ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ស្ទីក​គ័​រ​ភាសា​ខ្មែរ​សម្រាប់​បិទ​លើ​ Keyboard​ ​ជា​លើក​ដំបូង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ របកគំហើញ​ថ្មី​មួយ​គឺ​ស្ទីក​គ័​រ​ភាសា​ខ្មែរ​សម្រាប់​បក​បិទ​លើ​ក្ដា​ចុច​(Keyboard)​ កុំព្យូទ័រ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) សហ​ការ​ជាមួយ​គ្រឹះស្ថានស្រាវជ្រាវ​ជាតិ​នៃ​ប្រទេស​កូរ៉េ​ (NRF) ។ ការ​បង្កើត​ស្ទីក​គ័​រ​នេះ​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​កាន់តែ​ងាយ​ស្រួល…

រាជធានី​ភ្នំពេញ ៖ របកគំហើញ​ថ្មី​មួយ​គឺ​ស្ទីក​គ័​រ​ភាសា​ខ្មែរ​សម្រាប់​បក​បិទ​លើ​ក្ដា​ចុច​(Keyboard)​ កុំព្យូទ័រ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC) សហ​ការ​ជាមួយ​គ្រឹះស្ថានស្រាវជ្រាវ​ជាតិ​នៃ​ប្រទេស​កូរ៉េ​ (NRF) ។ ការ​បង្កើត​ស្ទីក​គ័​រ​នេះ​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​កាន់តែ​ងាយ​ស្រួល ខណៈ​បច្ចុប្បន្ន Keyboard​ដែល​ប្រើប្រាស់​មាន​តែ​ជា​ភាសាឡាតាំង​ប៉ុណ្ណោះ ។

ថ្លែងប្រាប់​កោះសន្ដិភាព កាលពី​ថ្ងៃ​ទី​១៣ មីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក​សាស្ត្រាចារ្យ បណ្ឌិត ផាក យ៉ុ​ង គី (PARK YONG KI) ស្ថាបនិក​ដែល​មានគំនិត​ផ្ដួចផ្ដើម​បង្កើត​​ស្ទីក​គ័​រ​នេះ បាន​លើក​ឡើង​ថា នេះ​ជា​របកគំហើញ​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​លើ​​ផ្នែក​បច្ចេកវិទ្យា បន្ទាប់​ពី​លោក​បាន​មើលឃើញ​ពី​ផល​ពិបាក​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ ។

លោក​សាស្ត្រាចារ្យ​ថ្លែង​យ៉ាង​ដូច្នេះ ៖ « ការ​ប្រើ​ Keyboard ​ដែល​មាន​តែ​អក្សរ​ឡា​តាំង​ក្នុង​ការ​វាយ​ភាសាជាតិ​ខ្មែរ វា​ពិតជា​ពិបាក​។ ចំពោះ​អ្នក​ដែល​អនុវត្ត​ជា​ប្រចាំ វា​មិន​បញ្ហា​ទេ ប៉ុន្ដែ​ក៏​មិន​ងាយស្រួល​ដែរ​ក្នុង​ការ​ចាំ​គ្រប់​បែប​យ៉ាងនោះ ហើយ​ចំពោះ​អ្នក​ដែល​ទើប​នឹង​រៀន​កុំព្យូទ័រ​ដំបូង​ៗ វា​កាន់តែ​ពិបាក​ថែម​ទៀត ដោយ​ពួក​គេ​ត្រូវការ​ព្រី​ន​ក្ដា​ចុច​ជា​ភាសា​ខ្មែរ​ដាក់​ក្បែរ​ខ្លួន ឬ​បិទ​ជាប់​ជញ្ជាំង​ដើម្បី​រក​មើល​ព្យញ្ជនៈ ឬ​ស្រះ ដែល​នេះ​ជា​របាំង​រាំងស្ទះ​មួយ​ពី​ភាព​រីក​ចម្រើន​លើ​វិស័យ​កុំព្យូទ័រ​នៅ​ក្នុង​សង្គម​កម្ពុជា »​។

លោក​ថ្លែង​ថា ៖« ស្ទីក​គ័​រ​នេះ មានការ​ចូលរួម​ពី​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ជា​អ្នក​រចនា​ឡើង ដោយ​ខ្ញុំ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត និង​មានការ​ជួយ​ជ្រោមជ្រែង​ពី​សាស្ត្រាចារ្យ​ខ្មែរ​មួយ​ចំនួន​ទៀត ហើយ​យើង​យក​ទៅ​បោះពុម្ព​នៅ​ប្រទេស​កូរ៉េ ដោយ​ឆ្លងកាត់​ការ​ធ្វើតេស្ដ​សាកល្បង​ច្រើន​លើក​ច្រើន​សា ទើប​ចេញ​ជា​ផលិតផល​សម្រេច​នេះ »​។

លោក​សាស្ត្រាចារ្យ​បន្ដ​ថា ការ​ប្រើប្រាស់​ស្ទីក​គ័​រ​ភាសា​ខ្មែរ​នេះ មិន​ត្រឹមតែ​ជួយ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​កុំព្យូទ័រ​បាន​ងាយស្រួល​ជាង​មុន​នោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​ជួយ​ឲ្យ​មាន​ការ​​ប្រើប្រាស់​កុំព្យូទ័រ​កាន់តែ​ច្រើន​សម្រាប់​កិច្ចការ​ទូទៅ និង​ជំនួញ​នៃ​កុំព្យូទ័រ​ផង​ដែរ ។ ដូច្នេះ « ខ្ញុំ​សង្ឃឹមថា ស្ទី​គ័​រ​ភាសា​ខ្មែរ​សម្រាប់​បិទ​លើ​Keyboard​នេះ នឹង​ជួយ​សម្រួល​ដល់​ពួក​គាត់​ច្រើន ហើយ​យើង​ជឿជាក់​ថា ពួក​គាត់​នឹង​រីករាយ​ជាមួយ​របក​ឃើញ​ថ្មី​នេះ»។

ស្ទីក​គ័​រ​នេះ​មានគុណ​ភាពល្អ មិន​ហើរ​ពណ៌ ជាប់​ធន់​បាន​យូរ បោះពុម្ព​ដោយ​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​កូរ៉េ និង​អាច​បក​បិទ​បាន​នៅ​លើ​គ្រប់​Keyboard ទាំង​កុំព្យូទ័រ​លើ​តុ (Desktop)​និង​យូរ​ដៃ (Laptop) ។

លោក​សាស្ត្រាចារ្យ ផាក យ៉ុ​ង គី អះអាង​ថា ៖« បើ​យើង​ផលិត​មក​គ្មាន​គុណភាព មិន​ត្រូវ​តាម​ស្ដង់ដា ពិបាក​ប្រើប្រាស់ តើ​អ្នក​ណា​គេ​ប្រើ​ផលិតផល​យើង? ទន្ទឹម​នឹង​នេះ មុន​ពេល​ផលិត យើង​បាន​សិក្សា​ទៅ​លើ​ Keyboard​ជាង​១០០​ផ្សេង​ៗ​គ្នា​ដើម្បី​ឈ្វេងយល់​ពី​ភាព​ខុស​គ្នា ។ ដូច្នេះ ស្ទីក​គ័​រ​នេះ អាច​បិទ​លើ ​Keyboard គ្រប់​ប្រភេទ​ទាំងអស់ ទាំង​Desktop និង​Laptop » ។

លោក​សាស្ត្រាចារ្យ ខុន គឹ​ម​ស្រ៊​ន់ បង្រៀន​នៅ​វិទ្យាស្ថាន​ITC បាន​ឲ្យ​ដឹង​ដែរ​ថា ស្ទីក​គ័​រ​នេះ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ទើបនឹង​ចាប់ផ្ដើម​រៀន​កុំព្យូទ័រ ពិសេស​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​គាត់​ទើបនឹង​ចាប់ផ្តើម​ទទួលយក​បច្ចេកវិទ្យា​មក​ប្រើប្រាស់​ដើម្បី​បំពេញការងារ​ប្រចាំ​ថ្ងៃ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កន្លង​មក​បាន​ប្រកាស​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ការងារ ។

លោក​សាស្ត្រាចារ្យ​ថ្លែង​ថា ៖« ជា​ធម្មតា នៅ​ពេល​ចាប់ផ្ដើម​វាយ​អក្សរ​ខ្មែរ​ដំបូង យើង​នឹង​មើល​ក្រដាស​ព្រី​ន​ក្ដា​ចុច​អក្សរ​ខ្មែរ ដើម្បី​ដឹង​ថា ព្យញ្ជនៈ ឬ​ស្រះ​ណា​នៅ​លើ​គ្រាប់​Keyboard មួយ​ណា ព្រោះ​យើង​អត់​មាន​អក្សរ​ខ្មែរ​នៅ​លើ​Keyboard​នោះ​ទេ ។ សូ​ម្បី​តែ​ខ្ញុំ ពេល​ខ្លះ​ក៏​នឹក​មិនឃើញ អីចឹង​ត្រូវការ​ក្រដាស​ព្រី​ន​ក្ដា​ចុច​ជា​ជំនួយ​ដូច​គ្នា ។ ដូច្នេះ នៅ​ពេល​យើង​មាន​ស្ទីក​គ័​រ​សម្រាប់​បិទ​លើ​Keyboard​នេះ វា​បង្ហាញអក្សរ​ខ្មែរ​ឲ្យ​យើង​ឃើញ​ស្រាប់ អីចឹង​វា​ជួយ​យើង​ច្រើន ។ មួយវិញទៀត សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ទើប​នឹង​ចាប់ផ្ដើម​សិក្សា​កុំព្យូទ័រ ឬ​ពូ​មីង​ចាស់​ៗ ពិតជា​ពិបាក​មែន ធ្វើ​ឲ្យ​គាត់​មិន​មាន​អារម្មណ៍​ប្រើ​កុំព្យូទ័រ ព្រោះ​មិន​ចេះ​វាយ​អក្សរ​ខ្មែរ​។ ដូច្នេះ ប្រសិនជា​ពួក​គាត់​បិទ​ស្ទីក​គ័​រ​នេះ​នៅ​លើ​Keyboard ហើយ​យើង​ណែនាំ​តិចតួច គឺ​គាត់​អាច​ប្រើ​បាន​តែ​ម្ដង »​។

លោក​សាស្ត្រាចារ្យ​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ស្ទីក​គ័​រ​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​​​ពី​ប្រជាជន​ខ្មែរ ព្រោះ​វា​ជា​ជំនួយ​មួយ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ ពិសេស​បុគ្គលិក មន្ត្រី​រាជការ​ដែល​គាត់​ប្រើប្រាស់​ភាសាជាតិ​ជា​លិខិត​ស្នាម​ផ្សេង​ៗ ។ មួយទៀត ក៏​អាច​បង្កើន​ការ​ប្រើប្រាស់​ភាសាជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ ខណៈ​អ្នកខ្លះ​វាយ​អក្សរ​ឡា​តាំង​នៅ​លើ​បណ្ដាញ​សង្គម​តែ​ប្រកប​ជា​ភាសា​ខ្មែរ ។

គួរ​បញ្ជាក់​ថា នេះ​ជា​គម្រោង​មួយ​ដែល​មានការ​គាំទ្រ​ពី​គ្រឹះស្ថានស្រាវជ្រាវ​ជាតិ​នៃ​ប្រទេស​​កូរ៉េ ក្នុង​ក្នុង​ដំណាក់កាល​ទី​១ បាន​បោះពុម្ព​ចំនួន​១​ពាន់​សន្លឹក​មក​ចែកចាយ​ដល់​លោកគ្រូ​អ្នកគ្រូ សិស្ស​និស្សិត​នៅ​វិទ្យា​បច្ចេកវិទ្យា​កម្ពុជា និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដើម្បី​សាកល្បង ហើយ​នៅ​ចុងខែ​មីនា​នេះ នឹង​បោះពុម្ព​ចំនួន​៣​ពាន់​ច្បាប់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​កាន់តែ​ច្រើន ។

បើ​ទោះបីជា​គម្រោង​នេះ មិនមែន​ជា​ជំនួញ​ឬ​អាជីវកម្ម តែ​អ្នក​ប្រើប្រាស់​ត្រូវ​ចំណាយ​ជាង​​១​ដុល្លារ ​ដើម្បី​ទទួល​បាន​ស្ទីក​គ័​រ​១​សន្លឹក ក៏​ដូច​ជា​ចូលរួម​គាំទ្រ​ដល់​គម្រោង​នេះ​ឲ្យ​ដំណើរការ​ទៅ​រលូន និង​មាន​និរន្ដរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ