ខេត្តកំពង់ធំ ៖ ហេតុការណ៍គួរឲ្យអាណោចអាធ័មលង់ទឹកស្រះមួយ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រះទឹកមួយកន្លែងខាងក្រោយភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា បើយោងតាមការឲ្យដឹងពីសាច់ញាតិប្រាប់ថា កុមារារងគ្រោះឈ្មោះ ហឿន ចិត្រា ភេទប្រុស អាយុ៥ឆ្នាំ មានឪពុកឈ្មោះ សាយ ធី អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ជិន ផល្លី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ នៅមុនពេលកើតហេតុ កុមារារងគ្រោះរួមជាមួយនិងក្មេងៗចំនួនបីនាក់ បាននាំគ្នារត់លេង ហើយក៏បានទៅដល់ស្រះទឹកដែលគេជីកនៅខាងក្រោយភូមិចម្ងាយប្រហែលជា៣០០ម៉ែត្រ ហើយក៏នាំគ្នាចុះមុជទឹកលេង ពេលនោះក្មេងរងគ្រោះបានលង់ទឹក ឃើញដូចនោះក្មេងពីរនាក់ទៀតក៏រត់មកប្រាប់ចាស់ៗឲ្យទៅជួយដែរ ក៏ប៉ុន្តែទម្រាំតែឪពុកម្តាយទៅដល់កន្លែងនោះ រួចនាំគ្នាចុះស្រង់មកលើគោកនោះ កុមារារងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វីកោសល្យវិច្ច័យរួចថា ពិតជាស្លាប់ដោយសារលង់ទឹកមែន ក៏ប្រគល់ឲ្យឪពុកម្ដាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដំណឹងនេះ ក៏ជាការអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះសុវត្ថិភាពបុត្រធិតាជាទីស្រលាញ់របស់ខ្លួន កុំឲ្យមានការសោកស្តាយដូចជាករណីខាងលើនេះ ៕



ចែករំលែកព័តមាននេះ