រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ធ្នូ ២០១២ នៅមុខធនាគារអេស៊ីលីដា តាមបណ្តោយមហាវិថីព្រះមុនីវង្សកែងផ្លូវលេខ៨៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលខណៈពេលប្រទះឃើញសត្វអាញីដែលជាប្រភេទសត្វកម្រមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានហើរទៅទុំនៅលើខ្សែភ្លើង ។
ពេលប្រទះឃើញបែបនេះប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុបបាននាំគ្នាទៅចោមរោមមើលសត្វអាញីមួយក្បាល ពណ៌ប្រផេះ ទុំនៅលើខ្សែភ្លើងធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នករត់ម៉ូតូឌុបខ្លះនាំគ្នាឡើងលើបង្គោលភ្លើង ខ្លះទៀតឡើងជិះ.កគ្នាដើម្បីយកឈើធ្វើជាតម្ពក់ទាក់អាញីឱ្យចុះមកក្រោមវិញ ហើយឈរយកក្រណាត់ត្រងពីខាងក្រោមកុំឱ្យធ្លាក់ដល់ដី ។ សត្វអាញីមួយក្បាលនោះត្រូវបានអ្នករត់ម៉ូតូឌុបជាអ្នកទាក់ឱ្យចុះមកវិញ ហើយយកខ្សែចងជើងខ្លាចហើរទៅបាត់ ឬក៏ទៅទុំលើខ្សែភ្លើងខ្លាចឆក់ស្លាប់ ។
បន្ទាប់ពីទាក់សត្វអាញីមួយក្បាលនោះបានហើយអ្នកចោមរោមមើលខ្លះលើកឡើងថា អាញីជាសត្វកម្រជិតផុតពូជទៅហើយ អ៊ីចឹងប្រគល់ឱ្យអភិរក្សសត្វព្រៃយកទៅព្រលែង តែអ្នកដែលចាប់អាញីបាននោះប្រាប់ថា វាជាសត្វមានតម្លៃខ្លាំងណាស់ គាត់ទុកយកទៅលក់វិញ ។ ស្របពេលនោះមានបុរសម្នាក់សុំទិញយកទៅព្រលែងដែរ តែអ្នកចាប់បាននោះមិនព្រមលក់ឱ្យទេ បានយកសត្វអាញីនោះទៅចងទុកនៅជិតកន្លែងរបស់ពួកគេឈប់ចាំដឹកម៉ូយ ៕
ចែករំលែកព័តមាននេះ