៉ា សឹ​ុ​ម​សុរិយា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​នឹង​សាងសង់​ជា​ពីរ​គន្លង​ទៅ​មក និង​មានការ​រៀបចំ​របង​អម​សងខាង​ផ្លូវ ដែល​មិន​អនុញ្ញាត្ត​ឲ្យ​គោ ក្របី អាច​ឆ្លងកាត់​ផ្លូវ​នេះ​បាន​ឡើយ ហើយ​ចំណុច​ឆ្លងកាត់​ផ្លូវ​នេះ​ក៏​មិន​មាន​ច្រើន​ផង​ដែរ ។ លោក​បន្ត​ថា នៅ​ពេល​ផ្លូវ​នេះ​បញ្ចប់​ការ​សាងសង់ នឹង​សម្រួលការ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ថ្លៃដើម ព្រមទាំង​ចំណាយពេល​តិច​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​បន្ត​ថា ៖« ផ្លូវ​នេះ​នឹង​សាងសង់​អម​ផ្លូវជាតិ​លេខ​៤​ទាំង​ឆ្វេង និង​ស្តាំ ស្រប​តាម​សណ្ឋាន​នៃ​ការ​រៀបចំ​សម្រាប់​ផ្លូវ​ល្បឿន​លឿន​នេះ »​។ លោក​បន្ត​ថា ៖« រាជរដ្ឋាភិបាល​ត្រូវការ​វិនិយោគ​កាន់តែ​ច្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជំរុញ​កំណើនសេដ្ឋ​កិច្ច»។

បើ​តាម​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឍនៈ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​១៩០,៦៣​គីឡូម៉ែត្រ មាន​ទំហំ​ទទឹង​២៤​ម៉ែត្រ ជា​ផ្លូវ​៤​គន្លង ក្រាល​កៅស៊ូ​AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត ដូច​ជា​ស្ពាន​វែង និង​មធ្យម​ចំនួន​៥​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រំលង ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សិក្សាការ​អភិវឌ្ឍ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ដើ​ម្បិ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​រីក​ចម្រើន​ជា​បន្ត​ទៀត ការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ជា​រឿង​ចាំបាច់ មិន​អាច​ខ្វះ​បាន ។

លោក​បន្ត​ថា ៖« រាជរដ្ឋាភិបាល​កំពុងធ្វើការ​ងារ​នេះ ហើយ​ខ្ញុំ​ចង់​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ផ្លូវ ព្រោះ​ផ្លូវ​នីមួយ​ៗ​មិនមែន​ចំណាយពេល​ត្រឹមតែ​១​ខែ​ឬ​១​ឆ្នាំ បញ្ចប់​បាន​ទេ »​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​កន្លង​មក​ថា ៖« ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ