ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​បា​សាក់​មានរឿង​ព្រេង​ទាក់ទិនភូមិ​មួយ​ចំនួន​នៅ​ស្វាយ​រៀង​មិន​ដុះ​ម្អម

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រមណីយដ្ឋាន​ប្រាសាទ​បា​សាក់ ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​ខេត្តស្វាយរៀង ។ កាលពី​បុរាណ​ប្រាសាទ​នេះ​ស្ថិត​នៅ​ខេត្ត​រំដួល ដោយ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រហ្មញ្ញសាសនា​។ ពី​បុរាណកាល​ទីតាំង​កសាង​ប្រាសាទ គឺជា​ដី​កោះមាន​ទន្លេ​ព័ទ្ធ​ជុំវិញ…

ខេត្តស្វាយរៀង ៖ រមណីយដ្ឋាន​ប្រាសាទ​បា​សាក់ ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​ខេត្តស្វាយរៀង ។ កាលពី​បុរាណ​ប្រាសាទ​នេះ​ស្ថិត​នៅ​ខេត្ត​រំដួល ដោយ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រហ្មញ្ញសាសនា​។ ពី​បុរាណកាល​ទីតាំង​កសាង​ប្រាសាទ គឺជា​ដី​កោះមាន​ទន្លេ​ព័ទ្ធ​ជុំវិញ ជាទី​ចំណត​អ្នកជំនួញ ជ្វា​ធ្វើ​ដំណើរ​តាម​សំពៅ ចូល​ចត​ពេល​ឆ្លងកាត់​។ ក្រោយ​ៗ​មក​ទន្លេ​នេះ​ចេះ​តែ​ដុះ​ដី​រាក់ រហូត​មក​ដល់​បច្ចុប្បន្ន​ដី​បាន​ដុះ​ត​ភ្ជាប់​គ្នា​នៅ​សល់​តែ​ច្រាំង​ទន្លេ​វ៉ៃ​គោ​នៅ​ពីមុខ ហើយ​គោក​ទឹក​នៅ​រដូវប្រាំង ។

បើ​តាម​ឯកសារ​សារពើ​ភណ្ឌ​ប្រាសាទបុរាណ​នៅ​កម្ពុជា​ភាគ​ទី​១ ប៉ា​រី​ស ឆ្នាំ​១៩០៣​បាន​សរសេរ​ថា តំបន់​ប្រាសាទ​បា​សាក់ មាន​អាយុ​ចំណាស់​ជាងគេ​ក្នុង​ខេត្តស្វាយរៀង កសាង​ឡើង​អំពី​ថ្មបាយក្រៀម និង​ឥដ្ឋតាន់ ធំ​ៗ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។

បច្ចុប្បន្ន​នៅ​មាន​តួ និង​ខឿន​ប្រាសាទ​ជា​តឹកតាង ។ មាន​ទួល​មួយ​រាង​ដូច​សំពៅ អ្នក​ស្រុក​ហៅ ត​ៗ​គ្នា​ថា ទួល​គោក​សំពៅ ឬ​ទួល​កប់​សំពៅ ។ ទួល​នេះ​មាន​តំណាល​ជា​រឿងព្រេង​ថា ពី​ដើម​ឡើយ​មាន​ឈ្មួញ​ជនជាតិ​ជ្វា ធ្វើ​ដំណើរ​តាម​សំពៅ ឆ្លងកាត់​កោះ​ប្រាសាទ ហើយដោយ​មាន​ខ្យល់ព្យុះ​បក់​បោក​ខ្លាំង​ក៏​ចូល​ចត​សំពៅ នៅ​ក្បែរ​កោះ​ប្រាសាទ ជា​អកុសល​ខ្យល់​បាន​បក់​បោក​ធ្វើ​ឲ្យ​សំពៅ ធ្លាយ​លិច​ចូល​ទឹក​នៅ​ក្បែរ​ច្រាំង​ទន្លេ ខាងត្បូង​កោះ​ប្រាសាទ​នេះ​ទៅ ។ ដោយ​សំពៅ បែក​ធ្លុះធ្លាយ​ខ្លាំង​មិន​អាច​ជួសជុល​បាន អ្នកជំនួញ​ជនជាតិ​ជ្វា ក៏​បាន​នាំ​គ្នា​ផ្ទេរ​សម្ភារ ទ្រព្យសម្បត្តិ ឡើង​ជិះ​សំពៅ​ផ្សេង​មួយទៀត​ត្រឡប់​ទៅ​ស្រុក​វិញ​ទុក​សំពៅ​មួយ​ចោល ។

ក្រោយមក​ដី​ក៏​ហូ​ចូល​ក្នុង​សំពៅ កប់​សំពៅ បន្តិច​ម្តង​ៗ ជា​ច្រើន​ឆ្នាំ​ក្រោយមក​ដី​ក៏​ដុះ​លុប​កប់​សំពៅ​បាត់​នៅ​សល់​តែ​ក្តោង តំណ​តម​ក​អ្នកស្រុក​បាន​ហៅ​ថា ទួល​គោក​សំពៅ ខ្លះ​ហៅ​ថា​ទួល​កប់​សំពៅ ។

ប្រាសាទ​បា​សាក់ មានរឿង​តំណាល​ជា​ប្រវត្តិសាស្ត្រ​ថា​ក្នុង​សម័យ​អង្គរ មាន​ស្តេច​មួយ​ព្រះ​អង្គ​បាន​ភៀស​សឹក​ទៅ​ស្នាក់​នៅ​ក្នុង​ប្រាសាទ​បា​សាក់​នេះ ហើយ​មិនយូ​ប៉ុន្មាន​សង្គ្រាម​តាម​យាយី ព្រះ​អង្គ​ក៏​បាន​ភៀស​ព្រះ​កាយ​ចេញពី​ប្រាសាទ​បា​សាក់ ដោយ​ឡើង​សំពៅ​ទៅ​កាន់​ព្រៃ​ខាងកើត​ទន្លេ ពេល​ឆ្លង​ទៅ​ដល់ត្រើយ​ម្ខាង​ហើយ​បាន​បោះជំរំ កសាង​បន្ទាយ ពល​រេ​ហ៍ នៅ​ក្នុង​ព្រៃ​នៃ​ច្រាំង​ទន្លេ​ខាងកើត ។ ក្នុង​ពេល​កំពុង​បោះជំរំ​កសាង​បន្ទាយ ព្រះ​មហេសី​មាន​ព្រះ​គភ៌​គ្រប់​ខែ ក៏​បញ្ជា​ឲ្យ​រាជ​អាមាត្យ​រក​ពេទ្យឆ្មប​មក​បង្កើត​បុត្រ ។ រាជ​អាមាត្យ​បាន​ទៅ​រក​យាយ​ម៉ប​ម្នាក់​មាន​អាយុ​ចាស់ជរា​ដើរ​លែង​រួច ។ រាជ​អាមាត្យ​មិនដឹង​ទៅ​រក​ពេទ្យឆ្មប​ឯណា​បាន​ក៏​សម្រេចចិត្ត​ព​ពេទ្យឆ្មប​ដែល​មាន​វ័យចាស់​ជរា​ទៅ​បង្កើត​បុត្រ​ឲ្យ​មហេសី​ស្តេច​អង្គ​នោះ បាន​បុត្រី​មួយ​ព្រះ​អង្គ ។

មួយ​ខែ​ក្រោយមក​ក្រុម​ភិ​លៀង​ដែល​រៀបចំ​ព្រះ​ស្ងោ​យ បាន​យក​សម្លម្ជូរ​បង់​ម្អម​ថ្វាយ​ព្រះ​នាង​មហេសី​សោយ ។ ខណៈ​កំពុង​សោយ​បាន​បន្តិច​ក្រោយមក ក៏​មាន​អាការ​ឈឺ​ព្រះកេសា វិលមុខ ក្អួតចង្អោរ ទាស់​សម្លម្ជូរ​ម្អម រហូត​ធ្ងន់​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ព្រះ​នាង​ក៏​ចូល​ទិវង្គត នា​ពេល​នោះ​ទៅ ។

ស្តេច​ជា​ព្រះ​ស្វាមី ខូច​ព្រះ​ទ័យ​យ៉ាង​ខ្លាំង ហើយ​បាន​បញ្ជា​ឲ្យ​ពល​រេ​ហ៍​ទៅ​បោច​ម្អម​ដែល​ដុះ​នៅ​ជិត​បន្ទាយ​ចោល សូ​ម្បី​រុក្ខជាតិ​ដែល​ដុះ​ក្បែរ​ម្អម​ក៏​បោច​ចោល​ដែរ ហើយ​ព្រះ​អង្គ​បាន​ដាក់​បណ្តាសា​កុំ​ឲ្យ​ដុះ​ម្អម​ទៀត ។ រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​ប្រមាណ​ជា​បី​ភូមិ​នៅ​ជិត​ព្រៃ​បន្ទាយ គឺ​គ្មាន​ដុះ​ម្អម​ទេ ។ បច្ចុប្បន្ន​អ្នកស្រុក​ចង់​ដឹង​យក​ម្អម​ទៅ​ដាំ​ក៏​មិន​ដុះ​ដែរ ដោយ​ត្រូវ​បណ្តាសា​ស្តេច ។

មានឈ្មោះ​ភូមិ​ឃុំ​ជា​តឹកតាង គឺ​ភូមិ​ប្រសូតិ ឃុំ​ប្រសូតិ ភូមិ​បន្ទាយ ឬ​ព្រៃ​បន្ទាយ ភូមិ​កណ្តៀង​​រាយ ភូមិ​ពពែ​ត​ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ភូមិ​ព្រះ​ពន្លា ឃុំ​ព្រះ​ពន្លា ភូមិ​រាជមន្ទីរ ភូមិ​ភ្នំស្រូវ ឃុំ​រាជមន្ទីរ ស្រុក​កំពង់​រោទ៍ ។

រមណីយដ្ឋាន​ប្រាសាទ ព្រៃ​បា​សាក់​មាន​ចម្ងាយ​៨,៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្វាយរៀង បើ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ស្វាយ​រៀង​ត្រង់​ចំណុច​គល់​ស្ពាន​គយ​ត្របែក​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ទៅ​ត្បូង​ដល់​ចំណុច​ខ្លោងទ្វារវត្ត​សេរី​សោភា មាន​ចម្ងាយ​៤,៥​គីឡូម៉ែត្រ​រួច​បត់​ទៅ​កើត​តាម​តាម​ផ្លូវលំ ឆ្ពោះទៅ​រមណីយដ្ឋាន​ប្រាសាទ​បា​សាក់​មាន​ចម្ងាយ​៤​គីឡូម៉ែត្រ ។

រមណីយដ្ឋាន​ប្រាសាទ​បា​សាក់​នៅ​ក្បែរ​ច្រាំង​ទន្លេ​វ៉ៃ​គោ ស្ថិត​នៅ​ភូមិ​បា​សាក់​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ មាន​ផ្ទៃដី​ជាង​៩​ហិ​កតា ។ ទីនោះ​មាន​ដើមឈើ​តូច​ធំ​ត្រជាក់​ត្រឈឹង​ត្រឈៃ ពេល​មាន​ខ្យល់​បក់​ពី​ទន្លេ​វ៉ៃ​គោ​មក រំភើយ​ៗ​ត្រជាក់​គួរ​ឲ្យ​ចង់​ស្នាក់​នៅ​កម្សាន្ត និង​មាន​សំឡេង​សត្វ​យំ​រងំ ប្រៀប​ដូច​ជា​តន្ត្រី​បំពេ​យ៉ាង​ពីរោះ​រណ្តំ ។

នៅ​ចំ​កណ្តាល​ព្រៃ​មាន​ទួល​ចំនួន​២​គឺ​៖ ទួល​ប្រាសាទ និង​ទួល​គោក​សំពៅ បច្ចុប្បន្ន​មាន​នៅ​សេះសល់​តួ​ប្រាសាទ​ខ្លះ​ដែល​ធ្វើ​ពី​ឥដ្ឋ ធំ​ៗ ។ នៅ​ក្នុង​ប្រាសាទ​ក៏​មាន​តម្កល់​រូប​បដិមា​ព្រះ​គោ​ន​ន្ទិ កសាង​នៅ​សតវត្ស​ទី​៧ ធ្វើ​អំពី​ថ្មភក់ ទំហំ​០,៣៣x០,៥៥​ម៉ែត្រ ។ ព្រះ​គោ​ន​ន្ទិ បច្ចុប្បន្ន​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ រួម​ជាមួយ​អាជ្ញាធរ​បាន​សាងសង់​កូន​ប្រាសាទតូច​មួយ​នៅ​លើ​ខឿន​ប្រាសាទ​ចាស់​​យក​រូប​ព្រះពុទ្ធ​បដិមា​តម្កល់​សម្រាប់​គោរព​បូជា ។

បើ​តាម​សៀវភៅ​វត្ថុ​ពិចិត្រ​នៅ​សារមន្ទីរ​ជាតិ ព្រះ​គោ​ន​ន្ទិ ត្រូវ​រដ្ឋបាល​ខេត្ត​យក​ធ្វើ​ជា​និមិត្ត​សញ្ញា​របស់​ខេត្តស្វាយរៀង ដាក់​លើ​ផែនទី​តាំងពី​បង្កើត​ខេត្តស្វាយរៀង​នៅ​ឆ្នាំ​១៩២២​រហូត​បច្ចុប្បន្ន ។

នៅ​ឆ្នាំ​២០១០​លោក​អ៊ឹ​ម សិ​ទ្ធី និង​លោក​ជំទាវ​ហង់ ភា​រី លោក​អូន​ព័ន្ធ មុនីរ​ត្ន័ និង​លោក​ជំទាវ​​អ៊ឹ​ម ប៉ូ​លី​កា បាន​ផ្តួចផ្តើម​អភិវឌ្ឍ​តំបន់​ប្រាសាទព្រៃ​បា​សាក់ ដោយ​កសាង​ព្រះពុទ្ធ​រូបអង្គ​ធំ​ប្រោស​បញ្ច​វ​គ្គី​យ៍ «​ភិក្ខុ​ទាំង​ប្រាំ​ព្រះ​អង្គ​ដែល​ជា​សាវ័ក​តាម​ថែរក្សា​ព្រះពុទ្ធ​ផ្ទាល់​នៅ​ពេល​ព្រះ​អង្គ​ស្វែងរក​ព្រះធម៌​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​» ។ ក្រៅពី​នេះ​មាន​សម​ទ្ធិ​ផល​មួយ​ចំនួន​ទៀត បាន​សម្ពោធ​ដាក់​ឲ្យ​ពុទ្ធបរិស័ទ​គោរព​បូជា​នៅ​ឆ្នាំ​២០១៣ ។

នៅ​ថ្ងៃ​ទី​២៦ ខែមេសា​ឆ្នាំ​២០១៧ លោក​ជំទាវ​ម៉ែ​ន សំ​អន និង​លោក​អ៊ឹ​ម សិ​ទ្ធី និង​លោក​ជំទាវ​ហង់ ភា​រី លោក​អូន​ព័ន្ធ មុនី​រ័​ត្ន និង​លោក​ជំទាវ​អ៊ឹ​ម ប៉ូលី​កា លោក​អ៊ឹ​ម សិ​ទ្ធី​រ៉ា និង​លោក​ជំទាវ​ជុក ម៉ុ​ល​មរកត ព្រមទាំង​សប្បុរសជន​នានា​បាន​រួម​គ្នា​កសាង​សាលា​បុណ្យ​មួយ​ខ្នង​ទំហំ​៦​ម​x១៥​ម៉ែ​ត្ត​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ដោយ​បាន​សង់​រួច​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

រមណីយដ្ឋាន​ប្រាសាទ​បា​សាក់​មាន​ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​ប៉ែក​ខាងកើត​ឆៀង​ខាង​ជើង​ជាប់មាត់​ទន្លេ​វ៉ៃ​គោ មាន​រោង​ខ្យូ​ស​៧​សម្រាប់​ទទួលភ្ញៀវ​អង្គុយ​លេង និង​ពិសា​អាហារ និង​មាន​កន្លែង​ក្រាលកន្ទេល​អង្គុយ​កម្សាន្ត​ក្រោម​ម្លប់ឈើ ។

ចំពោះ​មុខម្ហូប មាន​មាន់​ដុត និង​ម្ហូបអាហារ​ផ្សេង​ៗ​ទៀត ព្រមទាំង​ភេសជ្ជៈ​គ្រប់មុខ ។
ចំណែក​នៅ​តាម​បណ្តោយ​ផ្លូវ​ចូល​ទៅ​ប្រាសាទ​បា​សាក់​មាន​អ្នក​ភូមិ​លក់ «​ទឹកត្នោតជូ រ​ក្លែម​កង្កែប​អាំង និង​កូន​ត្រឡ​ន​តន​» ព្រមទាំង​មាន​ភេសជ្ជៈ​គ្រប់មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ