ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញពី​វិស័យឧស្សាហកម្ម​របស់កម្ពុជា​មាន​ទឹកប្រាក់ជិត​11​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​កម្ពុជា កាន់តែ​ធ្វើ​ពិពិធ​កម្ម​ក្នុង​ការ​នាំ​ចេញ ដោយ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន មាន​ទំហំ​ទឹកប្រាក់​ជិត​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ…

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​កម្ពុជា កាន់តែ​ធ្វើ​ពិពិធ​កម្ម​ក្នុង​ការ​នាំ​ចេញ ដោយ​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​មុន មាន​ទំហំ​ទឹកប្រាក់​ជិត​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១២ មីនា ថា ដោយ​សារ​វិស័យ​ឧស្សាហកម្ម​មានការ​រីក​ចម្រើន បាន​ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​បម្រើ​ការងារ​ឲ្យ​វិស័យ​​ឧស្សាហកម្ម​បាន​កើនឡើង ក្នុង​នោះ​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ មាន​កម្លាំង​ពលកម្ម​ជាង​៨​សែន​៤​ម៉ឺន​នាក់ និង​ផ្នែក​ផ្សេង​ៗ​ទៀត​មាន​ជាង​១​សែន​នាក់ ដោយ​បាន​ធ្វើ​ឲ្យ​តម្លៃ​សរុប​បរិមាណ​ផលិតផល​នាំ​ចេញ មាន​ចំនួន​ជិត​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១៧០% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ។

លោក​បន្ត​ថា ចំណែក​ឧស្សាហកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក​វិញ មាន​ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​២៨០%, ឧស្សាហកម្ម​នាំ​ចេញ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន​ចំនួន​ជាង​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១៣៥% និង​ឧស្សាហកម្ម​នាំ​ចេញ​​ផ្សេង​ទៀត​មាន​ដូច​ជា អង្ករ ស្ករស ចំណី​សត្វ កង់ កេស​កា​តុង កំប៉ុង​ស្រា​បៀរ ស្រា​បៀរ ភេសជ្ជ បារី ប្រដាប់​ព្យួរ​សម្លៀក​បំពាក់ ត្បូង​ពេជ្រ ខ្សែរូត​កីឡា និង​គ្រឿងសង្ហារិម ជាដើម មាន​ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​កំណើន​៥៩២% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ផង​ដែរ ។

របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ នៅ​កម្ពុជា​មាន​រោងចក្រ​ធុន​ធំ ដែល​បាន​ចុះបញ្ជី​សរុប​ជាង​១.៥០០​រោងចក្រ ស្មើនឹង​១៣៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ។ ក្នុង​នោះ​ឧស្សាហកម្ម​តម្បាញ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​កាបូប មាន​ចំនួន​ជាង​១​ពាន់​រោងចក្រ ស្មើនឹង​១២៩%​ផង​ដែរ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា កម្លាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​នេះ មាន​ជិត​១​លាន​នាក់ ស្មើនឹង​១៤៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ ដោយឡែក កម្លាំង​ពលកម្ម​ដែល​បាន​បម្រើ​​ការងារ​លើ​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប មាន​​ចំនួន​ជាង​៨​សែន​នាក់ ស្មើនឹង​៤១៣% ។ ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម មាន​ចំនួន​សរុប​ជាង​១​សែន​៥​ម៉ឺន​មូលដ្ឋាន ស្មើនឹង​១៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ និង​បាន​បន្ត​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​១​លាន​នាក់​ស្មើនឹង​២២៩% ហើយ​មាន​ផលរបរ​ប្រចាំឆ្នាំ​រហូត​ដល់​ជិត​១​លាន​ដុល្លារ ។

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិ​ន ឈិ​ន បាន​ថ្លែង​ថា សមិទ្ធផល​ទាំងឡាយ ប្រសិនបើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា គ្មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នោះ​ទេ កម្ពុជា​ក៏​មិន​មានការ​រីក​ចម្រើន​ដែរ ។ ជាក់ស្តែង គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​​តេ​ជោ បាន​នាំ​មក​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​ពេញ​ផ្ទៃ​ប្រទេស គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់​សម្រាប់​អភិវឌ្ឍន៍​គ្រប់​វិស័យ និង​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​​យ៉ាង​ឆាប់រហ័ស ដោយ​រក្សា​កំណើន​ខ្ពស់​ជា​មធ្យម​៧,៧% នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រកបដោយ​ចីរភាព សមធម៌ បរិ​យា​ប័ន្ន ហើយ​ធន់​នឹង​វិបត្តិ ដោយ​ធនាគារពិភពលោក​បាន​កត់ត្រា​ថា «​កម្ពុជា ជា​ប្រទេស​ឯកទត្ត​ករ​កំណើន​» និង​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រសិទ្ធ​នាម​ថា «​កម្ពុជា ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​ក្នុង​អាស៊ី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ