ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​7​ភាគរយ​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​ល្អ​ប្រសើរ ដោយ​កម្ពុជា​នឹង​រក្សា​បាន​កំណើនសេដ្ឋកិច្ច​៧%​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៩​ខាង​មុខ ដោយសារ​ការ​ជំរុញ​ពី​វិស័យ​៣​សំខាន់​ៗ​។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​ល្អ​ប្រសើរ ដោយ​កម្ពុជា​នឹង​រក្សា​បាន​កំណើនសេដ្ឋកិច្ច​៧%​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៩​ខាង​មុខ ដោយសារ​ការ​ជំរុញ​ពី​វិស័យ​៣​សំខាន់​ៗ​។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ថា នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេច​បាន​ក្នុង​រង្វង់​៧% ក្នុង​នោះ​វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កំណើន​ក្នុង​រង្វង់​១,៨%, វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​កំណើន​រឹង​មាំ​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​១០% និង​វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ខ្ពស់​ក្នុង​រង្វង់​ប្រមាណ​៧%​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖« ទោះបី​យ៉ាងណា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ជួប​ប្រទះ​នឹង​ហានិ​ភ័យ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាំង​មក​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង ។ ដូច្នេះ យើង​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ជាប់​ជា​ប្រចាំ ព្រោះ​ការ​មិន​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មិន​ទាន់​មាន​បញ្ហា​កើតឡើង គឺជា​ហានិភ័យ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​យើង​»​។

លោក​បន្ត​ថា កម្ពុជា​គួរ​ត្រូវ​បន្ត​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច ដែល​មាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ និង​ក្លាយជា​សេដ្ឋកិច្ច​បង្កើត​តម្លៃ​ក្នុង​រយៈពេល​វែង​ខាង​មុខ ដែល​កម្ពុជា​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ គោលនយោបាយ​ចាំបាច់​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាង​មុខ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ឱ្យ​បន្ត​សម្រេច​បាន​ក្នុង​រង្វង់​៧% តាម​រយៈ​ការ​បន្ត​អភិវឌ្ឍន៍​លើកកម្ពស់​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច ប្រពៃណី​ដែល​មាន​ស្រាប់ និង​បង្កើត​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ថ្មី​ៗ​ផង​ដែរ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ ដោយ​លោក​ថ្លែង​ថា តាម​ធម្មតា យើង​ឃើញ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន ប៉ុន្តែ​វា​ទាមទារ​ឲ្យ​កម្ពុជា​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​រក្សា​ក្រវាត់​(​កំណើន​)​នេះ ព្រោះ​នៅ​ពេល​ទំហំ​សេដ្ឋកិច្ច​យើង​កាន់តែ​ធំ ទំហំ​នៃ​កំណើន​អាច​ថយ​ចុះ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នឹង​បន្ត​កើនឡើង ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ហើយ​យើង​អាច​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​បាន​៧%​បន្ត​ទៀត គឺជា​រឿង​អបអរសាទរ​សម្រាប់​ទាំងអស់​គ្នា ។

លោក​បន្ត​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​មាន​បញ្ហា​ប្រឈម​ដដែល​ៗ ប៉ុន្តែ​ការងារ​នេះ​រាជ​រដ្ឋា​ភិបាល​បាន​និង​កំពុង​ខិតខំ​ធ្វើ​បណ្តើរ​ៗ​ហើយ ព្រោះ​វិស័យ​អ្វីមួយ​មិន​អាច​ធ្វើ​មួយ​ថ្ងៃ​បាន​ទេ វា​ត្រូវការ​ពេលវេលា​សម​ស្រប » ។

នៅ​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​មួយ​ដើម្បី​ត្រួតពិនិត្យ​លើ​របាយការណ៍​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​កម្ពុជា ក្រោម​អធិបតីភាព​លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ កាលពី​ថ្ងៃ​ទី​២៤ មក​រា កន្លង​មក បាន​រក​ឃើញ​ថា ដោយ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រក្សា​កំណើនសេដ្ឋកិច្ច​មួយ​មាន​លក្ខណៈ​រឹង​មាំ កម្ពុជា​អាច​រក្សា​ក្នុង​អត្រា​កំណើន​៧% ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពលរដ្ឋ​ម្នាក់​ៗ​កើនឡើង​។ ចំណែក​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ ស្របគ្នា​នឹង​ការ​វាយតម្លៃ​របស់​ធនាគារពិភពលោក ។

យោង​តាម​របាយការណ៍​ពាក់កណ្តាល​អាណ​តិ្ត​ឆ្នាំ​២០១៦ ស្តី​ពី​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ បាន​រក​ឃើញ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រជាពលរដ្ឋ​ម្នាក់​បាន​កើនឡើង​ពី​១.១៣៨​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៤ ទៅ​១.៤២៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​នៅ​ឆ្នាំ​២០១៧ និង​អត្រា​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​ពី​២១,១%​ក្នុង​ឆ្នាំ​២០១០ មក​នៅ​១៣,៥%​នៅ​ឆ្នាំ​២០១៤ ហើយ​កម្រិត​នៃ​ការ​ធ្លាក់​ចុះ​នេះ សម្រេច​បាន​លឿន​ជាង​ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដែល​បាន​កំណត់​នៅ​ត្រឹម​១៩,៥%​ក្នុង​ឆ្នាំ​២០១០ និង​១៣,៨%​ក្នុង​ឆ្នាំ​២០១៨ ។

ការ​ធ្លាក់​ចុះ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​ភាព​ស្របគ្នា​នឹង​ការ​វាយតម្លៃ​របស់​ធនាគារ ពិភពលោក ដោយ​បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ថា កម្ពុជា​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក និង​ចាត់ជា​ប្រទេស​មាន​វឌ្ឍន​ភាពល្អ​ជាងគេ​ក្នុង​តំបន់​នៅ​ក្នុង​ការងារ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ខ្លួន ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​កំណើន​យ៉ាង​រឹង​មាំ ខណៈ​វិស័យ​សំខាន់​ៗ​ដើរតួ​នាទី​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​តែ​មាន​កំណើន និង​រឹង​មាំ ជា​ពិសេស វិស័យ​សេវា​កម្ម​បាន​និង​កំពុង​កើនឡើង ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល​បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម និង​ល្អ​ប្រសើរ​ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​បន្ថែម​ទៀត ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា សុខភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល ព្រមទាំង​លក្ខខណ្ឌ​ផ្លូវច្បាប់​លើកទឹកចិត្ត និង​ការ​ការពារ​អ្នក​វិនិយោគ ហើយ​ធ្វើ​ឲ្យ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ