ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ SME និង​សិប្​បកម្ម​ទាក់ទាញ​ទុន​វិនិយោគប្រមាណ​4,7​ពាន់​លានដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) និង​សិប្បកម្ម បាន​ទាក់​ទាញ​លំហូរ​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​មក​នូវ​ផល​របរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ​(SME) និង​សិប្បកម្ម បាន​ទាក់​ទាញ​លំហូរ​ទុន​វិនិយោគ​ប្រមាណ​ជាង​៤.៧០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​មក​នូវ​ផល​របរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម​រយៈពេល​៥​ឆ្នាំ (២០១៣-២០១៧) បាន​បង្ហាញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ឆ្នាំ​២០១៧ មាន​សរុប​ប្រមាណ​ជាង​១៥​ម៉ឺន​មូលដ្ឋាន ស្មើ​ជាង​២៩%​នៃ​ចំនួន​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ទាំងអស់ និង​បាន​បង្កើត​ការងារ​សរុប​ចំនួន​ជាង​១​លាន​កន្លែង ព្រមទាំង​បាន​ប្រើប្រាស់​ទុន​សម​មូល​សរុប​សម្រាប់​ការ​វិនិយោគ​ប្រមាណ​ជា​៤.៧០០​លាន​ដុល្លារ និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៩៣​ពាន់​លាន​ដុល្លារ​ផង​ដែរ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​មានការ​កើន​ឡើងជា​លំដាប់​។ ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០១៧ សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ថ្មី បាន​កើនឡើង​ជាង​៣​ពាន់​មូលដ្ឋាន​ស្មើ​កំណើន​ជាង​២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​បាន​ផ្តល់​ប្រកាស​បង្កើត​សហគ្រាស​សិប្បកម្ម​ថ្មី​ថ្នាក់​ជាតិ មាន​ចំនួន​៧៧៤​មូលដ្ឋាន និង​ថ្នាក់​ក្រោម​ជាតិ​ជាង​២​ពាន់​មូលដ្ឋាន​បន្ថែម​ទៀត និង​បាន​បង្កើត​ការងារ​ថ្មី​ជាង​២​ម៉ឺន​កន្លែង ប្រើប្រាស់​ទុន​វិនិយោគ​ជាង​១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​ផង​ដែរ ។

នៅ​ក្នុង​វិស័យ​ទាំង​៣​នេះ សម្រាប់​សហ គ្រាស​ធុន​មធ្យម​កម្មន្តសាល កម្ពុជា​មាន​សហ​គ្រាស​ប្រមាណ​ជាង​១​ពាន់​មូលដ្ឋាន ស្មើ​ជិត​១%​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្មន្ត​សាល និង​សិប្បកម្ម​ទាំងអស់ ដោយ​បាន​បង្កើត​ការងារ​ចំនួន​ជាង​១០​ម៉ឺន​កន្លែង និង​បាន​ប្រើប្រាស់​ផលទុន​សរុប​សម្រាប់​កា​រវិន​យោគ​ប្រមាណ​ជាង​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ដោយ ឡែក​សម្រាប់​សហគ្រាស​ធុន​តូច​កម្មន្ត​សាល កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ប្រមាណ​ជាង​១​ម៉ឺន​មូលដ្ឋាន ស្មើ​ជាង​៩% បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង និង​ប្រើប្រាស់​ផលទុន​សម​មូល​សរុប​សម្រាប់​ការ​វិនិយោគ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ និង​នាំ​មក​នូវ​ផលរបរ​ប្រចាំឆ្នាំ​ជាង​១៦​ពាន់​លាន​ដុល្លារ ។

ចំណែក​វិស័យ​សិប្បកម្ម​វិញ កម្ពុជា​មាន​សិប្បកម្ម​ប្រមាណ​ជាង​១០​ម៉ឺន​មូលដ្ឋាន ស្មើ​ជិត​៩០% នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្មន្តសាល និង​សិប្បកម្ម​ទាំងអស់ ដោយ​បាន​បង្កើត​ការងារ​ជាង​៤០​ម៉ឺន​កន្លែង និង​បាន​ប្រើប្រាស់​ទុន​សម​មូល សរុប​សម្រាប់​វិ​នោ​យោគ​​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ នាំ​មក​នូវ​ផលទុន​ប្រចាំឆ្នាំ​ជាង​៧៣​ម៉ឺន​លាន​ដុល្លារ ដោយ​ត្រូវ​បាន​បែងចែក​ជា​ពី​ផ្នែក​គឺ សិប្បកម្ម​មាន​ហា​នី​ភ័យ និង​សិប្បកម្ម​គ្មាន​ហា​នី​ភ័យ​ផង​ដែរ​។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​​ទទួលស្គាល់​ថា វិស័យ​នេះ​ពិតជា​មានការ​រីក​ចម្រើន​ដោយសារ​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ការ​ប្រកាស​បើក​នូវ​ធនាគារ​ថ្មី​មួយ ដើម្បី​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ។ លោក​បន្ត​ថា ទោះជា​យ៉ាងណា វិស័យ​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ផង​ដែរ ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​ពី​ផលិតផល​ពី​ប្រទេស​ជិតខាង ដែល​ចូល​មក​សម្លាប់​ផលិតផល​ក្នុងស្រុក ។

លោក​បន្ត​ថា ៖« ទោះ​យ៉ាងនេះ​ក្ដី យើង​លើកទឹកចិត្ត​ឲ្យ​អ្នក​ផលិត​ក្នុងស្រុក​បង្កើន​ផលិត​ភាព និង​គុណភាព​ផលិតផល​របស់​ខ្លួន ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង ខណៈ​ប្រជាជន​ខ្មែរ​បាន​និង​កំពុង​គាំទ្រ​ផលិតផល​ក្នុងស្រុក​កើនឡើង​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ