ខេត្តព្រៃវែង ៖ លោក សរ គ្រុយ ជាកសិករនៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង បានប្រាប់កោះសន្តិភាពថា ការធ្វើស្រែប្រាំងមិនមែនជាការងារដែលងាយស្រួលនោះទេ ប៉ុន្តែវាក៏មិនពិបាកណាស់ណាដែរ បើយើងដឹងពីរបៀបធ្វើនិងវិធីទប់ស្កាត់បញ្ហា ហើយក៏ទទួលបានទិន្នផលខ្ពស់ថែមទៀតផង ជាពិសេសបើយើងអាចដឹងពីតម្លៃហាងឆេងស្រូវនៅលើទីផ្សារទៀតគឺរឹតតែល្អ ។

លោក សរ គ្រុយ បានប្រាប់ពីបទពិសោធន៍ដែលគាត់ធ្លាប់ជួបប្រទះ ក្នុងការធ្វើស្រូវប្រាំងជាច្រើនឆ្នាំកន្លងមកថា ក្រោយពីភ្ជួររាស់ដីនិងព្រោះគ្រាប់ពូជរួច ស្រូវចាប់ផ្តើមចេញពន្លក បញ្ហាដែលជួបប្រទះមុនគេគឺខ្យងស៊ីស្រូវ បើយើងមិនកម្ចាត់វាចោលទេ ខ្យងនឹងស៊ីដើមស្រូវអស់ ។ ដើម្បីកម្ចាត់ខ្យង គេត្រូវធ្វើចង្អូរបង្ហូរទឹកចេញពីក្នុងស្រែឱ្យអស់ បើក្នុងស្រែគ្មានទឹក ថ្ងៃក្តៅខ្យងមិនអាចរស់នៅបានទេ វានឹងងាប់ឬរត់ទៅរកកន្លែងផ្សេងដែលមានទឹក ។ ប៉ុន្តែគេក៏អាចប្រើវិធីសាស្ត្រម្យ៉ាងទៀតដែរ គឺនាំគ្នាដើររើសប្រមូលខ្យងចេញពីក្នុងស្រែឱ្យអស់ ទាំងខ្យងហើយនិងពងរបស់វា ។

សម្រាប់ដំណាក់កាលទី២ គឺនៅពេលដើមស្រូវចាប់ផ្តើមលូតលាស់ ចេញស្លឹកខ្ចីខៀវស្រងាត់ បញ្ហាប្រឈមគឺរឿងសត្វល្អិតនិងជំងឺក្រាស៊ី ។ បើយើងធ្វេសប្រហែសតែបន្តិចត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ វានឹងធ្វើឱ្យស្លឹកស្រូវប្រែពណ៌ទៅជាក្រហមចុង ដើមក្រិនលូតលាស់មិនរួច ។ ដំណាក់កាលនេះ គេត្រូវដាក់ទឹកបញ្ចូលស្រែឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យសត្វល្អិតកើតមានច្រើន ហើយត្រូវប្រើថ្នាំបាញ់បង្ការភ្លាមៗ បើសិនជាពិនិត្យឃើញថា ស្រូវបម្រុងកើតជំងឺក្រាស៊ី ។ បញ្ហាស្មៅក៏ដូចគ្នាដែរ គេមិនត្រូវទុកឱ្យស្មៅដុះច្រើនជាងស្រូវនោះទេ ព្រោះវាធ្វើឱ្យស្រូវអន់ហើយទិន្នផលក៏ធ្លាក់ចុះទៅតាមនុះដែរ ។

ចំណែកដំណាក់កាលចុងក្រោយ គឺនៅពេលដែលស្រូវចេញដង្ហើមនិងចាប់ផ្តើមដាក់គ្រាប់ ភាគច្រើនដើមស្រូវនឹងកើតជំងឺម្យ៉ាងទៀតឈ្មោះថា ជំងឺបាក់កកួរស្រូវ ។ ជំងឺនេះបើតាមអ្នកជំនាញមន្ទីរកសិកម្មខេត្ត បានអះអាងថា វាកើតឡើងដោយសារតែការប្រើជី ដែលមានសារធាតុអាហ្សូតខ្ពស់ពេក ។ ដូច្នេះដំណោះស្រាយ គឺយើងត្រូវប្រើជីបំប៉នប្រភេទណា ដែលមានកម្រិតអាហ្សូតតិចបំផុត ប៉ុន្តែបើជ្រុលកើតជំងឺនេះហើយ យើងគ្រាន់តែបញ្ឈប់ការប្រើជីដែលមានជាតិអាហ្សូតទៅ នោះជំងឺនេះនឹងបាត់ទៅវិញ ហើយដើមស្រូវក៏ត្រឡប់ទៅជាល្អប្រសើរវិញដែរ ។

ដោយឡែក ប្រជាកសិករជាច្រើនទៀតនៅស្រុកស្វាយអន្ទរ បានបញ្ជាក់ដែរថា ក្រៅពីវិធីសាស្ត្រខាងលើនេះ វិធីសាស្ត្រជ្រើសរើសពូជស្រូវក៏សំខាន់ដែរ ។ យើងត្រូវជ្រើសយកពូជស្រូវណាដែលធន់នឹងជំងឺ ធន់នឹងអាកាសធាតុ និងប្រើរយៈពេលដាំដុះខ្លី ជាពិសេសគឺប្រព័ន្ធធារាសាស្ត្រតែម្តង បើមានទឹកគ្រប់គ្រាន់យើងអាចធ្វើស្រូវបានដល់ទៅ៣ដងក្នុង១ឆ្នាំ ៕

ចែករំលែកព័តមាននេះ