ខេត្តស្វាយរៀង ៖ មានបុរសជនជាតិវៀតណាមម្នាក់វ័យ៧៧ឆ្នាំ បានដេកស្លាប់នៅក្នុងអង្រឹង ក្នុងខ្ទមចាំស្រែធ្វើឲ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចដាក់ការសង្ស័យថា ខ្យល់គរ មូលហេតុជនរងគ្រោះផឹកស្រាស្រវឹងពេលចូលដេកក្នុងអង្រឹង បណ្តាលឲ្យខ្យល់គរ គាំងបេះដូងស្លាប់តែម្តង ។

បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យោ យ៉ាំងលើង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ឃុំផូហ៊ីប ស្រុកតាមណុង ខេត្តដុងថាប់ ប្រទេសវៀតណាម ហើយកាលពីថ្ងៃទី១២ ខែមិនានេះ ជនរងគ្រោះបានដេកនៅក្នុងខ្ទមចាំស្រែរបស់ឈ្មោះ កែវ ស៊ីណាត នៅភូមិកោះឫស្សី ឃុំទួលស្តី ស្រុកចន្ទ្រា ជាមួយឈ្មោះ លឿង យ៉ាំងហ្វាង ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអាងហោយឃុំអាងហ្វា ស្រុកត្រាងបាង ខេត្តតៃនិញ ។

ប្រភពដដែលបន្តទៀតថា នៅវេលាម៉ោងប្រហែល០៦និង៣០នាទីល្ងាចអ្នកទាំងពីរបានហូបស្រាសជាមួយគ្នា អស់ប្រហែល០១លីត្រ រហូតដល់ម៉ោងប្រមាណជា១០និង០០នាទីយប់ក៏ស្រវឹងចូលដេករៀងៗខ្លួន ។ លុះដល់ម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ ទើបឈ្មោះ លឿង យ៉ាំងហ្វាង ភ្ញាក់ឡើងក៏ប្រទះឃើញឈ្មោះ យោ យ៉ាំងលើង ដេកស្លាប់ក្នុងអង្រឹងតែម្តង ។
ក្រោយពិនិត្យពីផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា សពបានស្លាប់ដោយសាខ្យល់គរ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យទៅឈ្មោះ ង្វៀង ថាន់ទុង ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់សព នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី១៣ មិនា ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ