សហរដ្ឋអាមេរិក ៖ ការព្រមានប្រឆាំងគម្រោងយកពន្ធនាំចូលសហរដ្ឋអាមេរិកនៃដែកថែប និងអាលុយមីនីញ៉ូម និងពីគ្រោះថ្នាក់នៃសង្គ្រាមពាណិជ្ជកម្មមួយមានការកើនឡើងនាថ្ងៃទី៧ មីនា ក្រោយការសុំលាលែងរបស់ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ គឺលោក GARY COHN ដែលជាការពង្រឹងជួរពួកគាំពារនិយមសេដ្ឋកិច្ចនៅសេតវិមាន ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក DONALD TASK បានព្រមានថា សង្គ្រាមពាណិជ្ជកម្មវា
អាក្រក់ ហើយងាយស្រួលធ្វើឱ្យមានការខាតបង់ខ្ពស់ ។
ការប្រកាសកាលពីយប់ថ្ងៃទី៦ មីនា ពីការចាកចេញរបស់លោក GARY COHN អតីតមេដឹកនាំធនាគារ GOLDMAN SACHS ចាត់ទុកជាមនុស្សសំខាន់ទប់ទល់នឹងលទ្ធិជាតិនិយមសេដ្ឋកិច្ចរបស់លោកដូណាល់ ត្រាំ ប៉ះពាល់ដល់បណ្តាទីផ្សារភាគហ៊ុនប្រេងកាត និងប្រាក់ដុល្លារ ។ ពួកអ្នកវិនិយោគបារម្ភពីបណ្តាវិធានការតបតវិញជាយថាហេតុនានារបស់បណ្តាដៃគូពាណិជ្ជកម្មសហរដ្ឋអាមេរិកដូចជាកាណាដា ចិន និងអឺរ៉ុប ដែលគំរាមកំហែងដល់សង្វាក់កំណើនសេដ្ឋកិច្ចពិភពលោក ។
លោកត្រាំ ដែលប្រកាន់យកទ្រឹស្តី «AMERICA FIRST» (គិតដល់អាមេរិកមុនគេ) ប្រកាសថា សហរដ្ឋអាមេរិកនាសប្តាហ៍នេះនឹងកំណត់សម្រាប់គ្រប់ប្រទេសទាំងអស់យកពន្ធគយ២៥% លើការនាំចូលដែកថែប និង១០%លើការនាំចូលអាលុយមីនីញ៉ូម ដើម្បីការពារឧស្សាហកម្មស្លដែកអាេមរិក ដែលរងគ្រោះជាច្រើនទសវត្សដោយសារពាណិជ្ជកម្មពុំស្មើភាព ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RTL អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី CHRISTINE LAGARDE បានព្រមានថា ក្នុងសង្គ្រាមពាណិជ្ជកម្មមួយគ្មាននរណាចំណេញឡើយ និយាយរួមគឺខាតទាំងសងខាង ។
សហភាពអឺរ៉ុបបានរៀបចំហើយនូវបញ្ជីបណ្តាផលិតផលអាមេរិក ដែលអាចយកពន្ធក្នុងករណីលោកត្រាំ នៅតែមានះធ្វើតាមបំណងលោក ។ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃទី៦ មីនា នៅក្រុងវ៉ាស៊ីនតោនជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក STEFAN LOFVEN លោកត្រាំ អះអាងថា លោកពុំខ្លាចឡើយ ក្នុងការដើរទៅរកជម្លោះ ទោះបីការរិះគន់នានាប្រឆាំងគម្រោងលោកមានច្រើនក្នុងផ្ទៃគណបក្សសាធារណរដ្ឋរបស់លោកក៏ដោយ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ