ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្តែង​​​ទេព​កោសល្យ​​ដើម្បី​​​ជំនួយ​​ឧបត្ថម្ភ​​​របស់​សិស្សា​​នុសិស្ស នៃ​វិទ្យា​ស្ថាន​​​​ អន្តរទ្វីប អាមេរិកាំង លើក​ទី​​3ឆ្នាំ​​2012

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពីរសៀល​ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ២០១២ កន្លង​មក​​នេះ​ ក្រុមក្លិប​សិស្សា​នុ​សិស្ស​នៃវិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិ​កាំង​ ​មាន​ដូច​ជា​ ក្លិបរាំ​ ក្លិបសុន្ទរ​កថា​ ក្លិបហ្គីតា​ ​ក្លិប​តស៊ូ​មតិ​ ក្លិបសម្តែងរឿង​ និងក្លិបសារព័ត៌​មាន​ ​ព្រម​ទាំង​ក្រុមយុវសិស្ស​ស្ម័គ្រ​ចិត្តផ្សេងៗ​ទៀត ​បាន​រួប​រួម​គ្នារៀប​ចំកម្ម​វិធី​ដែល​មាន​ឈ្មោះ​ថា​ ​ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ​លើកទី៣ (TALENTS FOR A

រាជធានី​ភ្នំពេញ ៖ កាល​ពីរសៀល​ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ២០១២ កន្លង​មក​​នេះ​ ក្រុមក្លិប​សិស្សា​នុ​សិស្ស​នៃវិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិ​កាំង​ ​មាន​ដូច​ជា​ ក្លិបរាំ​ ក្លិបសុន្ទរ​កថា​ ក្លិបហ្គីតា​ ​ក្លិប​តស៊ូ​មតិ​ ក្លិបសម្តែងរឿង​ និងក្លិបសារព័ត៌​មាន​ ​ព្រម​ទាំង​ក្រុមយុវសិស្ស​ស្ម័គ្រ​ចិត្តផ្សេងៗ​ទៀត ​បាន​រួប​រួម​គ្នារៀប​ចំកម្ម​វិធី​ដែល​មាន​ឈ្មោះ​ថា​ ​ទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ​លើកទី៣ (TALENTS FOR A CAUSE 3) នៅ​​សាល​មហោ​ស្រព​ចេនឡា​ ​ដែលមានការ​អញ្ជើញ​ចូល​រួម​យ៉ាងច្រើន​កុះ​ករ​ពី​សំណាក់​សិស្សា​នុសិស្ស ​ភ្ញៀវ​កិត្តិយស​​ទាំង​អស់​ប្រមាណ​៧០០នាក់ ។

យុ​វ​សិស្ស​ឡេង​ បុណ្ណារិទ្ធ​ ប្រធាន​សម្រប​សម្រួល​កម្មវិធី​ទេពកោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ​បាន​ឱ្យដឹង​ថា​ កម្មវិធីនេះ​ ​គឺជា​កម្ម​វិធី​មួយ​ដែល​បាន​បង្កើត​ឡើង​​​បន្ទាប់​ពីក្រុម​សិស្សា​នុសិស្ស​​នៃ​វិទ្យាស្ថាន​ និង​សាលា​រៀន​​អន្តរទ្វីប​ អាមេរិកាំង ទទួល​បាននូវ​អនុសាសន៍​ផ្តួច​ផ្តើម​គំនិត​ ​និង​តាម​រយៈ​សកម្ម​ភាព​សប្បុរ​សធម៌​របស់​​លោក​ឧកញ៉ា វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​ ប្រធាន​ និងប្រធាន​ចាង​ហ្វាង​នៃវិទ្យាស្ថាន​ និង​សាលា​រៀន​អន្តរទ្វីប អាមេរិកាំង​ ដែល​តែងតែចុះ​ជួយ​ប្រជា​​ពល​រដ្ឋ​ក្រីក្រ​ក៏ដូច​ជាកុមារ​កំព្រា​ និងបានឃើញ​ពីភាព​លំបាក​វេទនារបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន ​ជា​ពិសេស​នៅតាម​​ទីជនបទ​ដែល​ពួក​គាត់​កំពុង​តែ​ត្រូវ​ការ​ជំនួយ​​ និងការ​លើក​ទឹក​ចិត្ត​ជា​ចាំ​បាច់ ។​​ ​

កត្តា​​ទាំងនេះ​បាន​ធ្វើឲ្យ​​ក្រុម​យុវ​សិស្ស​មាន​ការ ​អាណិត​អាសូរ​ដល់​ពួក​គាត់​ ​ហើយក៏បាន​បង្កើត​ឲ្យ​មាន​សកម្មភាព​នេះ​ឡើង​ដើម្បី​ប្រមែ​ប្រមូល ​កៀង​គរ​ថវិកា​ពីក្រុម​សិស្សានុសិស្ស​ សប្បុ​រស​ជន​នានា​ ដើម្បីផ្តល់ជំនួយ​ដល់អ្នក​ដែល​ខ្វះ​ខាត​ទាំង​នោះ ។​ យុវ​សិស្សវ័យ​ក្មេង​រូប​នេះបាន​បន្ថែមថា ​«​យើងទាំងអស់​គ្នាជាយុវ​ជន​ត្រូវរួម​គ្នា​ប្តេជ្ញា​ក្នុង​ការ​ស្វែង​រក​ជំនួយ​ថវិកា​ សម្ភារសប្បុរសធម៌ ​ឧបត្ថម្ភ​ដល់មន្ទីរ​ពេទ្យ​ អង្គការ​កុមារកំព្រា​ ជន​ក្រីក្រឲ​្យបាន​ជាប្រចាំ​ឆ្នាំទោះ​តិច​ច្រើន​ក្តី​ ​ដើម្បី​អាច​ចូលរួមចំណែក​ការងារ​សង្គម​តាម​រយៈ​ការ​ងារ​សប្បុ​រសធម៌ ។

កម្មវិធីទេព​កោសល្យ​ដើម្បី​ជំនួយ​ឧបត្ថម្ភ ​បាន​ប្រារព្ធឡើង​ចាប់តាំង​ពីឆ្នាំ​២០១០​រហូត​មក​ដល់​បច្ចុប្បន្ននេះ​ បាន​ធ្វើ​ការរៃអង្គាស​ថវិកា​ជួយ​ជន​ក្រីក្រចំនួន​៣លើក​គឺលើកទី​១ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨-១៩​ ខែធ្នូ​ ឆ្នាំ២០១០​​ដោយប្រមូល​បាន​ថវិកា​សរុបចំនួន​​៤.២៣៦​ដុល្លារ​​ ហើយ​បាន​យកទៅឧបត្ថម្ភ​ដល់កុមារ​កំព្រាចំនួន​១២៨​នាក់ ​នៅ​ខេត្តកំពង់ស្ពឺ​ និងសម្ភារ​ និង​ថវិកា​​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឧបត្ថម្ភ​កុមារ​៣០០​នាក់​ នៅ​អង្គ​ការ​លើកស្ទួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ (PIO) ។ លើក​ទី២នៅថ្ងៃទី៣-៤​ ខែធ្នូ​ ឆ្នាំ២០១១ ប្រមូល​បាន​ថវិកា​ចំនួន​៤.៥០០​ដុល្លារ​​ ហើយ​ថវិកា​ទាំង​នោះ​​ត្រូវបាន​យក​ទៅ​ទិញ​សម្ភារ​សិក្សា​ គ្រឿង​​ឧបភោគ​បរិភោគ​ ​និងរបស់​របរ​ប្រើ​ប្រាស់​​មួយ​​ចំនួន​​ដើម្បីចែកជូន​ដល់កុមារ​ធ្វើ​ការ​នៅ​ឡឥដ្ឋ​ និងកុមារ​ផ្ទុក​មេរោគ​អេដស៍​​ចំនួន​៤៧០​​នាក់​ នៅឯ​ខេត្តកណ្តាល ។​ កាលពីថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១២​កន្លង​ទៅថ្មីៗនេះ ​​​ប្រមូលបាន​ថវិកា​សរុប​ចំនួន​៧.៤៩៩ដុល្លារ​ ហើយ​គ្រោង​​យក​ថវិកា​នេះ​ទៅជួយ​ដល់​ប្រជា​ជន​ក្រីក្រ​ ​និង​កុមារ​កំព្រានៅ​ខេត្តតាកែវ​ និង​ខេត្តកំពត​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០១៣​ ខាងមុខនេះ ។

ប្រធាន​ និងប្រធាន​ចាង​ហ្វាង​នៃវិទ្យាស្ថាន ​និង​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​ ​បានមាន​ប្រសាសន៍​នៅក្នុង​កម្ម​វិធី​ប្រគំតន្រ្តីនោះថា​ កម្ម​វិធី​​នេះរៀ​ប​ចំឡើងដោយ​ក្រុម​សិស្សា​នុសិស្ស សម្រាប់កិច្ចការ​ងារមនុស្ស​ធម៌ក្នុង​ការ​ជួយ​ទ្រទ្រង​់​ដល់ជនក្រីក្រ​ ប្រជាជន​ជួប​គ្រោះ​ធម្ម​ជាតិ​ កុមារកំព្រាកម្ពុជារាប់​ពាន់​នាក់​ដែល​កំពុង ​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត​ ​និងត្រូវ​ការ​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ ។​ សកម្ម​ភាព​ ​និងទឹក​ចិត្ត​របស់​សប្បុ​រស​ជន​ទាំង​អស់​ពិតជាបាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​បេសកកម្មមនុស្ស​ធម៌ ​ដែល​បាន​ជួយ​កុមារកម្ពុជា​ ពិសេសធ្វើឲ្យ​សកម្ម​ភាព​សប្បុ​រស​ធម៌​​នេះ​កាន់តែ​មាន​សន្ទុះ​កាន់​តែខ្លាំង​ ។​ តាម​រយៈ​កម្ម​វិធីនេះ​​ បានបណ្តុះឲ្យយុវ​ជន​ទាំង​អស់​ក្លាយ​ជាពល​រដ្ឋល្អ​ មានស្មារតីចេះ​​​ជួយទុក្ខធុរៈ​ក្នុង​គ្រាមាន​អាសន្ន​ ចេះ​ចែក​រំលែក​ ​ចេះធ្វើ​ការ​ងារ​ជា​ក្រុម ចេះទំនាក់ទំនង​ល្អជា​មួយ​សាធារណ​ជន​ទូទៅ​ ចេះគ្រប់​គ្រង​ហិរញ្ញវត្ថុ​ ​និង​ជាគំរូ​ល្អ​ដល់​យុវជន​ទូទៅ​ ជាពិសេសប្អូនៗ​ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​អំពើ​អបាយមុខផ្សេងៗ​ ៕