ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! អតីត​ប្រធានាធិបតី​ក្រ​បំផុត​នៅ​លើ​លោកបានទទួលមរណភាព​ក្នុង​វ័យ​៨៩​ឆ្នាំ

6 ម៉ោង មុន

ប្រទេស​អ៊ុយ​រូ​ហ្គា​យ ៖ អតីត​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ លោក ចូ​សេ មូ​ជី​កា (José Mujica) ដែល​ពិភពលោក​ស្គាល់​យ៉ាង​ច្បាស់ តាម​រយៈ​រហស្សនាម​របស់​លោក​ថា…

ប្រទេស​អ៊ុយ​រូ​ហ្គា​យ ៖ អតីត​ប្រធានាធិបតី​របស់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ លោក ចូ​សេ មូ​ជី​កា (José Mujica) ដែល​ពិភពលោក​ស្គាល់​យ៉ាង​ច្បាស់ តាម​រយៈ​រហស្សនាម​របស់​លោក​ថា «​ប្រធានាធិបតី​ក្រ​បំផុត​នៅ​លើ​ពិភពលោក​» នោះ លោក​បាន​ទទួលមរណភាព​ហើយ​ក្នុង​អាយុ​៨៩​ឆ្នាំ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN, Reuters, BBC និង AP បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥​។

មរណភាព​របស់​លោក ចូ​សេ មូ​ជី​កា ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ដោយ​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ លោក យ៉ា​ម៉ា​ន់​ឌូ អ័​រ​ស៊ី (Yamandú Orsi) ដោយ​លោក​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ដូច្នេះ​ថា «​វា​គឺជា​ទុក្ខសោក​យ៉ាង​ក្រៀមក្រំ ដែល​យើង​ប្រកាស​ពី​ការ​ស្លាប់​មិត្ត​របស់​យើង​គឺ​លោក Pepe Mujica ដែល​ប្រធាន សកម្មជន អ្នកដឹកនាំ និង​ជា​មគ្គុទេសក៍​ដ៏​ឆ្នើម​។ សូម​អរគុណ​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​បាន​ផ្តល់​ឱ្យ​យើង និង​សម្រាប់​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​អ្នក​ចំពោះ​ប្រជាជន​របស់​អ្នក​។ យើង​នឹង​នឹក​អ្នក​ខ្លាំង​ណាស់ បុរស​ចំណាស់​ជាទី​ស្រឡាញ់​របស់​យើង​»​។

នៅ​មុន​ពេល​ផុតដង្ហើម​ពី​ផែនដី​ទៅ លោក ចូ​សេ មូ​ជី​កា បាន​ស្ថិត​ក្រោម​ការ​ព្យាបាល​ជំងឺមហារីក​បំពង់​អាហារ​តាំងពី​ដើមឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​បាន​រីក​រាលដាល​ដល់​ថ្លើម​របស់​លោក​ថែម​ទៀត​ផង​។ លោក​ធ្លាប់​បាន​ប្រាប់​អ្នកកាសែត​ថា លោក​នឹង​តស៊ូ​ជាមួយ​ជំងឺ​នេះ​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក ចូ​សេ មូ​ជី​កា ដែល​ជា​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​អំឡុង​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នកនយោបាយ​ឆ្វេងនិយម ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​ហៅ​ថា «​ជំនោរ​ពណ៌​ផ្កាឈូក​» ដែល​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន ប្រេ​ស៊ី​ល ឈី​លី និង​ប្រទេស​ផ្សេង​ទៀត​នៅ​អា​មេ​រិ​កឡា​ទី​ន​។ លោក​បាន​ត្រួសត្រាយ​ផ្លូវ​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ការ​កើនឡើង​ការ​វិនិយោគ​បរទេស និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ដែល​ជា​ប្រទេស​តូច​មួយ​នៅ​ទី្វ​ប​អា​មេ​រិ​ក​ខាងត្បូង​មាន​ប្រជាជន​ត្រឹម​ជាង​៣​លាន​នាក់​ប៉ុណ្ណោះ ព្រមទាំង​ជៀសវាង​ដាច់ខាត​រឿងអាស្រូវ​ពុក​រលួយ​។

លោក ចូ​សេ មូ​ជី​កា គឺជា​អតីត​ទ័ពព្រៃ​ជាមួយ​ចលនា​ឆ្វេងនិយម Tupamaros​។ លោក​ត្រូវ​ចាប់ខ្លួន រង​ទារុណកម្ម និង​ជាប់គុក​រយៈពេល​១៤​ឆ្នាំ អំឡុង​ពេល​របប​ផ្តាច់​ការ​យោធា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០​។ នៅ​ឆ្នាំ​១៩៨៥ នៅ​ពេល​លទ្ធិប្រជាធិបតេយ្យ​តាម​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ លោក មូ​ជី​កា ត្រូវ​បាន​ដោះ​លែង​ក្រោម​ច្បាប់​លើកលែងទោស​ដែល​គ្របដណ្តប់​លើ​ឧក្រិដ្ឋកម្ម​ផ្នែក​នយោបាយ និង​យោធា​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​១៩៦២​។ ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ លោក មូ​ជី​កា និង​សមាជិក​ចលនា Tupamaros ជា​ច្រើន​បាន​ចូលរួម​ជាមួយ​អង្គការ​ឆ្វេងនិយម​ផ្សេង​ទៀត ដើម្បី​បង្កើត​ចលនា​បង្រួបបង្រួម នៃ​គណបក្ស​នយោបាយ​។

បន្ទាប់​ពី​ក្លាយជា​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​នៅ​អាយុ​៧៤​ឆ្នាំ លោក​បាន​អនុម័ត​នូវ​អ្វី​ដែល​កាល​ណោះ​ជា​ជំហរ​សេរីនិយម​ត្រួសត្រាយ​លើ​បញ្ហា​ទាក់ទង​សេរីភាព​ស៊ី​វិល និង​បញ្ហា​សង្គម​ជាតិ រួម​មានការ​រំលូតកូន​ដោយ​ស្របច្បាប់ ការ​រៀប​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ការ​គាំទ្រ​សំណើរ​ដើម្បី​លក់​កញ្ឆា​ឱ្យ​ស្របច្បាប់ ក៏​ដូច​ជា​ការ​តាំងទី​លំនៅ​ថ្មី​នៃ​ជនភៀសខ្លួន​សង្គ្រាម​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ការ​រៀប​ការ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​រំលូតកូន​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​កាតូលិក​អា​មេ​រិ​កឡា​ទី​ន ខណៈ​ការ​ផ្លាស់​ប្តូ​រលើ​បញ្ហា​កញ្ឆា​គឺ​នៅ​ពេល​នោះ​ស្ទើរតែ​មិន​ធ្លាប់​មាននៅ​ទូ​ទាំង​ពិភពលោក​។

អំឡុង​ពេល​កាន់​តំណែង លោក ចូ​សេ មូ​ជី​កា បាន​បដិសេធ​មិន​ផ្លាស់​ទៅ​ផ្ទះ​ប្រធានាធិបតី​ឡើយ ដោយ​ជ្រើសរើស​ស្នាក់​នៅ​ក្នុងផ្ទះ​តូច​ដ៏​សមរម្យ​របស់​លោក ជា​កន្លែង​ដែល​លោក​មាន​កសិដ្ឋាន​ផ្កា​តូច​មួយ ស្ថិត​នៅ​ជាយក្រុង​រដ្ឋធានី​ម៉ុ​ន​តេ​វី​ដេ​អូ (Montevideo)​។ លោក​ក៏​មិន​ចូល​ចិត្តការ​ពាក់​អាវធំ និង​ក្រ​វ៉ា​ត់ក​ផង​ដែរ ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ទេ ដែល​គ្រប់​គ្នា​ឃើញ​លោក​បើកបរ​រថយន្ត​តូច Volk​swagen Beetle របស់​លោក​ទៅ​ណា​មក​ណា ឬ​ទៅ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ធម្មតា​ៗ​នៅ​កណ្តាល​ក្រុង​។ លោក​ថែម​ទាំង​បាន​បរិច្ចាគ ៩០% នៃ​ប្រាក់ខែ​ប្រធានាធិបតី​ចំនួន ១២ ០០០​ដុល្លារ​អា​មេ​រិ​ករប​ស់លោក ដល់​អង្គការ​សប្បុរសធម៌​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ និង​សហគ្រិន​ខ្នាត​តូច​។ ទាំងនេះ​ទើប​បានជា​លោក​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា «​ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក​»​។

នៅ​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០១៥ គឺជា​ពេលវេលា​ដែល​លោក ចូ​សេ មូ​ជី​កា ចប់​អាណត្តិ​ដឹកនាំ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​នៅ​ក្នុង​អាយុ​៧៩​ឆ្នាំ ប៉ុន្តែ​ប្រជាជន​នៅ​តែ​គោរព​ស្រលាញ់​រូប​លោក និង​មិន​ដាច់​អា​ល័យ​ចំពោះ​ការ​ចាកចេញ​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ