ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​វិស័យ​ថ្មី​មួយទៀត​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​កាន់តែ​មាន​លទ្ធភាព​ចំណាយ​លើ​ការ​វិនិយោគ​សាធារ​ណៈ​កាន់តែ​ច្រើន ដោយនៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​វិស័យ​ថ្មី​មួយទៀត​ចូលរួម​ជា​កម្លាំង​ច​លករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ វិស័យ​ថ្មី​នោះ គឺ​វិស័យ​រ៉ែ និង​ថាមពល ដែល​កម្ពុជា​នឹង​អាច​ទាញ​យក​ដំណក់​ប្រេង​លើក​ដំបូង…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​កាន់តែ​មាន​លទ្ធភាព​ចំណាយ​លើ​ការ​វិនិយោគ​សាធារ​ណៈ​កាន់តែ​ច្រើន ដោយនៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ប្រទេស​កម្ពុជា​នឹង​មាន​វិស័យ​ថ្មី​មួយទៀត​ចូលរួម​ជា​កម្លាំង​ច​លករ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

វិស័យ​ថ្មី​នោះ គឺ​វិស័យ​រ៉ែ និង​ថាមពល ដែល​កម្ពុជា​នឹង​អាច​ទាញ​យក​ដំណក់​ប្រេង​លើក​ដំបូង និង​អាច​ផលិត​មាស​បាន​ដោយ​ខ្លួនឯង​នៅ​ចុងឆ្នាំ​២០១៩ ខណៈ​បច្ចុប្បន្ន វិស័យ​វាយន​ភ័ណ្ឌ​កាត់ដេរ​និង​ស្បែកជើង​, វិស័យ​សំណង់​និង​អចលនទ្រព្យ​, វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម កំពុង​ឈានមុខ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​ប្រកប​ដោយ​​ឧត្តមភាព ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ការងារ​ក្រសួង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​ដល់​ពេល​អាច​ប្រមូល​ផល​ពី​ធនធាន​រ៉ែ​របស់​ខ្លួន​ដើម្បី​យក​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយ ជា​ពិសេស ប្រាក់​ចំណូល​ពន្ធ​បាន​មក​ពី​វិស័យ​រ៉ែ និង​ថាមពល ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ការ​ចែកចាយ​បណ្តាញ​ថាមពល​អគ្គិសនី ក៏​បាន​កើនឡើង​រហូត​ដល់​៨០%​នៅ​គ្រប់​បណ្តា​ភូមិ​ទូ​ទាំង​ប្រទេស​ផង​ដែរ វា​គឺជា​មោទនភាព​របស់​កម្ពុជា។

លោក​បន្ត​ថា ៖« ធនធាន​រ៉ែ​កម្ពុជា​មាន​ភាព​សម្បូរ​បែប ប៉ុន្តែ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​បាន​រក​ឃើញ​រ៉ែ​មាស​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​ផលិត​មាស​បាន​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ » ។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ចុងឆ្នាំ​មុន បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន KRISENERGY ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ទាញ​យក​ប្រេង​ចេញពី​ប្លុក​A​របស់​កម្ពុជា ដែល​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​វិស័យ​ប្រេងកាត​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

បើ​តាម​លោក យស់ មុនី​រ៉ាត អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​ធ្វើ​អាជីវកម្ម និង​ទាញ​យក​ធនធាន​ប្រេងកាត កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ដំណក់​ប្រេង​លើក​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា វា​ជា​ការ​ល្អ​ប្រសើរ​ណាស់ ដែល​កម្ពុជា​មាន​វិស័យ​ថ្មី​មួយ​អាច​ទាញ​យក​ថវិកា​ចូលជាតិ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង គឺ​យើង​មិន​ទាន់​មានច្បាប់​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ធនធាន​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​នៅឡើយ ។

លោក​បន្ត​ថា ៖« មានការ​ព្រួយបារម្ភ​ពី​អ្នកជំនាញ​ខ្លាច​កម្ពុជា​រង​បណ្តាសា​ពី​ធន​ធាន​ធម្ម​ជាតិ និង​បារម្ភ​ខ្លាច​ធនធាន​ទាំងនោះ​មិន​បាន​យក​មក​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ចជាតិ » ។ លោក​បន្ត​ថា ៖« ប្រសិនជា​កម្ពុជា​កសាង​មូលដ្ឋាន​ច្បាប់​បាន​រឹង​មាំ និង​មាន​អ្នកជំនាញ​អន្តរជាតិ​មក​ជួយ​ដើម្បី​គ្រប់គ្រង​ធនធាន​ទាំងនោះ​បាន ពិតជា​ល្អ​ណាស់​សម្រាប់​​យក​ធនធាន​មក​អភិវឌ្ឍន៍​ប្រទេស​របស់​យើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ