ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញក៏សប្បាយដែរ ប្រពៃណីចាប់ត្រី១ឆ្នាំ​ម្តងរបស់អ្នក​ភូមិ​នេះ​

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖​ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​នៅ​ត្រង់​​ចំណុច​ត្រពាំង​ក្រម ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដោយ​ពួក​គាត់​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​បុរាណ​ប៉ុណ្ណោះ​ ឱ្យ​ស្មើភាព​គា្ន ដូច​ជា​ឈ្នាង…

ខេត្តត្បូងឃ្មុំ ៖​ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​នៅ​ត្រង់​​ចំណុច​ត្រពាំង​ក្រម ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដោយ​ពួក​គាត់​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​បុរាណ​ប៉ុណ្ណោះ​ ឱ្យ​ស្មើភាព​គា្ន ដូច​ជា​ឈ្នាង អង្រុត ឆ្នុក ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា ដោយ​ម្នាក់​ៗ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ។ ក្នុង​នោះ ​អ្នក​ណា​ដែល​ពូកែ​រក​អាច​បាន​កន្លះ​ថង់​ក៏​មាន ។ ពិធី​នេសាទ​ត្រី​រួម​គ្នា​នេះ​ បាន​កើត​មាន​ជា​ទម្លាប់​ពី​បុរាណកាល​រហូត​មក​ដល់​សព្វថ្ងៃ និង​នៅ​តែ​បន្ត​ធ្វើ​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

លោក អួ​ច យឿ​ង មេឃុំ​ជាំ​ក្រវៀន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មីនា​ថា អ្នក​ដែល​នេសាទ​ត្រី​ក្នុង​ត្រពាំង​ខាងលើ មាន​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី មិន​ត្រឹមតែ​ឃុំ​ជាំ​ក្រវៀន​មួយ​ប៉ុណ្ណោះ​ទេ មាន​មក​ពី​ឃុំ​ជិតខាង​ដោយ​ក្នុង​ដៃ​ម្នាក់​ៗ សុទ្ធតែ​មាន​ឧបករណ៍​នេសាទ​បុរាណ​ស្របច្បាប់ ដោយ​នាំ​គ្នា​ហ៊ោ​រក​ញ្ច្រៀ​វ​សប្បាយ​ពេល​ដែល​ចាប់​បាន​ត្រី មាន​អ្នកខ្លះ​នាំ​គ្នា​អាំង ដើម្បី​ទទួលទាន​ជាមួយនឹង​បាយ​ដែល​វេច​ពី​ផ្ទះ ។
លោក​មេឃុំ​ជាំ​ក្រវៀន​បាន​រំលឹក​ថា នៅ​រដូវប្រាំង​មក​ដល់ ពេល​មុន​ចុះ​ចាប់​ត្រី​១​ខែ គឺ​មាន​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចុះ​មក​ការពារ​នៅ​តាម​មាត់បឹង ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​មក​ឆក់​ត្រី​ក្នុង​ត្រពាំង​ដ៏​ធំ​នេះ​ទេ ។ បន្ទាប់​មក​ទៀត មុន​ពេល​ដែល​មាន​ពិធី​ចុះ​ចាប់​ត្រី​ចំនួន​២​ថ្ងៃ ក៏​មាន​ដាក់​ធុងបាស និង​ល្បែង​កម្សាន្ត​ផ្សេង​ៗ​ទៀត ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ទាំងថ្ងៃទាំងយប់​នៅ​មាត់បឹង​មាន​ម្លប់​ដើមឈើ ។

សម្រាប់​ផ្ទៃដី​បឹង​ដែល​គេ​ហៅ​ថា​ត្រពាំង​ក្រម​នេះ​វិញ​នៅ​ក្នុង​រដូវវស្សា មាន​ទំហំ​ប្រមាណ​២០​ហិ​កតា​គឺ​ទឹក​ល្វឹងល្វើយ ។ លុះដល់​ខែប្រាំង ទឹក​បឹង​នានា​នៅ​ផ្នែក​ខាងលើ បាន​ហូរ​ធ្លាក់​ចូល​មក​បឹង​ធំ​តែ​មួយ ដោយ​នាំ​ត្រី​មក​ជាមួយ​ផង ហេតុនេះ​ទើប​ធ្វើ​ឱ្យ​សំបូរ​ត្រី លើ​ផ្ទៃ​ទឹក​ប្រមាណ​១​ហិ​កតា ។ ចំពោះ​ត្រី​វិញ​មាន​ត្រី​អណ្តែង ត្រី​កញ្ចុះ ត្រី​ឆ្ពិន ត្រី​ក្រាញ់ ត្រី​រ៉ស់ មាន​គ្រប់​ប្រភេទ ។ពិធី​ប្រពៃណី​នេះ​ក៏​ជា​សោភ័ណ​ភាព​និង​បញ្ជាក់​ពី​សាមគ្គី​ភាព រវាង​អ្នក​ភូមិ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។ ក៏​មាន​ដើមឈើ​តូច​ធំ​បាន​ចោល​ម្លប់​ត្រឈឹងត្រឈៃ និង​ជា​មួយ​នោះ​ក្នុង​នាម​អាជ្ញាធរ​ឃុំ ក៏​មាន​ផែនការ​នឹង​ធ្វើការ​ដាំ​ដុះ​ដើមឈើ​បន្ថែម​ទៀត ឱ្យ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ សម្រាប់​ឱ្យ​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ជ្រក​ជា​ម្លប់ ។

លោក​អនុសេនីយ៍ឯក បេង ឫ​ទ្ធី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​ក្រវៀន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​ពិធី​ចាប់​ត្រី​ម្តង​ៗ​ប្រចាំឆ្នាំ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ដែល​បាន​មក​កម្សាន្ត​ចាប់​ត្រី​ដោយ​មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​ទាំង​ក្មេង​ទាំង​ចាស់ បាន​ចូលរួម​ច្រើន​កុះករ​រហូត​ដល់​ទៅ​រាប់​ពាន់​នាក់ ។ លោក​ថា ជា​រៀង​រាល់​ឆ្នាំ​ត្រពាំង​ក្រម​នេះ​ប្រជាពលរដ្ឋ​តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី ដោយ​បាន​ធ្វើ​ឡើង​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ។ ជាមួយ​នោះ​រូប​លោក​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​មេត្តា​នាំ​គ្នា​ខិតខំ​ប្រឹង​ថែរក្សា ពពួក​មច្ឆា​ជាតិ​តូច​ធំ ឱ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង ពោល​គឺ​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដើម្បី​ឱ្យ​ត្រី​កាន់តែ​សំបូរ​ឡើង​ៗ ។

ពិធី​ខាងលើ​នេះ ​មាន​អ្នកខ្លះ​ចាប់​បាន​ត្រី​ពី​១​គីឡូក្រាម​ក្នុង​ម្នាក់ តែបើ​អ្នកខ្លះ​ពូកែ​ប៉ិន​ប្រសប់​និង​រហ័សរហួន​អាច​បាន​កន្លះ​បាវ​ក៏​មាន​ដែរ​។ ក្រោយ​ពេល​ចាប់​បាន​ត្រី​ហើយ គេ​នាំ​គ្នា​ដុត​អាំង​រួម​គ្នា​ហូប​ជុំ​យ៉ាង​សប្បាយ​រីករាយ​ ៕​​