មិនខុសពីឈ្មួញទុច្ចរិតលួ.ចដឹកឈើទៅវៀតណាមទេ តែព្រះមិនជួយក៏ក្រឡា.ប់
- ក្រចេះ
ខេត្តក្រចេះ៖ ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកឈើមួយ បានកំពុងបង្កើតជាមន្ទិលសង្ស័យធំៗជុំវិញរឿងរ៉ាវ បទល្មើសព្រៃឈើ បន្ទាប់ពីគេបានប្រទះឃើញរម៉កសណ្ដោងដឹកឈើហុបមួយគ្រឿងក្រឡាប់បណ្តាលឱ្យឈើរាយប៉ាយលើផ្លូវ ប៉ុន្តែអាថ៌កំបាំងត្រង់ថា ក្បាលរថយន្តដែលជាអ្នកសណ្តោង បែរជាត្រូវគេលបដោះអូសរត់គេចបាត់ស្រមោលដោយសុវត្ថិភាពពីកន្លែងកើតហេតុ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ ត្រូវគេប្រទះឃើញចុងក្រោយនៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចក្បែរផ្សារ K3 ក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ឈើហុបទាំងនោះត្រូវបានដឹកចេញពីក្រុមហ៊ុនមួយដែលមានគោលដៅនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជុំវិញទិសដៅនៃការដឹកជញ្ជូននេះ បានកំពុងលេចឮព័ត៌មានខ្វែងគំនិតគ្នាពីរផ្លូវ ទិសដៅទី១. ប្រភពខ្លះអះអាងថា ជានិច្ចកាល គេតែងសង្កេតឃើញរថយន្តក្រុមនេះដឹកឆ្លងកាត់តាមច្រកជ័យឃ្លាំង ស្រុកស្នួល ខេត្តក្រចេះ ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម។ទិសដៅទី២. ប្រភពមួយទៀតបែរជាបង្វែរដានថា ឈើហុបដែលកាត់ចុងកាត់ដើម ដូចដែលឃើញជាក់ស្តែងក្នុងរូបភាពកើតហេតុនេះ ដឹកជញ្ជូនទៅកាន់ភ្នំពេញ សង្ស័យយកទៅវៀតណាមយ៉ាងពិតប្រាកដ មិនមែននាំមកភ្នំពេញទេ ព្រោះទៅវៀតណាមជិតជាងនិងបានថ្លៃជាង ។
មហាជនបានលើកឡើងជាសំណួរជល់ចំៗថា៖ បើជាការដឹកជញ្ជូនឈើស្របច្បាប់និងមានលិខិតអនុញ្ញាតត្រឹមត្រូវ តើមានមូលហេតុអ្វីចាំបាច់ត្រូវភ័យស្លន់ស្លោ រហូតដល់ថ្នាក់លបដោះរំដោះយកក្បាលរថយន្តរត់គេចចេញពីកន្លែងកើតហេតុបែបនេះ? ហេតុអ្វីបានជាមិនហ៊ាននៅប្រឈមមុខ និងមិនមានអ្នកចេញមុខមកទទួលខុសត្រូវលើទ្រព្យសម្បត្តិទាំងនេះ? ម្យ៉ាងវិញទៀត គ្រោះថ្នាក់នេះក៏មិនបានបណ្តាលឱ្យប៉ះពាល់ ឬមានមនុស្សណាម្នាក់រងគ្រោះថ្នាក់រហូតដល់ត្រូវរត់ចោលឡាននោះដែរ។
ទង្វើគេចវេសនេះ សបញ្ជាក់យ៉ាងច្បាស់ថា ការដឹកជញ្ជូននេះអាចមានភាពមិនប្រក្រតីធំដុំ ឬជាការលបលួចដឹកឈើខុសច្បាប់ ទើបតៃកុង ឬម្ចាស់ឈើ សុខចិត្តបោះបង់ចោលរម៉កសណ្តោង និងឈើហុបទាំងនោះ ដើម្បីយករួចខ្លួន។
សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតបច្ចុប្បន្ន នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ច និងអង្គភាពជំនាញពាក់ព័ន្ធ បាននិងកំពុងចុះធ្វើការវាស់វែង និងបើកការស្រាវជ្រាវរកអង្គហេតុឱ្យបានច្បាស់លាស់ ជុំវិញដើមហេតុដែលនាំឱ្យរថយន្តដឹកឈើនេះមិនអាចទៅដល់គោលដៅ ហើយព្រះមិនជួយ បែរជាមកក្រឡាប់ចាក់ចោលកណ្តាលផ្លូវ រួមទាំងស្វែងរកអត្តសញ្ញាណម្ចាស់រថយន្ត និងម្ចាស់ឈើ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ