ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តខេត្តប៉ៃលិន ត្រៀមបង្កើតស្លាកសញ្ញាសម្គាល់ទុរេនប៉ៃលិន​ និងជំរុញឱ្យកសិករប្រែក្លាយ​ចម្ការ​ទៅជាតំបន់កសិទេសចរណ៍

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ការ​ប្រមូល​ផល​ផ្លែ​ទុរេន​របស់​កសិករ នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​បង្កើត​ស្លាក​សញ្ញា​សំគាល់​អត្តសញ្ញាណ​ដែល​បញ្ជាក់​ពី​ប្រភព​ដើម ថា​ជា​ផលិតផល​របស់​ខេត្ត​ប៉ៃលិន ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ ខណៈ​ពេល​ដែល​ឆ្នាំ​២០២៦​នេះ ទីផ្សារ​ហាក់ដូចជា​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក​កម្ពុជា ដែល​មាន សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​បណ្តុះបណ្តាល​ដល់​សហគមន៍ ឬ​បណ្តុំ​កសិករ ដោយ​ផ្តល់​អ្នក​ជំនាញការ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង ពោល​គឺ​ធ្វើ​យ៉ាងណា ឱ្យ​ការ​ដាំ​ដុះ​របស់​ប្រជា​កសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់ ចំណាយ​លើ​ការ​ផលិត​តិច និង​មាន​សុវត្ថិភាព ដល់​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​អ្នក​ដាំ​ដុះ​ផ្ទាល់ ព្រមទាំង​បង្កើត​ស្លាក​សញ្ញា​សំគាល់​អត្តសញ្ញាណ​ដែល​បញ្ជាក់​ពី​ប្រភព​ដើម ថា​ជា​ផលិតផល​របស់​ខេត្ត​ប៉ៃលិន​ផ្ទាល់ ឱ្យ​សម​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​។

លោក​អភិបាល​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​ម្ចាស់​ចំការ​ទុរេន​ដែរ​ថា ធ្វើ​យ៉ាងណា​ត្រូវ​ឱ្យធ្វើ​ការ​ប្រែក្លាយ​ចំការ ទុរេន​ទាំងអស់ ទៅ​ជា​តំបន់​ក​សិ​ទេសចរណ៍ (Agrotourism) គឺជា​ជម្រើស​ថ្មី​ដ៏​ល្អ​បំផុត​មួយ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្រៅពី​រដូវ​ប្រមូល​ផល ពីព្រោះ​មិន​ត្រឹមតែ​លក់​ផ្លែ​ឈើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ឲ្យ​ម្ចាស់​ចំការ​ផ្តល់​នូវ​បទ​ពិសោធន៍​ផ្ទាល់ ជូន​ដល់​ភ្ញៀវ​ទេសចរ ដូច​ជា​ការ​ដើរ​ទស្សនា​ក្នុង​ចំការ ការ​ភ្លក្ស​រសជាតិ ទុរេន​ស្រស់​ៗ កន្លែង​លេង​កម្សាន្ត​ធម្មជាតិ និង​ការ​ស្នាក់​នៅ​បែប​ធម្មជាតិ​ផង​ដែរ​។

ដើម្បី​ជា​ការ​លើកទឹកចិត្ត លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក៏​បាន​ជួយ​ទិញ​ផ្លែ​ទុរេន​របស់​បងប្អូន​កសិករ ព្រមទាំង​ជំរុញ​ឱ្យ​ពួក​គាត់​បង្កើន​ការ​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ ទីផ្សារ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ជា​ពិសេស​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ក្នុង​ករណី​មាន​បញ្ហា​ទីផ្សារ សូម​ទំនាក់ទំនង​មក កាន់​ក្រុមការងារ លោក​ជំទាវ​នឹង​ជួយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់​ផង​ដែរ ៕