ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿង​ពេទ្យវះកាត់​សម្រាលកូន​ភ្លេច​កន្សែង​ក្នុង​ពោះ

7 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ពាមជីកង ស្រុក​កងមាស ម្នាក់​ឈ្មោះ ឌី​ម ស្រី​មុំ អាយុ​៣៥​ឆ្នាំ មាន​ផ្ទៃពោះ​គ្រប់​ខែ​កូន​ដំបូង​បាន​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​អំឡុង​ខែតុលា…

ខេត្តកំពង់ចាម ៖ អ្នកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ពាមជីកង ស្រុក​កងមាស ម្នាក់​ឈ្មោះ ឌី​ម ស្រី​មុំ អាយុ​៣៥​ឆ្នាំ មាន​ផ្ទៃពោះ​គ្រប់​ខែ​កូន​ដំបូង​បាន​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៧ ដោយ​បានកូន​ប្រុស​ម្នាក់​មាន​សុខភាព​ល្អជា​ធម្មតា​ទាំង​ម្តាយ និង​កូន ។

ប៉ុន្តែ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ភ្លេច​កន្សែង​តូច​មួយ​ក្នុង​ពោះ​ម្តាយ ក្រោយ​ពី​វះកាត់​រួច​ហើយ​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ចេះ​តែ​ធ្ងន់​ទៅ​ៗ និង​ស្គមរីងរៃ​ដូច​មនុស្ស​ទាស់ ចុង​ក្រោយ​ក៏​បាន​សំរេច​វះកាត់​យក​កន្សែង​ចេញ នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ទោះជា​បែប​នេះ​ក្តី​សុខភាព​នូវ​តែ​ខ្សោយ និង​ហត់​ផង​ដែរ ។

តាម​សាច់ញាតិ​អ្នក​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា​ដោយសារ​តែ​មានការ​ទុកចិត្ត​លើ​ពេទ្យ​ខេត្ត​នោះ​ក៏​បាន​នាំ​អ្នក​រង​គ្រោះ​មក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​មិន​បាន​កើត​តាម​លក្ខណៈ​ធម្មជាតិ​នោះ​ទេ​ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​បានកូន​ប្រុស​ម្នាក់​ទទួល​បាន​ជោគជ័យ ក្រោយ​ពី​ម្តាយ​ទារក​បានដឹង​ខ្លួន​ឡើង​វិញ​ចេះ​តែ​ថ្ងូរ​ថា ឈឺពោះ​ខុស​ពី​ធម្មតា​តែ​ពេទ្យ​វិញ​ប្រាប់​ថា អាច​ទល់ខ្យល់​ក្នុង​ពោះ ដោយសារ​តែ​មិន​បាន​ក្រោកឈរ ដើរ​ក្រោយ​ពី​លេបថ្នាំ​ការ​ឈឺ​ចុកចាប់​បាន​ធូរស្រាល និង​ដល់​ពេល​ត្រូវ​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

សាច់ញាតិ​អ្នក​រង​គ្រោះ​ប្រាប់​បន្ត​ថា ១​ខែ​ក្រោយមក​នូវ​តែ​ឈឺ​ចេះ​តែ​ស្គម​ទៅ​ៗ​ត្រូវ​បាន​ម្តាយ​ប្រាប់​ថា ទាស់​រក​ថ្នាំខ្មែរ​មក​ផឹក​តែ​មិន​បាន​ធូរ​នោះ​ទេ និង​បាន​ទៅ​ពិនិត្យ​មើល​អេកូ​នៅ​ភ្នំពេញ​ឃើញ​មាន​ដុំ​ខ្មៅនៅ​ក្នុង​ពោះ​តែ​មិនដឹង​ជា​ដុំ​អ្វី​ឡើយ និង​ឲ្យ​ថ្នាំ​មក​លេប​ដើម្បី​ព្យាបាល​បន្ត​តែ​នូវ​មិន​បានជា​សះស្បើយទាល់តែ​សោះ លុះដល់​ពេល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ បាន​នាំ​ពី​ស្រុក​កងមាស​ទៅ​វះកាត់​នៅ​ភ្នំពេញ ស្រាប់តែ​បានឃើញ​កូនកន្សែង​តូច​មួយ​ដូច​កន្សែងពោះគោ​មួយ​ដោយ​បាន​ចំណាយ​លុយ​ព្យាបាល​អស់​ជា​ច្រើន និង​បាន​ព្យាយាម​មក​ជួប​ជាមួយ​គ្រូពេទ្យ​វះកាត់ ដែល​បង្កើតកូន​មានការ​ធ្វេសប្រហែស​ភ្លេច​កន្សែង​ក្នុង​ពោះ ។ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ​ការ​រង​ចាំ​បាត់​ៗ​ទើប​ចុង​ក្រោយ​សម្រេចចិត្ត​ចុះ​ផ្សាយ​តាម​ព័ត៌មាន​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

លុះដល់​ពេល​រសៀល​ថ្ងៃ​ដដែល​គាត់​ត្រូវ​បាន​គេ​ហៅ​មក​ដោះស្រាយ​នៅ​ខេត្តដោយ​ក្នុង​នោះ​លោក គួ​ច ចំរើន អភិបាលខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល និង​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​ជួយ​ចំនួន​៥០០០​ដុល្លារ ដោយ​ប្តី​អ្នក​មក​ទទួលយក​សម្រាប់​ចំណាយ​ព្យាបាល​បន្ត​ទៀត​គាត់​នឹង​បរិច្ចាគ​ចំនួន​១​លាន​រៀល​ទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​រ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភី​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ករណីនេះ​បាន​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ភាគី​រង​គ្រោះ​រួចរាល់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាមួយ​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នឹង​អ្នក​ស្រី្ត​ឈ្មោះ ស្រី​មុំ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ រហូត​ទាល់តែ​ជា​សះស្បើយ ។ ចំពោះ​ថ្លៃ​ព្យា​បាល​នោះ​ត្រូវ​បាន​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចេញ​ទាំងស្រុង ។ លោក​នឹង​ធ្វើការ​ណែនាំ​ដល់​ពេទ្យឆ្មប​ខេត្ត​ត្រូវ​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​មិន​ឲ្យ​មាន​បែប​នេះ​បន្ត​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ