ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សាច់​ពិសេស​» កំពុង​មាន​ហាងឆេង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា? (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សន្ទុះ​នៃ​ការ​ទទួលទាន «​សាច់​ពិសេស​» ឬ​មហាជន​ទូទៅ​ហៅ​ថា «សាច់​ឆ្កែ​» កំពុង​តែ​មាន​កំណើន​យ៉ាង​ខ្លាំងក្លា ហើយ​កាន់តែ​មាន​លក្ខ​ណៈបើកចំហរ​ជា​ទូទៅ ។ ហាងឆេង​សាច់​ឆ្កែ…

​រាជធានី​ភ្នំពេញ ​៖ សន្ទុះ​នៃ​ការ​ទទួលទាន «​សាច់​ពិសេស​» ឬ​មហាជន​ទូទៅ​ហៅ​ថា «សាច់​ឆ្កែ​» កំពុង​តែ​មាន​កំណើន​យ៉ាង​ខ្លាំងក្លា ហើយ​កាន់តែ​មាន​លក្ខ​ណៈបើកចំហរ​ជា​ទូទៅ ។ ហាងឆេង​សាច់​ឆ្កែ ឬ «​សាច់​ពិសេស​» កំពុង​តែ​មាន​ហាងឆេង​ខ្ពស់ ដោយសារ​តែ​តម្រូវការ​អ្នក​ដែល​និយម​បរិភោគ សាច់​ឆ្កែ ឬ​ក៏​មនុស្ស​ទូទៅ​និយម នាំ​គ្នា​ហៅ​ថា «​សាច់​ពិសេស​» មាន​ចំនួន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។​

​សាច់​ពិសេស ត្រូវ​បាន​គេ​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​មុខម្ហូប​ជា​ច្រើន​មុខ ជា​ពិសេស​គឺ​សាច់​ពិសេស​​អាំង និង​ឆា​ក្តៅ​សាច់​ពិសេស ដែល​មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសារ​សម្រាប់​អ្នក​ដែល​និយម ចូល​ចិត្ត​បរិភោគ​សាច់​ពិសេស​នេះ ។ ភាគច្រើន អតិថិជន​ដែល​និយម​ពិសារ​សាច់​​ពិសេស​ច្រើន​ជា​បងប្អូន​បុរស​ៗ​តែ​ម្តង ដោយ​មាន​ទាំង​ហាង​លក់​បោះ​ដុំ និង​នៅ​តាម​​តូប​ជា​ច្រើន​តាម​ដងផ្លូវ ដោយ​មិន​ប្រកាន់​ថា​ជា​អ្នក​ទីក្រុង ឬ​តាម​ជនបទ​ឡើយ​។​

​ជាក់ស្តែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង ក៏​គេ​សង្កេត​ឃើញ​មាន​ហាង​លក់​សាច់​ពិសេស​​នេះ ជា​ច្រើន​កន្លែង​ដូច​ជា​នៅ​ចំណុច​កៅ​ដាយ តាម​បណ្តោយ​ផ្លូវ​លេខ ៣៧៤ ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន និង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ម្តុំ​ផ្សា​ប៉េសេ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។​ល​។ ជា​ពិសេស​នៅ​តាម​បណ្តោយ​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ​ខាងក្រោយ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​មាន​ហាង​ជា​ច្រើន​បាន​ដាក់​តាំង​បង្ហាញ​សាច់​ពិសេស​អាំង​ទាំងមូល​ៗ ហើយ​គ្រប់​តូប​គឺ​មាន​ភ្ញៀវ​ពេញ​ៗ​តែ​ម្តង​។​

​បុរស​អ្នក​ម្នាក់​ដែល​រូប​គាត់​កំពុង​តែ​អាំង​សាច់​ពិសេស បណ្តើរ និង​លក់​បណ្តើរ​ជូន​អតិថិ​ជន​យ៉ាង​ញាប់​ដៃជើង បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​បាន​ចាប់​យកមុខរ​បរជា​អ្នកលក់​សាច់​ពិសេស​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​កន្លង​មក​ហើយ តាំងពី​នៅ​លក់​ជា​លក្ខណៈ​តូប​តូច​មួយ រហូត​មក​ដល់​ពេល​នេះ​រូប​លោក​បាន​បើក​ជា​លក្ខណៈ​ហាង​ធំ​មួយ​ទៅ​ហើយ​។ កាលពី​ដំបូង​ឡើយ លោក​ធ្វើ​ត្រឹមតែ​ឆ្កែ​មួយ​ក្បាល​លក់​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ និង​ធ្វើ​ជា​ម្ហូប​ជា​ច្រើន​មុខ ដោយ​មាន​សាច់​អាំង ស្លរ​ការី និង​សម្លរ​ម្ជូរ​ក៏​មាន ដែល​អ្នក​មក​ហូប​ក្លែប​ជាមួយនឹង​ស្រាថ្នាំ និង ខ្លះ​ទៀត​ជាមួយ​និង​ស្រា​បៀរ​ក៏​មាន​។​

​ម្ចាស់​ហាង​ដដែល​ដែល​បដិសេធ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ការ​បករ​កប​មុខរបរ​លក់​«​សាច់​ពិសេស​» នេះ​ដែរ បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​កាន់តែ​មានការ​ល្អ​ប្រសើរ​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មាន​ភ្ញៀវ​ជា​ច្រើន​ចូល​មក​ហូប​នៅ​កន្លែង​របស់​លោក​។​

​ម្ចាស់​ហាង​ដដែល​បន្ត​ថា​៖ «​ដោយ​មាន​កំណើន​ភ្ញៀវ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ពង្រីក​ហាង​របស់​ដោយ​បង្កើន​ការ​លក់​របស់ខ្ញុំ​ពី​មួយ​ថ្ងៃ​ធ្វើ​​ឆ្កែ​មួយ​ក្បាល ទៅ​មួយ​ថ្ងៃ​ចំនួន ៣​ក្បាល​ដល់​សព្វថ្ងៃ​»​។ សាច់​ពិសេស​ជា​ទូទៅ គឺ​ចាប់​ផ្តើម​លក់​ពី​ម៉ោង ៣៖៣០​នាទី​ល្ងាច រហូត​ទៅ​ដល់​ម៉ោង ៨​យប់​ទើប​បិទ ហើយដោយ​មាន​ភ្ញៀ​ង​ជា​ច្រើន​នាំ​គ្នា​ចូល​មក​ហូប ដោយ​ក្លែប​ជាមួយ និង ស្រាថ្នាំ និង សា​បៀរ​ជាដើម ចំណែកឯ​មុខម្ហូប ដែល​ជា​ប្រចាំ​ហាង​របស់​ម្ចាស់​ហាង​ខាងលើ​គឺ​មាន​ចំនួន ២​មុខ គឺ សាច់​ពិសេស​អាំង និង សម្លរ​ការី​សាច់​ពិសេស ខណៈ​កន្លែង​ផ្សេង​ទៀត​គេ​ស្ល​ជា​សម្លការី ក៏​​មាន​ដែរ ។​

​យ៉ាងណាមិញ រាល់​មុខម្ហូប​ជា​ប្រចាំ​របស់​លោក​មាន​សាច់​អាំង និង សម្លរ​ការី គឺ​មាន​តម្លៃ​ក្នុង​មួយ​ចាន ៦០០០ រៀល ស្រាថ្នាំ​ក្នុង ១​ដប​មាន​តម្លៃ ៣០០០ រៀល ហើយ​ភ្ញៀវ​ភាគ​ច្រើន​​ជា​បុរស​ៗ ដែល​តែងតែ​មក​ហូប​នៅ​ហាង​របស់​គាត់​ជា​ប្រចាំ ឬ​ក៏ ២ ទៅ ៣​ថ្ងៃ​មក​ម្តង​ក៏​មាន​។​

​បុរស​ជា​ភ្ញៀវ​ម្នាក់​ដែល​កំពុង​តែ​ទទួលទាន​សាច់​អាំង​ពិសេស​បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ចូល​ចិត្ត «​សាច់​ពិសេស​» នេះ​ខ្លាំង​ណាស់ ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​អាច​ទទួលទាន​បានជា​មួយ​ស្រា​បៀរ តែ​មិនសូវ​ត្រូវមាត់​នោះ​ទេ ក៏​ប៉ុន្តែ «​សាច់​ពិសេស​គឺ​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង ហូប​ជាមួយ​ស្រាថ្នាំ​គឺ​ត្រូវ​គ្នា​ណាស់ ហើយ​រូប​ខ្ញុំ​តែងតែ​នាំ​មិត្ត​ភ័​ក្ត​មក​ហូប​នៅ​ទី​នេះ​ជា​ញឹកញាប់​ផង​ដែរ​»​។​

«​សាច់​ឆ្កែ​» ឬ «​សាច់​ពិសេស​» ប្រមាណ​ជាង​១០​ឆ្នាំ​មុន​គឺ​មិន​មាន​ទីផ្សារ​ទូលំទូលាយ​នោះ​ទេ ហើយ​ការ​លក់ដូរ​ទៀត​សោត​គឺ​មិនសូវ​ជា​បើកចំហរ​នោះ​ទេ តែ​រយៈពេល​ប្រមាណ​ជា ៥ ឆ្នាំ​ចុង​ក្រោយ​គេ​ឃើញ​ថា «​សាច់​ពិសេស​» កំពុង​តែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ហូប​អំពី​សំណាក់​ប្រជាជន​ច្រើន​ឡើង​ៗ សូ​ម្បី​តែ​អ្នក​ទីក្រុង​ក៏​កំពុង​តែ​មានការ​ពេញ​និយម​ខ្លាំង​ដែរ មិនតែប៉ុណ្ណោះ​កន្លែង​លក់​សាច់​ពិសេស​នៅ​ក្រុងភ្នំពេញ​គឺ​មាន​លក់​សឹង​គ្រប់​ទីកន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ