បើសិនជាអ្នកក្អក ជាពិសេសក្អកជាប់ច្រើនសប្តាហ៍មិនបាត់ វាប្រហែលជាមានហេតុផលណាមួយនៅពីក្រោយរឿងនេះដែលត្រូវស្វែងយល់ហើយ ។ វាអាចបណ្តាលមកពីការជំងឺផ្តាសាយ អាលែកហ្ស៊ី បញ្ហារំលាយអាហារ ឬជំងឺផង ។ ភាគច្រើនរឿងនេះមិនមានអ្វីធ្ងន់នោះទេ តែសញ្ញាខ្លះអាចប្រាប់អ្នកឲ្យដឹងថា ពេលណាដែលអ្នកគួរបារម្ភ ។
មានអ្វីមួយនៅក្នុងខ្យល់អាកាស
ខ្យល់ដែលមានការបំពុលដោយសារធាតុគីមីដូចជា សុលភួឌីអុកស៊ីត ឬណៃទ្រិចអុកស៊ីតអាចធ្វើឲ្យមនុស្សយើងក្អកបាន ។ ផ្សិត និងធូលីដីក៏អ៊ីចឹងដែរ ។ ការប្រើប្រាស់ឧបករណ៍ចម្រោះខ្យល់អាកាស ឬពាក់មាស់នៅមុខអាចជារឿងល្អនៅពេលអ្នកចេញទៅខាងក្រៅ ម្តងៗ ។
ជំងឺផ្តាសាយ
ជំងឺនេះបណ្តាលមកពីវីរុសដែលជ្រៀតចូលទៅក្នុងមាត់ ភ្នែក ឬច្រមុះ ដោយសារតែតំណក់ទឹកមេរោគក្នុងខ្យល់អាកាស ។ អ្នកអាចឆ្លងជំងឺនេះ ពីអ្នកជំងឺដែលបានក្អក ឬកណ្តាស ឬប៉ះពាល់ពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺផ្តាសាយច្រើនតែបាត់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍ តែចូលទៅជួបពេទ្យភ្លាម បើសិនជាជំងឺនេះបង្ករោគសញ្ញាធ្ងន់ ឬកើតឡើងយូរជាងពីរសប្តាហ៍ ។
ការហូរទឹកសម្បោរនៅក្រោយបំពង់ក
នៅពេលរាងកាយមានសម្បោរច្រើនពេក វាអាចយូរចេញពីច្រមុះចូលទៅក្នុងបំពង់ក និងបង្កជាការក្អកបាន ។ មានរឿងច្រើនណាស់ ដែលធ្វើឲ្យមានករណីនេះកើតឡើងដូចជា ការបង្ករោគ ឬអាលែកហ្ស៊ីតែម្តង ។ ការព្យាបាលរបស់អ្នក គឺអាស្រ័យទៅអ្វីដែលបង្កបញ្ហា ។ ឧទាហរណ៍ បើសិនជាអ្នកមានការបង្ករោគ គ្រូពេទ្យអាចនឹងឲ្យអ្នកប្រើថ្នាំផ្សះ ។ អាលែកហ្ស៊ីអាចគ្រប់គ្រងបានជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ ការលេបថ្នាំ ឬការចាក់ថ្នាំប្រឆាំងអាលែកហ្ស៊ីជាដើម ។
ជំងឺហឺត
រឿងនេះកើតឡើងនៅពេលផ្លូវដង្ហើមរួមតូច និងហើម ។ វាអាចធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម និងក្អកមានស្លេស្មយ៉ាងច្រើន ។ រឿងដែលនាំឲ្យមានការធ្វើទុក្ខបែបនេះមានដូចជា ប៉ះពាល់នឹងលម្អងផ្កា ធូលីដី ផ្សែងបារី ការហាត់ប្រាណ ខ្យល់ត្រជាក់ ជំងឺផ្តាសាយ និងស្ត្រេស ។
ជំងឺរលាកទងសួតស្រួចស្រាល់
ការបង្ករោគមួយទៅលើបំពង់ក ច្រមុះ សួត នឹងធ្វើឲ្យមានការរលាកដល់ទងសួតថែមទៀតផងដែរ ។ វាច្រើនតែស្រួលបួលមកវិញក្នុងរយៈពេលពីរបីថ្ងៃ ប៉ុន្តែអ្នកប្រហែលជាអាចក្អកដែររហូតដល់មានស្លេស្មខាប់ពីរសប្តាហ៍ឯណោះ។ បើសិនជារឿងនេះមិនបាត់ទៅវិញទេ ឬចេះតែបន្តកើតឡើងជាប់រហូត អ្នកប្រហែលជាអាចមានបញ្ហារលាកទងសួតរ៉ាំរ៉ៃហើយ ។
ការច្រាលទឹកអាស៊ីតពីក្រពះ
រឿងនេះអាចធ្វើឲ្យបំពង់អាហារដែលតភ្ជាប់ពីបំពង់កទៅក្រពះមានការរលាកបាន ហើយក៏ពិបាកនឹងលេបអាហារដែរ ។ វាក៏អាចធ្វើឲ្យមានការក្អកស្ងួតកើតឡើងទៀត ។ អ្នកច្រើនតែអាចគ្រប់គ្រងរឧងនេះជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ និងថ្នាំមិនបាច់មានវេជ្ជបញ្ជាទេ តែបើសិនជាករណីធ្ងន់ អ្នកប្រហែលជាត្រូវការទៅជួបពេទ្យ ឬវះកាត់ផង ។
ជំងឺរលាកសួត
នៅពេលបាក់តេរី ឬវីរុស ឬមេរោគផ្សិតបង្ករោគនៅសួត វាអាចធ្វើឲ្យថង់ទងសួតពោរពេញទៅដោយទឹក ឬខ្ទុះបាន ។ រឿងនេះនឹងធ្វើឲ្យក្អកមានស្លេស្មខាប់ ។ អ្នកក៏ទំនងជាក្តៅខ្លួន គ្រុន និងពិបាកដកដង្ហើមផងដែរ ។ ការព្យាបាលគឺត្រូវការប្រើថ្នាំផ្សះ ថ្នាំក្អក និងថ្នាំបំបាត់ការក្តៅខ្លួន និងឈឺចាប់ ។

ការគេងបាត់ដង្ហើម
ការស្រមុកគឺជារោគសញ្ញាញឹកញាប់មួយនៃជំងឺគេងបាត់ដង្ហើម ប៉ុន្តែការស្រាវជ្រាវបានឲ្យដឹងថា វាក៏ធ្វើឲ្យអ្នកក្អកដែរនៅពេលភ្ញាក់ពីគេង។ វាកើតឡើងនៅពេលដែលសាច់ដុំនៅបំពង់កសម្រាកក្នុងពេលគេង ហើយផ្លូវដង្ហើមបិទជិត និងធ្វើឲ្យពិបាកដកដង្ហើម ។ គ្រូពេទ្យប្រហែលជាណែនាំឲ្យប្រើម៉ាស៊ីតដើម្បីបន្តឲ្យមានសម្ពាធខ្យល់ដង្ហើមវិជ្ជមានបន្ថែមទៀត ប៉ុន្តែអ្នកខ្លះទាល់តែវះកាត់ទៀតអាចព្យាបាលបាន ។
ការប្រើថ្នាំព្យាបាល
ថ្នាំប្រភេទ ACE Inhibitors ដែលប្រើសម្រាប់ព្យាបាលការលើសសម្ពាធឈាម ច្រើនតែមានប្រសិទ្ធភាពល្អ តែមានផលរំខានតិចតួចដែរ ។ អ្នកប្រើថ្នាំនេះមានម្នាក់ក្នុងចំណោម៥នាក់ មានផលរំខានជាការក្អក ។ បើសិនជារឿងនេះកើតឡើងចំពោះអ្នក ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើប្រាស់ថ្នាំផ្សេងវិញ ។
ខ្សោយបេះដូង
រឿងនេះកើតឡើងនៅពេលសរសៃឈាមអាក់ទែរួមតូច លើសសម្ពាធឈាម ឬមានជំងឺផ្សេងមួយទៀត ដែលធ្វើឲ្យបេះដូងមានការលំបាកក្នុងការច្របាច់ឈាម ។ រោគសញ្ញាមួយរបស់ជំងឺនេះគឺជាការក្អក ដែលមានកំហាកជាពណ៌ស ឬផ្កាឈូក ពពុះៗ ។ ការប្រើថ្នាំ និងផ្លាស់ប្តូររបៀបរស់នៅដូចជា ការហាត់ប្រាណ ពង្រឹងរបបអាហារ ឬសម្រកទម្ងន់អាចជួយដោះស្រាយរឿងនេះបាន ។
ជំងឺមហារីកសួត
ការក្អក ជាពិសេសក្អកធ្លាក់ឈាម អាចជាសញ្ញាមួយនៃជំងឺមហារីកសួតហើយ ។ ប៉ុន្តែការប្រែប្រួលលើការក្អករយៈពេលយូរ ឬក្អកដោយសារជក់បារីក៏អាចជាសញ្ញាទាក់ទងផងដែរ ជាមួយនឹងការឈឺទ្រូង ឈឺក្បាល ដកដង្ហើមលឺដូចហួច និងពិបាកដកដង្ហើម ។ ការព្យាបាលជំងឺនេះអាចមានការបាញ់កាំរស្មី ប្រើថ្នាំមហារីក និងវះកាត់ជាដើម ៕
ចែករំលែកព័តមាននេះ