ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណៈ​បង្ហាញ​ពី​ហេតុ​អ្វី​ចាំបាច់​មាន​លេខ​ពិសេស​ផ្ទាល់ខ្លួន​(​លេខ​កម្ពុជា​)​សម្រាប់​ម៉ូតូ​…​?

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​ចង្អុលបង្ហាញ និង​ផ្តល់​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​ចង្អុលបង្ហាញ និង​ផ្តល់​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​មាន​ឯកឧត្តម ប៉េង ពោធិ៍​នា ជា​រដ្ឋមន្ត្រី​ពី​សេវា​សាធារណៈ​របស់​ក្រសួង ដោយ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​កាន់តែ​កៀក​ខិត​ផ្តល់​ភាព​ងាយស្រួល ភាព​សំបូរ​បែប និង​ជម្រើស​កាន់តែ​ប្រសើរ​ដល់​ពលរដ្ឋ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ ថា ផ្អែក​តាម​ការ​សិក្សា និង​បាន​ធ្វើការ​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ឃើញ​ថា បងប្អូន​ជា​ច្រើន​មាន​បំណង​ចង់បាន​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ដើម្បី​បំពាក់​លើ​ម៉ូតូ​របស់​ខ្លួន ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ក្នុង​គោលបំណង​ផ្តល់​នូវ​ជម្រើស​កាន់តែ​សំបូរ​បែប​ជូន​ប្រជាពលរដ្ឋ និង​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ​ផង ទើប​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​រៀបចំ​ឱ្យ​មានការ​លក់​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់ទោ​ចក្រយានយន្ត ត្រីចក្រយានយន្ត និង​ម៉ូតូ​កង់​បួន​បន្ថែម​ទៀត ។

លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន សម្រាប់ទោ​ចក្រយានយន្ត​ត្រីចក្រយានយន្ត និង​ម៉ូតូ​កង់​បួន ដាក់​លក់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ស្វែងរក​លេខ​ចុះបញ្ជី​ដែល​ខ្លួន​ពេញចិត្ត ហើយ​អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី និង​ពាក់​ផ្លា​ក​លេខ​បាន​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា «​តម្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់ទោ​ចក្រយានយន្ត ត្រីចក្រយានយន្ត និង​ម៉ូតូ​កង់​បួន បាន​រៀបចំ​ក្នុង​តម្លៃ​មួយ​សមរម្យ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​បងប្អូន​ប្រជាពល​រដ្ឋ ដែល​មាន​តម្លៃ​ទាប​បំផុត​១០​ម៉ឺន​រៀល និង​ខ្ពស់​បំផុត​តម្លៃ​៨​លាន​រៀល​»​។

គួរ​បញ្ជាក់​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ខែមេសា ឆ្នាំ​២០២៥ ម៉ូតូ​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​៦ ៦៨៤ ១៦៤​គ្រឿង ។ ការ​បង្កើត​ឱ្យ​មាន​លេខ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ កើត​ចេញពី​សំណូម​ពរ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដាក់​សាកល្បង ដោយ​អនុញ្ញាត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ស្វែងរក​ទិញ​លេខ និង​បំពេញបែបបទ​ចុះបញ្ជី ដែល​កំពុង​ឃើញ​ការ​ចាប់អារម្មណ៍​ខ្ពស់ និង​ផុសផុល​ក្នុង​ការ​ស្វែងរក​តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ