ខេត្តស្ទឹងត្រែង ៖ ទួលអង្ករខ្មៅជាទួលមួយនៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅក្រោយសាលាស្រុកចាស់ប្រមាណ៣០០ម៉ែត្រ ។
អង្ករខ្មៅពុំដឹងថា មានប្រវត្តិយ៉ាងណាទេ ប៉ុន្តែរូបរាងរបស់វាដូចអង្ករយើងសុទ្ធសាធ តែខ្មៅក្រឹប ហើយមិនដូចអង្ករដំណើបទេ ។
អង្ករខ្មៅ ឬហៅថា អង្ករនាងខ្មៅ ហាក់មានន័យអាថ៌កំបាំង ដោយពុំអាចមាននរណា សន្និដ្ឋានបានថា តើមូលហេតុអ្វីបានជាខ្មៅក្រឹបយ៉ាងនេះទេ ? ហេតុអ្វីអង្ករនេះមិនពុកផុយ និងរលួយ ពេលត្រូវទឹកនៅក្នុងដីរាប់រយឆ្នាំមកហើយ តើអង្ករខ្មៅគេទុកដើម្បីអ្វី ?

អ្នកស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានចាត់ទុកគ្រាប់សំណាកអង្ករនាងខ្មៅ ហៅអង្ករខ្មៅ ជាសម្បត្តិវប្បធ៌ម បន្សល់ទុកពីដូនតា តាំងពីសម័យកសាងប្រាសាទព្រះគោមក ។
នៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ននេះ គេបានរកឃើញសម្បត្តិបុរាណច្រើន ដូចជាប្រាសាទព្រះគោ ប្រាសាទគូរ បឹងវាលរំពេរ ត្រពាំងខ្នារ និងមរតកមានតម្លៃជាច្រើនទៀត ជាពិសេសនៅក្បែរប្រាសាទព្រះគោ ដែលមានទីកន្លែងទុកអង្ករខ្មៅ១តាំងពីសម័យដើម តែមិនទាន់មានការអភិរក្សនៅឡើយ ។

ពាក់ព័ន្ធទៅនឹងសំណាកអង្ករខ្មៅ ដែលបន្សល់ទុកក្នុងដីនោះ លោកតាសៅ មី អាយុ៨៦ឆ្នាំរស់នៅជិតនោះឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា «អង្កខ្មៅ»គាត់បានឃើញតាំងពីអំឡុងឆ្នាំ១៩៤០មកម្ល៉េះ ។ គាត់ឃើញវានៅតាមរណ្ដៅពីកន្លែងមួយទៅកន្លែងមួយដែលបង្ហាញពីភស្តុតាងជារបស់ខ្មែរជំនាន់ដើម ។ អង្ករខ្មៅ គាត់បានឃើញតាំងពីអាយុជាង១០ឆ្នាំ តែមកដល់ពេលនេះវានៅតែរក្សាបានរូបរាងដើមដែល គ្រាន់តែវានៅរាយប៉ាយ និងកប់ក្នុងដីខ្លះ នៅលើគោកខ្វះ ។ ចំណែកឆ្នាំងសម្រាប់ដាំអង្ករនេះចាស់ជំនាន់ដើមនិយាយថា ពួកទ័ពសៀម បានគាស់យកទៅបាត់ហើយ ។

លោកអ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា នៅទីតាំងដែលមានរូបសំណាកគ្រាប់អង្ករខ្មៅនោះ ពិតជារបស់ដូនតាបន្សល់ពីសម័យបុរាណមែន។ មន្ទីរទេសចរណ៍ក៏មានបំណងអភិរក្សសម្បត្តិបុរាណនេះឲ្យនៅគង់វង្សយូរអង្វែងដែរសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ តែកិច្ចការងារនេះ វាពាក់ពន្ធ័ទៅមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈច្រើនជាង។
បើតាមការពិនិត្យជាក់ស្តែងទីតាំងនោះអាចសំអាត និងធ្វើជារបងព័ទ្ធជុំវិញដើម្បីជាបណ្តាញតភ្ជាប់ផ្សព្វផ្សាយឱ្យភ្ញៀវទៅទស្សនាដោយចេញពីប្រាសាទព្រះគោបន្តទៅទស្សនាតំបន់វប្បធម៌អង្ករខ្មៅទៀត ។

លោកសន សារឿន អភិបាលស្រុកឡាបរិវ៉ាត់ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ តែទីតាំងដីអង្ករខ្មៅវាពាក់ព័ន្ធនឹងកម្មសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរលោក នឹងព្យាយាមទាក់ទងជាមួយពួកគាត់ផ្ទាល់ស្នើសុំអភិរក្សទុកជាប្រយោជន៍រួមទាំងអស់គ្នា ។
តាមរយៈសៀវភៅស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបោះពុម្ព ឆ្នាំ២០០៦ សរសេរថា រហូតដល់បច្ចុប្បន្ននេះពុំទាន់មាននរណាម្នាក់រកឃើញពីប្រភពអាថ៌កំបាំងនៅឡើយទេគ្រាន់តែការសន្និដ្ឋាន ខុសៗគ្នាថា អង្ករខ្មៅប្រហែលជា ចាស់ៗពីបុរាណ យកអង្ករទៅត្រាំនឹងថ្នាំងឫស្សីទុកយូរទៅបានជាខ្មៅ ។ អ្នកខ្លះទៀតនិយាយថា អង្ករខ្មៅនេះមានកំណើតមកខ្មៅពីកំណើតតែម្តង «គឺពូជខ្មៅ» ។ មានទស្សនៈមួយថាពីសម័យបុរាណ(សម័យសាងប្រាសាទ) វិស្វករបានយកអង្ករខ្មៅ ទៅត្រាំថ្មាំឫស្សីឈើម្យ៉ាង ដែលផ្សំដោយឫស្សីឈើច្រើនមុខ ដើម្បីឱ្យអង្ករនេះខ្មៅទុកបានយូរ ដើម្បីធ្វើជាសក្ការថ្វាយដល់ព្រះព្រហ្ម ឬព្រះឥសូរ ។

សៀវភៅស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បញ្ជាក់ទៀតថា កាលសម័យបារាំងអង្ករខ្មៅសំបូរណាស់នៅលើដី ដែលប្រជាពលរដ្ឋកើបទៅបាចជូនពរគ្នាទៅវិញទៅមក តែក្រោយមករាប់សិបឆ្នាំ ដោយសារប្រជាពលរដ្ឋ និយមកើបទៅទុកឯផ្ទះ និងដោយសារធម្មជាតិផង ធ្វើឱ្យអង្ករខ្មៅ ខ្សត់ស្ទើរបាត់បង់ទៅហើយ ។

ឥឡូវគេចង់បានអង្ករខ្មៅ គេត្រូវជីករុករកនៅក្រោមដីប្រមាណកន្លះម៉ែត្រ ទៅ១ម៉ែត្រ ទើបឃើញអង្ករខ្មៅលាយឡំជាមួយដី ហើយយកអង្ករនោះទៅរែងក្នុងទឹក ទើបបានជាអង្ករសុទ្ធសាធ ។ អង្ករខ្មៅនេះប្រជាពលរដ្ឋប្រសិទ្ធនាមថា «អង្ករសិរីសួស្តី» ៕
ចែករំលែកព័តមាននេះ