ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​សមាគម កម្មសិទ្ធិបញ្ញា និង​គណៈ មេធាវី​ពង្រឹងសមត្ថភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​ស្នើ​ឲ្យ​សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា និង​គណៈមេធាវី​កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ក្លាយជា​ឯកទេស​កម្ម​ផ្នែក​ដោះស្រាយ​វិវាទ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​ស្នើ​ឲ្យ​សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា និង​គណៈមេធាវី​កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ក្លាយជា​ឯកទេស​កម្ម​ផ្នែក​ដោះស្រាយ​វិវាទ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​ទំនុក​ចិត្តការ​វិនិយោគ​ពី​ខាងក្រៅ​បន្ថែម​ទៀត ។

លោក​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា ស្តី​ពី​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​នេះ ជាមួយ​សមាគម​ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា​ជប៉ុន និង​សមាគម​កម្មសិទ្ធិបញ្ញា​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​ទៅ ។

លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​ថា ក្រសួង​ឧស្សាហកម្ម​តែងតែ​រៀបចំ​ឲ្យ​មាន​សិក្ខា​សាលា​​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​កម្មសិទ្ធិបញ្ញា សម្រាប់​ផ្តល់​ចំណេះដឹង​ដល់​ស្ថាប័ន​មន្ត្រី​ពាក់ព័ន្ធ ហើយ​បច្ចុប្បន្ន ក្រសួង​នៅ​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​ទាំងនេះ​បន្ត​ទៀត ដើម្បី​ពង្រីក​ចំណេះដឹង​ផ្នែក​កម្មសិទ្ធិបញ្ញា ជា​ពិសេស​ប្រកាសនីយបត្រ​តក្កកម្ម (Patent) ដែល​ជា​ចំណេះដឹង​មួយ​ត្រូវការ​ពេលវេលា និង​ការ​សិក្សា​ឈ្វេងយល់​យូរ​អង្វែង ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ច្បាប់​កម្មសិទ្ធិបញ្ញា​មាន​សារសំខាន់​ណាស់​សម្រាប់​គាំទ្រ​ឲ្យ​មានការ​បង្កើត​ថ្មី​កាន់តែ​ច្រើន ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ដោយ​ស្មោះ​ត្រង់ និង​ការ​វិនិយោគ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម » ។

ច្បាប់​កម្មសិទ្ធិបញ្ញា​បាន​អនុវត្ត​ជាង​១០​ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​បាន​ចូល​ជា​សមាជិក​សន្ធិសញ្ញា​អង្គការ​អន្តរជាតិ ផ្នែក​កម្មសិទ្ធិបញ្ញា​ជា​យូរ​មក​ហើយ ជា​ពិសេស​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​មកនេះ ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជា​បន្តបន្ទាប់​ស្តី​ពី កិច្ច​សហប្រតិបត្តិការ និង​ទទួលស្គាល់​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម ជាមួយ​ប្រទេស​មួយ​ចំនួន ដូច​ជា ជប៉ុន សិង្ហ​បុរី និង​សហគមន៍​អឺរ៉ុប ជាដើម ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting​លោក ង៉ែត ជូ បាន​ថ្លែង​ថា ច្បាប់​នេះ​វា​មានការ​ជជែក​ច្រើន​ជា​យូរ​មក​ហើយ ប៉ុន្តែ​ការ​អនុវត្ត មាន​ភាព​ខ្វះខាត​នៅឡើយ ខណៈ​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន ឬ​អ្នក​ផលិត​ថ្មី​ៗ​ការពារ​ផលប្រយោជន៍ និង​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ ឬ​ផលិត​បាន​ថ្មី​ៗ ព្រោះ​ការ​ផលិត​ថ្មី​ទាមទារ​ការ​ចំណាយ​ទុន​ច្រើន ដូច្នេះ ប្រសិនជា​ខ្វះ​ការ​គាំពារ ជា​ការ​មិន​លើកទឹកចិត្ត​ដល់​ការ​ផលិត ឬ​ការ​បង្កើត​ស្នាដៃ​ថ្មី​នោះ​ទេ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា បច្ចុប្បន្ន​នេះ មានការ​ចូលរួម​ផុសផុល​កាន់តែ​ច្រើន​ពី​វិស័យ​ឯកជន ដើម្បី​ផ្តល់​មតិយោបល់​ដល់​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ