ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ និង​ហានិភ័យ​នៃ​ការ​ទូទាត់​ទំនិញ ​ឬ​សេវា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ទូទាត់​ទំនិញ ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នា​ពេល​បច្ចុប្បន្ន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​​ប្ដូរ​ការ​ទូទាត់​តាម​បែប​ប្រពៃណី មក​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ ការ​ធ្វើ​ទំនើប​កម្ម​ខាង​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​នេះ ពិតជា​ផ្ដល់​ភាព​ងាយស្រួល…

រាជធានី​ភ្នំពេញ ៖ ការ​ទូទាត់​ទំនិញ ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នា​ពេល​បច្ចុប្បន្ន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​​ប្ដូរ​ការ​ទូទាត់​តាម​បែប​ប្រពៃណី មក​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ ការ​ធ្វើ​ទំនើប​កម្ម​ខាង​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​នេះ ពិតជា​ផ្ដល់​ភាព​ងាយស្រួល ចំណេញ​ពេលវេលា និង​មាន​ទំនុកចិត្ត​ខ្ពស់​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ពិសេស​គឺ​ជួយ​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីក​ចម្រើន តាម​រយៈ​ល្បឿន​នៃ​ការ​ទិញ​-​លក់ ។

ទោះបី​យ៉ាងនេះ​ក្ដី ក៏​មាន​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ប្រសិនបើ​ប្រតិបត្តិការ​ទូទាត់​នោះ​មិន​បាន​ត្រឹមត្រូវ ឬ​គណនី​ធនាគារ​ត្រូវ​បាន​គេ​លួច (Hack) ខណៈ​ប្រព័ន្ធ​ការពារ​សុវត្ថិ​ភាព​ខាង​បច្ចេកវិទ្យា​នៅ​មាន​កម្រិត ។

ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៧ មីនា ថា ការ​ចាយប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ពិតជា​ផ្ដល់​គុណសម្បត្តិ​ច្រើន និង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ប្រតិបត្តិការ​ទូទាត់​រហ័ស និង​ចំណេញ​ពេលវេលា ។

លោក​ថ្លែង​ថា ៖« ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក វា​ចំណេញ​ដល់​សេដ្ឋកិច្ច​ច្រើន​ដោយ​សារ​លុយ​រក្សា​ទុក​នៅ​តែ​ក្នុង​ធនាគារ ហើយ​ប្រតិបត្តិការ គឺ​មាន​តែ​តួលេខ​ប៉ុណ្ណោះ ។ អីចឹង ធនាគារ​អាច​យក​ប្រាក់​ទាំងនោះ​ទៅ​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​សាធា​រណជន ឬ​អាជីវករ ជាដើម ។ អីចឹង វា​មិន​ខុស​ពី​ការ​ជួយ​សន្សំ​ប្រាក់​នោះ​ទេ ពីព្រោះ​លុយ​ហ្នឹង​នៅ​ក្នុង​តែ​ធនាគារ ដោយ​មិន​បាន​ដក​យក​មក​ប្រើ​ទេ » ។

ទោះបី​យ៉ាងនេះ​ក្ដី លោក​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តែ​រក្សា​លុយ​ក្នុងផ្ទះ​នៅឡើយ ដោយ​មិន​ទាន់​ប្រើ​បណ្ដាញ​ធនាគារ​ដើម្បី​ទូទាត់​ទំនិញ ឬ​សេវាកម្ម​នានា​ច្រើន​ផុសផុល​នៅឡើយ ព្រោះ​មិន​ទាន់​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​សន្ដិសុខ​ផ្នែក​ព័ត៌មានវិទ្យា ។

លោក ង៉ែត ជូ ថ្លែង​ថា ៖« ហានិភ័យ វា​អាច​នៅ​មាន​ច្រើន​ដែរ ដោយសារ​កាលណា​យើង​និយាយ​ពី​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ប្រព័ន្ធ​ព័ត៌មានវិទ្យា​គឺ​សំខាន់​ណាស់ ដូច​ជា ការ​លួច (Hack) ចូល​គណនី​ផ្ទេរ​សាច់ប្រាក់​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត ជាដើម ។ ក្រៅពី​នេះ ទំនុកចិត្ត​ពី​អតិថិជន​ទៅ​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​យល់​ដឹង​ពី​អ្នក​ប្រើប្រាស់ ក៏​ជា​ចំណែក​មួយ​ដែរ ប៉ុន្ដែ​អ្វី​ដែល​ជា​ហានិភ័យ​ធំ​នោះ គឺ​សមត្ថភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នៅ​មាន​កម្រិត » ។

លោក​បណ្ឌិត ម៉ី កល្យាណ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា មាន​ប្រសាសន៍​ថា និន្នាការ​ប្រើ​ប្រាស់​​លុយ​តាម​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកលលោក​ទាំងមូល ដែល​ប្រទេស​អភិ​វឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ។ ចំណែក​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។ លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន ទើប​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​បណ្ឌិត​ពន្យល់​បន្ថែម​ថា ដោយសារ​ល្បឿន​នៃ​ការ​ប្រើប្រាស់​លុយ​លឿន បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន​ជាង​មុន និង​សកម្មភាព​សេដ្ឋកិច្ច​មាន​កំណើន​ផង​ដែរ។

លោក​បណ្ឌិត ម៉ី កល្យាណ ថា ៖« ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច​មាន​ទ្រឹស្តី​នៃ​ល្បឿន​ការ​ប្រើប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង​ក៏​លឿន​ដែរ » ។

បើ​ទោះបី​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា មាន​ការ​លួច​ចូល​យក​ទិន្នន័យ (Hacker) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) ក្នុង​រយៈពេល​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ ការ​ស្នើ​សុំ​ប័ណ្ណឥណទាន​មាន​កំណើន​៩៤% បើ​ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំ​ដដែល ។ កំណើន​នេះ​ភាគច្រើន​នៅ​តំបន់​ទំនាប ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​តំបន់​បឹង​ទន្លេសាប ខណៈ​ខេត្តសៀមរាប​មាន​កំណើន​មធ្យម ។ ចំណែក​តំបន់ឆ្នេរ និង​ខ្ពង់រាប បាន​​ធ្លាក់​ចុះ​បន្ដិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ