ខេត្តស្ទឹងត្រែង ៖ នារដូវធ្លាក់ខ្យល់ក្នុងខែផល្គុនដល់ចុងខែចេត្រ ត្រួយច្រេសបានចាប់ផ្តើមលាស់ត្រួយពណ៌បៃតងខ្ចី និងកំពុងមានវត្តមានលើទីផ្សារ ដោយទទួលការពេញនិយមបំផុតពីស្ត្រីមេផ្ទះ ក្នុងបរិយាកាសផ្លាស់ប្តូររសជាតិនៃមុខម្ហូបក្នុងក្រុមគ្រួសារ ។

ស្ត្រីដែលជាអ្នកភូមិជនបទ នាព្រឹកព្រលឹមឡើងតែងនាំនូវបន្លែធម្មជាតិមួយចំនួនមកកាន់ផ្សារក្រមួន ហើយរៀបចំដាក់លក់ជាធម្មតាក្នុងនោះបន្លែដែលចាប់អារម្មណ៍បំផុតគឺត្រួយច្រេស ។ ស្ត្រីអ្នកលក់ម្នាក់និយាយថា ត្រួយច្រេសនេះ មិនមែនអាចបេះយកមកលក់បានរាល់ថ្ងៃឡើយ គឺវាមានរដូវកាលរបស់វា រដូវធ្លាក់ខ្យល់ក្នុងខែផល្គុនវាចាប់ផ្តើមលាស់ត្រួយខ្ចី ហើយអ្នកភូមិតែងបេះយកធ្វើជាបន្លែ និងយកទៅលក់នៅឯផ្សារផងដែរ ។ ត្រួយច្រេសនេះ មានរយៈពេលតែមួយខែប៉ុណ្ណោះ លុះដល់ចុងខែចេត្រស្លឹកនឹងចាស់មិនអាចបេះធ្វើបន្លែបានទៀតឡើយ។ កម្រៃដែលត្រូវលក់ទៅអ្នកបរិភោគគឺ ចងបាច់លក់ក្នុងមួយដុំ៥០០រៀលប៉ុណ្ណោះ ។

សុភាពនារីជាស្ត្រីមេផ្ទះ ដែលនិយមគាំទ្រត្រួយរុក្ខជាតិនេះបានលើកឡើងថា ក្នុងមួយឆ្នាំឃើញអ្នកភូមិយកមកលក់តែម្តងទេ រយៈពេញមួយខែគឺនៅខែមីនាដល់ចុងខែមេសា ។ ត្រួយរុក្ខជាតិនេះមានរសជាតិឆ្ងាញ់ ដោយគេអាចយកធ្វើជាបន្លែស្លបានមុខម្ហូបច្រើនមុខ ជាពិសេសសម្លម្សៅ និងសម្លកកូរជាដើម ។ដើមច្រេស គេឃើញដុះធំធាត់នៅតាមតំបន់ខ្ពង់រាប ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដូចខាងលើខាងលើ ដើមរបស់វា ក៏ជាសត្រូវរបស់មនុស្សដែរ ដោយសារដើមច្រេសជាប្រភេទឈើប្រណីត ហើយត្រូវបានអ្នកប្រើប្រាស់ចាប់អារម្មណ៍ និងកុម្មង់ទៅអ្នកអារឈើយកមកធ្វើជាគ្រឿងសង្ហារិម តុបតែងគេហដ្ឋាន ។ បច្ចុប្បន្ន ពួកដើមច្រេសនេះ ស្ទើរវិនាសហិនហោច ដោយសារអ្នកកាប់បំផ្លាញផងដែរ ៕

ចែករំលែកព័តមាននេះ