រាជធានីភ្នំពេញ ៖ គ្រឹះស្ថានអង្គរគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធលក់សំបុត្រតាមOnline នៅត្រីមាសទី២ ឆ្នាំ២០១៨នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនារមណីយដ្ឋានអង្គរ ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណតិ្ត ទី១ លើកទី៧ នៃគ្រឹះស្ថានអង្គរ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងទាំងពីរបានវាយតម្លៃខ្ពស់ដល់គ្រឹះស្ថានអង្គរ ដែលគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាថ្មី និងសម្រួលដល់ការផ្តល់សេវាលក់ប័ណ្ណជូនភ្ញៀវទេសចរអន្តរជាតិ ឱ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការលក់ប័ណ្ណឱ្យកាន់តែប្រសើរថែមទៀត ។
គ្រឹះស្ថានអង្គរបានផ្តល់សេវាទូទាត់ការទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអេឡិចត្រូនិករួចហើយ ដោយបានចាប់អនុវត្តតាំងពីខែសីហា ឆ្នាំ២០១៧កន្លងមក ដោយភ្ញៀវទេសចរអន្តរជាតិអាចប្រើប្រាស់ប័ណ្ណឥណទាន (Credit Card) ឬប័ណ្ណឥណពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB និង Diners Club ជាដើម ។
សេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាការលក់ប័ណ្ណឱ្យកាន់តែប្រសើរឡើងថែមទៀត គ្រឹះស្ថានអង្គរកំពុងធ្វើទំនើបកម្មប្រព័ន្ធលក់ប័ណ្ណរបស់ខ្លួនឱ្យកាន់តែទំនើប ស្របតាមស្តង់ដាអន្តរជាតិ ដែលនឹងអាចផ្តល់តួលេខនៃការលក់ប័ណ្ណបានភ្លាមៗ (Real-time) ជាការបង្ហាញនូវភាពច្បាស់លាស់នៃការគ្រប់គ្រងទិន្នន័យ ធានាបានតម្លាភាព និងគណនេយ្យភាព ។
ការលក់សំបុត្រតាមOnlineនេះ នឹងធ្វើឱ្យភ្ញៀវទេសចរមានភាពងាយស្រួល អាចទិញសំបុត្របាននៅពេលណា ឬនៅទីកន្លែងណាក៏បាន ។ ស្របជាមួយគ្នានេះដែរ ក្រុមប្រតិបត្តិករទេសចរណ៍នានាបានថ្លែងថា សមិទ្ធផលថ្មីនេះ ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ប្រសិនជាប្រព័ន្ធលក់សំបុត្របែបនេះគ្រប់គ្រងមានតម្លាភាព និងគ្មានភាពស្មុគស្មាញ សមតាមអ្វីដែលក្រសួង និងគ្រឹះស្ថានអង្គរបានដាក់ចេញ វាជាសញ្ញាវិជ្ជមាន ដូចជា ទី១ សម្រួលដល់ពេលវេលារបស់ភ្ញៀវ និងសម្រួលដល់ដៃគូរកស៊ីក្នុងវិស័យនេះ និងទី២ មិនមានការពន្យារពេលរបស់ភ្ញៀវទៅឈរតម្រង់ជួរតាមបញ្ជរលក់សំបុត្រ ។
លោកបន្តថា ៖« យ៉ាងណាក៏ដោយ ការងារនេះត្រូវមានបារកូដច្បាស់លាស់ និងគួររៀបចំឲ្យបានល្អ ដើម្បីឲ្យការគ្រប់គ្រងបានរលូនសម្រាប់ភ្ញៀវអន្តរជាតិ » ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ការដាក់លក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធOnline ជាការជួយសម្រួលច្រើនដល់ភ្ញៀវអន្តរជាតិ ពិសេសសម្រាប់ការីទេសចរណ៍ដែលមានភ្ញៀវក្រុមធំៗ ប៉ុន្តែលោកស្រីបានកត់សម្គាល់ឃើញចំណុចខ្វះខាតមួយចំនួនដែលគ្រឹះស្ថានអង្គរ និងស្ថាប័នពាក់ព័ន្ធ គួរកែលម្អដូចជា ទី១ ករណីមិនអាចយកលុយត្រឡប់ ប្រសិនជាភ្ញៀវអវត្តមាន ។ ករណីនេះគ្រឹះស្ថានអង្គរគួរកំណត់ពេលមួយជាក់លាក់ និងផ្តល់លុយត្រឡប់វិញ និងទី២ រៀបចំឲ្យមានប្រព័ន្ធថតរូប ព្រោះប្រសិនជាគ្មានការថតរូបដើម្បីបញ្ជាក់អត្តសញ្ញាណទេ ភ្ញៀវនឹងត្រូវតម្រង់ជួររង់ចាំថតរូបដដែល ។
លោកស្រីបន្តថា ៖« ប្រសិនជាមានការជួយសម្រួលករណីខ្វះខាតនេះ ការលក់សំបុត្រតាមអនឡាញ នឹងជួយទាក់ទាញភ្ញៀវមកទស្សនាកម្ពុជាកាន់តែច្រើនផងដែរ » ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ភ្ញៀវទេសចរនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ដែលនឹងកើនឡើងដល់២លាននាក់ក្នុងឆ្នាំ២០២០, ទេសចរអន្តរជាតិ៦,១លាននាក់នៅឆ្នាំ២០១៨, ៧លាននាក់ក្នុងឆ្នាំ២០២០ និង១៥លាននាក់ក្នុងឆ្នាំ២០៣០ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ កើនឡើង១១,៨% បើធៀបនឹងឆ្នាំ២០១៦ ។
លោកបន្ដថា ៖« ចំពោះចំណូលដែលយើងទទួលបានពីទេសចរអន្តរជាតិ កាលពីឆ្នាំ២០១៧ មានប្រមាណ៣,៧ពាន់លានដុល្លារអាមេរិក កើនឡើង១៣,៣% និងរួមចំណែកប្រមាណ១២,៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឲ្យប្រមាណ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា » ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ ក្នុងខែមករា ដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន២៩៤.៨១៣នាក់ កើន២,៧១% បើធៀបនឹងខែមករា ឆ្នាំ២០១៧។ ចំណែកចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនសរុប១៣.៤៧៩.៦៨៦ដុល្លារ កើន៦២,៣១% បើធៀបនឹងខែមករា ឆ្នាំ២០១៧ ៕
ចែករំលែកព័តមាននេះ