ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​ជំរុញ​ការ​លើកកម្ពស់​វិស័យ​ទេស​ចរណ៍ ខណៈ​ដែល​ភ្ញៀវ​ចិន​ធ្លា.ក់​ចុះ​ខ្លាំង

9 ម៉ោង មុន

ទីក្រុង​បាងកក ៖ បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ថៃ កំពុង​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ឃើញ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​បរទេស អំឡុង​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ជា​ពិសេស​ភ្ញៀវ​ចិន​។ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation…

ទីក្រុង​បាងកក ៖ បណ្តា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ថៃ កំពុង​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ បន្ទាប់​ពី​ឃើញ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​បរទេស អំឡុង​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ជា​ពិសេស​ភ្ញៀវ​ចិន​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ថៃ បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​នេះ ដែល​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ ជា​ពិសេស​ទាក់ទង​នឹង​សុវត្ថិភាព​។

បញ្ហា​កើតឡើង​កន្លង​មក​ដូច​ជា ការ​ឆបោក​នៅ​តាម​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា ការ​រញ្ជួយ​ដី ការ​សម្លាប់​ស្ត្រី​ស្រឡាញ់​ភេទ​ម្នាក់​នៅ​ឯ​ទីក្រុង​ប៉ា​តា​យ៉ា និង​ការ​ព្រួយបារម្ភ​ជុំវិញ​អាជីវកម្ម​ទីផ្សារ​ងងឹត​របស់​ចិន​បាន​រួមចំណែក​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការ​ធ្វើ​ដំណើរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ជាង​មុន​។ ជា​លទ្ធផល ប្រទេស​ថៃ​បាន​កត់ត្រា​ការ​មក​ដល់​របស់​ភ្ញៀវ​បរទេស​ចំនួន ១២,០៩​លាន​នាក់​ចាប់ពី​ខែមករា​ដល់​ខែមេសា ឆ្នាំ​២០២៥ ជា​ការ​ធ្លាក់​ចុះ ០,២៦% បើ​ទោះបីជា​ប្រាក់​ចំណូល​ពី​ទេសចរណ៍​កើនឡើង ៥,២៤% គិត​ជា​ទឹកប្រាក់​ចំនួន ៥៧៧​ពាន់​លាន​បាត ឬ​ស្មើនឹង ១៧,៣​ពាន់​លាន​ដុល្លារ​យ៉ាងណា​ក៏​ដោយ​។

ទីផ្សារ​ទេសចរណ៍​មួយ​ចំនួន​បាន​ជួយ​ទ្រទ្រង់​ដល់​កំណើន​ប្រាក់​ចំណូល ពិសេស​ទីផ្សារ​ពី​អឺរ៉ុប មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក ខណៈ​ដែល​ការ​ធ្លាក់​ចុះ​ខ្លាំង​ត្រូវ​បានឃើញ​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចិន​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១,៦៤​លាន​នាក់ ឬ​ធ្លាក់​ចុះ ២៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ភ្ញៀវ​ទេសចរ​ចិន​ធ្លាប់​ជាទី​ផ្សារ​អន្តរជាតិ​ដ៏​ធំ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​ថៃ​ជាមួយ​ចំនួន ១១,១៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ហើយ​តួលេខ​នោះ​តំណាង​ឱ្យ ២៨% នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​ចំនួន ៣៩,៨​លាន​នាក់​។

នៅ​ឆ្នាំ​២០២៤ ការ​មក​ដល់​របស់​ភ្ញៀវ​ចិន​មាន​ចំនួន ៦,៧៣​លាន​នាក់ ពោល​ត្រឹមតែ ៦០% នៃ​កម្រិត​មុន​ឆ្នាំ​២០១៩ ឬ​ស្មើនឹង ១៩% នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​របស់​ប្រទេស​ថៃ​ចំនួន ៣៥,៥៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤​។

លោក Sorawong Thienthong រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​ព្រមាន​ថា វិស័យ​ទេសចរណ៍​ថៃ​ជិត​ជួប​វិបត្តិ​ហើយ ដោយសារ​ទីផ្សារ​អន្តរជាតិ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ ចាប់តាំងពី​ដើមឆ្នាំ​២០២៥​មក​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រាក់​ចំណូល​សរុប​ពី​វិស័យ​ទេសចរណ៍​បាន​កើនឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរ ដែល​មានការ​ចំណាយ​ខ្ពស់​។ លោក​បាន​បន្ត​ថា​៖ «​ទោះបីជា​ស្ថានភាព​បច្ចុប្បន្ន​ជាមួយ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កំពុង​មានការ​ធ្លាក់​ចុះ ដោយ​ទាំង​ក្រសួងទេសចរណ៍ និង​កីឡា និង​វិស័យ​ឯកជន​បាន​សម្តែង​ការ​បារម្ភ​ក៏​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ហើយ​អាច​ដោះស្រាយ​បាន​»​។

លោក​បាន​កត់​សម្គាល់ថា ការ​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍​ពិភពលោក​កាន់តែ​ខ្លាំង ដោយ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​។ ជា​ពិសេស ប្រទេស​ចិន​បាន​ក្លាយទៅជា​គូប្រជែង​ដ៏​ខ្លាំង​មួយ ដោយ​ទាញ​ចំណែក​ដ៏​សំខាន់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​ឆ្ងាយ​ពី​គោលដៅ​ផ្សេង​ទៀត​។ ទន្ទឹម​នឹង​នេះ ប្រទេស​ថៃ​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ការ​ផ្សព្វផ្សាយ​អវិជ្ជមាន​ជា​ច្រើន ដោយ​លោក​ព្រមាន​ថា ប្រសិនបើ​ការ​យល់​ឃើញ​អវិជ្ជមាន​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ វា​អាច​បំផ្លាញ​មុខមាត់​ទាំងមូល​របស់​ប្រទេស​ជាតិ​យ៉ាងធ្ងន់ធ្ងរ មិនមែន​ត្រឹមតែ​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​នៅ​គ្រប់​វិស័យ​តែ​ម្តង​។

ដោយឡែក លោកស្រី Thapanee Kiatphaibool អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​លើក​ឡើង​ថា អាជ្ញាធរ​ទេសចរណ៍​ថៃ កំពុង​រៀបចំ​ដាក់​ស្នើ​ផែនការ​ជំរុញ​ទេសចរណ៍​ដែល​បាន​កែសម្រួល​ទៅ​កាន់​ក្រសួងទេសចរណ៍ និង​កីឡា ហើយ​បន្ទាប់​មក​នឹង​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។ ផែនការ​នេះ​ស្វែងរក​ការ​ប្រើប្រាស់​ថវិកាបម្រុង​គ្រាអាសន្ន​ប្រមាណ​១០៥​លាន​ដុល្លារ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

លោកស្រី Voralak Tulaphorn ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន The Mall Group បាន​កត់​សម្គាល់ថា ការ​ធ្លាក់​ចុះ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ចិន​បាន​បង្ខំ​ឱ្យ​ប្រតិបត្តិ​ករ​ហាង​ទំនិញ​ត្រូវ​កែសម្រួល​យុទ្ធសាស្ត្រ​ទីផ្សារ​ពួក​គេ និង​ចូល​ទៅ​ក្នុង​ទីផ្សារ​ថ្មី​។ លោកស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​បង្កើន​ការ​លើកទឹកចិត្ត និង​អត្ថប្រយោជន៍​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​រយៈ​វិធានការ​ពន្ធ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ចំណាយ និង​ជំរុញ​ការ​ទាក់ទាញ​របស់​ប្រទេស​ថៃ​ជា​គោលដៅ​ទេសចរណ៍​។

ចំណែក​លោកស្រី Wallapa Traisorat នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​សាជីវកម្ម Asset World (AWC) បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ជា​ច្រើន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​ទេសចរណ៍​ថៃ ចាប់ពី​ការ​ប្រែប្រួល​សេដ្ឋកិច្ច​សកល សង្គ្រាម​ពាណិជ្ជកម្ម រហូត​ដល់​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។ លោកស្រី​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​គ្រប់​វិស័យ​ដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រកបដោយ​គុណភាព និង​ជំរុញ​ការ​ចំណាយ ជា​ពិសេស​ដូច​ជា កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​នានា​។

លោក Paitoon Wongsasutthikul ប្រធាន​ផ្នែក​វិនិយោគ​នៅ​សាជីវកម្ម Asset World ក៏​បាន​បន្ថែម​ថា វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​បង្កើត​ឥទ្ធិពល​ច្រើន​ទូ​ទាំង​សេដ្ឋកិច្ច ដោយ​បង្កើត​អត្ថប្រយោជន៍ និង​ឱកាស​ការងារ​យ៉ាង​ទូលំទូលាយ​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​គ្រប់​វិស័យ​រួបរួម​គ្នា ដើម្បី​ជម្នះ​លើ​កត្តា​អវិជ្ជមាន​ដែល​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ទេសចរណ៍​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ