ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ឱសានវាទ​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា គឺ​រំលោ.ភ​អធិបតេយ្យ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​ដាក់​ឱសានវាទ​របស់​ក្រុមប្រឹក្សា​សហ​សភាព​អឺរ៉ុប​មក​លើ​កម្ពុជា​គ្មាន​ប្រសិទ្ធិ​ភាព ព្រោះ​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ។ ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​លោក សម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​ដាក់​ឱសានវាទ​របស់​ក្រុមប្រឹក្សា​សហ​សភាព​អឺរ៉ុប​មក​លើ​កម្ពុជា​គ្មាន​ប្រសិទ្ធិ​ភាព ព្រោះ​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា ។

ការ​លើក​ឡើង​របស់​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សហភាព​អឺរ៉ុប​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម (​ពិនិត្យ​ឡើង​វិញ​ពី​ការ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​) បើ​រដ្ឋាភិបាល​កម្ពុជា មិន​ដោះ​លែង លោក កឹ​ម សុខា មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើ​ការ​ឡើង​វិញ មិន​ព្រម​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ផង​ដែរ ហើយ​មិន​ព្រម​ផ្តល់​សេរីភាព​ពេញលេញ​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា សហភាព​អឺរ៉ុប ព្រមាន​ដាក់​ទណ្ឌ​កម្ពុជា​ផ្នែក​ពាណិជ្ជកម្ម​លើ​កម្ពុជា បើ​រាជរដ្ឋាភិបាល​មិន​ដោះ​លែង លោក កឹ​ម សុខា និង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​បោះ​ឆ្នោត ព្រមទាំង​ផ្តល់​សេរីភាព​ចេញ​ជូន​រាស្ត្រ​ខ្មែរ​វិញ ។

លោក​បញ្ជាក់​ថា បើ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​កាន់​អំណាច​បែប​នេះ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នឹង​បាត់បង់​ការងារ បាត់បង់​ជីវភាព​រស់នៅ និង​បាត់បង់​សិទ្ធិ​សេរីភាព​ទាំងអស់ ។ តែបើ​សម្តេច​តេ​ជោ ហ៊ុន សែន ឈប់​ចាប់​ប្រជារាស្ត្រ​ខ្មែរ​ធ្វើ​ជា​ចំណាប់ខ្មាំង​ទៀត ហើយ​បើ​គាត់​មាន​ភាព​ថ្លៃថ្នូរ​ចុះ​ចេញពី​តំណែង ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ នឹង​មានការ​ងារ​ធ្វើ​ដ៏​ល្អ​ប្រសើរ​កាន់តែ​ច្រើន មាន​ជីវភាព​រស់នៅ​កាន់តែ​ខ្ពង់ខ្ពស់ ហើយ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្រោយ​ពី​ការ​បញ្ចប់​អំណាច​ផ្តាច់​ការ​ដ៏​ព្រៃផ្សៃ​ដូច​សព្វថ្ងៃ ។

លោក​គូសបញ្ជាក់​ថា សូម​រំឭក​ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាទី​ផ្សារ​ធំ​ជាងគេ​បំផុត​សម្រាប់​សម្លៀក​បំពាក់ ផលិត​នៅ​ប្រទេស​កម្ពុជា ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ថា​នៅ​ពេល​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​កិច្ចការបរទេស នៃ​សហ​គម​ន៏​អឺរ៉ុប បាន​សន្និដ្ឋាន​ដោយ​លំអៀង​ថា សភាពការណ៍​នយោបាយ​នៅ​កម្ពុជា មាន​លក្ខណៈ​គួរ​ឲ្យ​ព្រួយបារម្ភ និង​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ដុនដាប ។

លោក​បន្ត​ថា ផ្អែក​លើ​ការ​សន្និដ្ឋាន​បែប​អវិជ្ជា​មាន​នេះ ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​នេះ បាន​ទាមទារ​បញ្ហា​មួយ​ចំនួន​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ទាមទារ​ឲ្យ​ដោះ​លែង លោក កឹ​ម សុខា ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​ជា​ទោស​ក្បត់ជាតិ មិន​អាច​ទៅ​រួច​ទេ ។ អភ័យឯកសិទ្ធិ​សភា​មិន​អាច​ការពារ លោក កឹ​ម សុខា បាន​ទេ នៅ​ពេល​ដែល​សា​ម៉ី​ជន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង អភ័យឯកសិទ្ធិ​មក​និយាយ​ទៀត អត់​បាន​ទេ ។

ការ​ចង់​ឲ្យ​អតីតៈ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​រួច​ហើយដោយ​តុលាការ​កំពូល ក៏​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ដែរ ដោយសារ​ក្រុម​មេដឹកនាំ​បក្ស​នេះ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​ប្រឈម​នឹង​ការ​រំលាយ​ចោល​តាម​ផ្លូវច្បាប់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ថា ការ​ដែល​ថា មានការ​រំលោភសិទ្ធិ​មនុស្ស​នោះ ក៏​នៅ​កម្ពុជា​គ្មាន​ការ​រំលោភ​ដូច​ការ​សន្និដ្ឋាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ការ​ចាត់វិធានការ​ណ៍​ផ្លូវច្បាប់​លើ​ជន និង​ក្រុម​ជន​រំលោភច្បាប់ គឺជា​ការ​ពង្រឹង​នីតិរដ្ឋ​តែ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា «​នៅ​លើ​លោក​នេះ តើ​មាន​ប្រទេស​ណា​លើកលែង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​រំលោភច្បាប់0x017d7 ការ​ទាមទារ​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​មក​លើ​ក្រុមប្រឆាំង​នេះ ក៏​ជា​ការ​មិន​ត្រឹមត្រូវ​ដែរ ច្បាប់​ត្រូវ​អនុវត្ត​លើ​គ្រប់​ជនល្មើស​ច្បាប់​ដោយ​មិន​ប្រកាន់​ថា​ជា​ប្រឆាំង ឬ​មិន​ប្រឆាំង​ទេ តែ​ប្រព្រឹត្តិ​ខុសច្បាប់ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ស្មើ​ៗ​គ្នា​» ។

លោក​បាន​ហៅ សេចក្តី​ព្រមាន​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ថា ចំពោះ​សេចក្តីសម្រេច​របស់​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ ជា​ការ​គួរ​ឲ្យ​ហួសចិត្ត​ណាស់ ដែល​ការងារ​ចំពោះ​មុខ​ច្រើន​រាប់​មិន​អស់​នៅ​សហគមន៍​អឺរ៉ុប មិន​ដោះស្រាយ បែរជា​ក្រុមប្រឹក្សា​យក​បញ្ហា​កម្ពុជា​មក​ដោះស្រាយ​ខុស​មុខសញ្ញា​ទៅ​វិញ ។ ហើយ​គឺជា​ការ​លូក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យ​មួយ ទទួលស្គាល់ និង​ជា​សមាជិក អ​.​ស​.​ប ។

លោក​បន្ថែម​ថា ការ​អនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា គឺជា​សិទ្ធិ និង​ភារកិច្ច​របស់​រាជរដ្ឋាភិបាល នៃ​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​កម្ពុជា ប្រកបដោយ​ឯករាជ្យ និង​មាន​អធិបតេយ្យ​របស់​កម្ពុជា ។ ការ​ដោះ​លែង​ជន​ក្បត់ជាតិ ការ​ឲ្យ​អតីតៈ​បក្ស​ប្រឆាំង និង​ក្រុម​មន្ត្រី​១១៨ រូប​បាន​រស់​ឡើង​វិញ និង​បាន​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​គ្មាន​ទេ ដោយសារ​ច្បាប់​កម្ពុជា​បាន​សម្រេច​ជា​ស្ថាពរ​រួច​ហើយ ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ការ​ទាមទារ​កុំ​ឲ្យ​យក​ប្រព័ន្ធ​យុ​ត្តិ​ធ៌​ម​មក​ប្រើ ក៏​មិន​អាច​ទៅ​រួច​ដែរ កម្ពុជា​មិន​បោះបង់​ចោលការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​ច្បាប់​បានជា​ដាច់ខាត ។ កម្ពុជា​មិន​យក​តាម​គំរូ​តាម ហ៊ី​ត្លែរ និង​ប៉ុ​ល​ពល មក​ដោះស្រាយ​បញ្ហា​ឡើយ ។ លោក​គូសបញ្ជាក់​ថា «​ដូច្នេះ ការ​សម្រេច​យ៉ាងណា​របស់​ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​នោះ មិន​អាច​មាន​ឥទ្ធិពល​អ្វី​មក​លើ​ឯករាជ្យ និង​អធិបតេយ្យភាព ព្រមទាំង​សិទ្ធិ​សម្រេច​របស់​កម្ពុជា​បាន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ