អាជ្ញាធរភ្នំពេញជំរុញផែនការ ស្តារលូតាមបណ្តោយផ្លូវ៤៤០ខ្សែ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា រដូវវស្សាឆ្នាំក្រោយនេះ ក្នុងភូមិសាស្ត្រ ខណ្ឌ ចំនួន៤ ក្នុងរាជធានីភ្នំពេញ នឹងមិនមានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងទៀតទេ បន្ទាប់ពីរដ្ឋបាល រាជធានីភ្នំពេញបានបើកយុទ្ធនាការស្តារប្រព័ន្ធលូជិត៤៥០ខ្សែ និងការស្ថាបនាប្រឡាយមួយចំនួនទៀត។ ក្រោយក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារស្តារប្រឡាយលូក្នុងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៦ កុម្ភៈនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធនា ការស្តារលូលាងលូ ក្នុងរយៈពេល៤៣ថ្ងៃ គិតចាប់ពីថ្ងៃចាប់ផ្តើម រហូតមកដល់ពេលនេះ ការងារស្តារលូ ក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងចំណោមខណ្ឌទាំង៤ នៅកណ្តាលក្រុង សម្រេចបានលទ្ធផលសរុប ១២៨ខ្សែ ស្មើនឹង៩៩ គីឡូម៉ែត្រ ឬស្មើនឹង៣៣%នៃផែនការចំនួន៤១៨គីឡូម៉ែត្រ ឬស្មើនឹង៤៤០ ខ្សែ ដើម្បី រំដោះជំនន់ ទឹកភ្លៀង នៅក្នុងរដូវវស្សាខាងមុខនេះ។


គួររំលឹកថា អាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការស្តារប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ដោយបានទម្លាក់ការងារជាច្រើន ឲ្យទៅអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញ បែងចែកជាក្រុម ដើម្បីជំរុញផែនការ ស្តារលូជិត៤៥០ខ្សែ និងប្រឡាយមួយចំនួនទៀត ឲ្យបានរួចរាល់ក្នុងរយៈពេល៥ខែ៕
ចែករំលែកព័តមាននេះ