ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន​សិក្សា​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក​ D

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ បាន​ប្រគល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន ក្នុង​ការ​រុករក​ស្រាវជ្រាវ និង​សិក្សា​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក​D នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​រ៉ែ និង​ថាមពល ជា​សេនាធិការ បាន​ប្រគល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន ក្នុង​ការ​រុករក​ស្រាវជ្រាវ និង​សិក្សា​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក​D នៃ​ឈូង​សមុទ្រ​របស់​ប្រទេស​កម្ពុជា និង​ត្រៀម​ទាញ​យក​ធនធាន​ប្រេង​មក​ប្រើប្រាស់ ខណៈ​ធនធាន​រ៉ែ​ប្រេងកាត​នៅ​តំបន់​ប្លុក​A ត្រូវ​បាន​ក្រុមហ៊ុន​របស់​សិង្ហ​បុរី កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ត្រៀម​ទាញ​យក​នៅ​អំឡុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ដំណើរការ​នេះ​ទើបតែ​ទទួល​បាន​ចំណារ​ពី​រាជ​រដ្ឋា​ភិបាល​ឲ្យ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចរចា​ពី​កិច្ចការ​។ លោក​ថា ៖«​បច្ចុប្បន្ន​នេះ អ្វី​ដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​និង​តាមដាន​ជាប់​ជា​ប្រចាំ​នោះ គឺ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រោងចក្រ​ទាញ​យក​ប្រេងកាត​នៅ​តំបន់​ប្លុក​A ជា​មុន​សិន ។ ចំពោះ​ការ​អភិវឌ្ឍ និង​កិច្ចព្រមព្រៀង​លើ​ការ​អភិវឌ្ឍ​ប្រេងកាត​នៅ​តំបន់​ប្លុក​D នឹង​កើត​មាន​ឡើង​នៅ​ពេល​បន្ត​បន្ទាប់ » ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​ទាញ​ប្រេងកាត​នៅ​តំបន់​ប្លុក​A កំពុង​តែ​មាន​សកម្មភាព​ទៅ​មុខជា​បណ្តើរ​ៗ ហើយ​រហូត​មក​ដល់​ពេល​នេះ ពោល​គឺ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ការ​ខកខាន ឬ​បរាជ័យ​ដូច​គម្រោង​មុន​ៗ​ទេ ។ លោក​ថា ៖ «យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ពី​ការ​ទាញ​យក​ប្រេងកាត​នៅ​តំបន់​ប្លុក​A របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថ្មី​នេះ » ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​ប្រាកដប្រជា​នូវ​គម្រោង​ទាញ​យក​ប្រេង​ពី​ឈូង​សមុទ្រ​កម្ពុជា ក្រុមការងារ​អន្តរក្រសួង​ដែល​មាន​ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តែងតែ​ប្រជុំ​តាមដាន​ជា​រៀង​រាល់​ខែ​ពី​សកម្មភាព​ការងារ​អភិវឌ្ឍន៍​គម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ និង​រោងចក្រ​ទាញ​យក​ប្រេង​។ លោក​ថា ៖« បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​បាន​យក​ទឹកសមុទ្រ​ទៅ​វិភាគ​មើល​ពី​ស្ថានភាព​ប្រេង​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍ ។ ម្យ៉ាងទៀត ក្រុមការងារ​ក៏​បាន​ចុះ​ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកនេសាទ​នៅ​ខេត្ត​ជិត​ៗ​ដូច​ជា ខេត្តកំពត និង​កោះកុង ដើម្បី​សិក្សា​ឈាន​ទៅ​ការ​បូម​ប្រេង​នៅ​តំបន់​ជិត​ៗ​នោះ​ផង​ដែរ » ។

លោក ស៊ុ​យ ឌី​ម៉​ង់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ចព្រមព្រៀង​ប្រេងកាត​ក្នុង​ដែនសមុទ្រ​ប្លុក​A បាន​ឈាន​ចូល​ក្នុង​ដំណាក់កាល​ធ្វើ​អាជីវកម្ម​លើក​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្កើន​ចំណូល​ជាតិ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​លើក​ដំបូង ។

លើស​ពី​នេះ ក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​គម្រោង​សម្បទាន​ប្រេងកាត​ផ្នែក​ដោ​ន​ស្ទ្រី​ម​ចំនួន​១០​អាជ្ញាប័ណ្ណ ក្នុង​នោះ​បង្កើត និង​ដាក់​ឱ្យ​ដំណើរការ​មណ្ឌល​សន្និធិ​​ប្រេងឥន្ធនៈ​និង​មណ្ឌល​ឧស្ម័ន​ធម្មជាតិ​, ពង្រាង ផ្ដល់​គោលការណ៍​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​, គោលការណ៍​សិក្សា​លទ្ធភាព​គម្រោង​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន ព្រមទាំង​គម្រោង​សិក្សា​លទ្ធភាព​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ផង​ដែរ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting បាន​ថ្លែង​ថា ធនធាន​រ៉ែ​របស់​កម្ពុជា​មាន​ភាព​សម្បូរ​បែប​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន ហើយ​រាជរដ្ឋាភិបាល​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ដើម្បី​ទាញ​យក​ធនធាន​ទាំងនោះ​មក​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ ។
លោក​បន្ត​ថា ៖« ការ​ប្រើប្រាស់​ធនធាន​រ៉ែ​ទាំងនោះ​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ » ។

បើ​តាម​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​មិន​ត្រឹមតែ​មាន​ប្លុក​ប្រេង​តែ​ក្នុង​សមុទ្រ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ប្លុក​ប្រេង​នៅ​លើគោក​ចំនួន​១៩​ប្លុក​ផង​ដែរ ដែល​មិន​ទាន់​មានការ​ស្រាវជ្រាវ​នៅឡើយ​ទេ គឺ​មាន​តែ​មួយ​ប្លុក​ប៉ុណ្ណោះ ដែល​បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Petro Vietnam មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ប្រសព្វ​គ្នា​រវាង​ខេត្ត​ចំនួន​៣ គឺ​ខេត្តកំពង់ធំ ព្រះ​វិហារ និង​សៀម​រាប ។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ខែសីហា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន KRIS ENERGY ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ទាញ​យក​ប្រេងកាត​នៅ​តំបន់​ប្លុក​A នៃ​ឈូង​សមុទ្រ​កម្ពុជា ។ តាម​រយៈ​គម្រោង​នេះ កម្ពុជា​រំពឹង​ថា នឹង​មើលឃើញ​ដំណក់​ប្រេង​របស់​ខ្លួន​លើក​ដំបូង​បង្អស់​នៅ​អំឡុង​ចុងឆ្នាំ​២០១៩ ឬ​ដើមឆ្នាំ​២០២០ ខាង​មុខ និង​រំពឹង​ទទួល​បាន​ចំណូល​ពី​ធនធាន​ប្រេងកាត​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ