ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍ទី​ក្រុងរណបជ្រោយ​ចង្វាបាន​ចេញជារូប​រាង​ហើយ

12 ឆ្នាំ មុន

​​រាជធានីភ្នំពេញ ៖ ដោយ​មាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សាលា​រាជ​ធានី​ភ្នំពេញ ​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ដែល​ទទួល​បាន​​ការ​ទុក​ចិត្ត​ពី​រាជ​រដ្ឋា​ភិបាល គឺ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិក​ជន​កម្ពុជា (​OCIC​)​​ ​ឧក​ញ៉ា​ពុង ឃាវ​សែ ​ហៅ​ពុង សុវណ្ណ ដែល​​មាន​ស្នាដៃ​ធំៗ​ជាច្រើន​ដូច​ជា​អភិវឌ្ឍន៍​ទីក្រុង​រណប​កោះ​ពេជ្រ ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ស្ពាន​

​​រាជធានីភ្នំពេញ ៖ ដោយ​មាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សាលា​រាជ​ធានី​ភ្នំពេញ ​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ដែល​ទទួល​បាន​​ការ​ទុក​ចិត្ត​ពី​រាជ​រដ្ឋា​ភិបាល គឺ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិក​ជន​កម្ពុជា (​OCIC​)​​ ​ឧក​ញ៉ា​ពុង ឃាវ​សែ ​ហៅ​ពុង សុវណ្ណ ដែល​​មាន​ស្នាដៃ​ធំៗ​ជាច្រើន​ដូច​ជា​អភិវឌ្ឍន៍​ទីក្រុង​រណប​កោះ​ពេជ្រ ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ស្ពាន​អាកាស​ក្បាល​ថ្នល់ ​ស្ពាន​អាកាស​ពេទ្យ​លោក​​សង្ឃ ​និង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​ពេល​នេះ​​បាន​បន្ត​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​មួយ​ទៀត រណប​រាជ​ធានី​ភ្នំពេញ គឺ​ទីក្រុង​រណប​ជ្រោយ​ចង្វា​លើ​ផ្ទៃ​ដី​សរុប​៣៨៧​ហិក​តា  ស្ថិត​នៅ​សង្កាត់​ព្រែក​តាសេក និង​សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ ​ដែល​បាន​ចេញ​ជា​រូប​រាង​ជា​បណ្តើរៗ​ហើយ ។

នៅព្រឹកថ្ងៃទី​២០ ធ្នូ ក្រុម​ហ៊ុន​ឯក​ជន​​មួយ​នេះ​​ដោយ​មាន​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ពី​សាលា​រាជធានី​ភ្នំពេញ​ បាន​រៀប​ចំ​ធ្វើ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្សារ​ទំនើប​នៅ​តំបន់​ទីក្រុង​រណប​ជ្រោយ​ចង្វា​នោះ ​និង​ចែក​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ប៉ះ​ពាល់​ឲ្យ​បាន​ទទួល​ផ្ទះថ​្ម​ីនៅ​តំបន់​នោះ​ផង​ដែរ ។ ពិធី​នេះ​ធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រុម​ហ៊ុន OCIC​ មន្ត្រី​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ ។

ឧក​ញ៉ា​ពុង ឃាវ​សែ ប្រធាន​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន​អាណិក​ជន​កម្ពុជា (OCIC) បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន OCIC​​បាន​អភិវឌ្ឍ​​គម្រោង​ជា​ច្រើន​ប្រកប​ដោយ​ជោគ​ជ័យ រួម​មាន​ គម្រោង​ធំៗ​​ទីក្រុង​រណប​កោះ​ពេជ្រ ​គម្រោង​អភិវឌ្ឍន៍​​តំបន់​ពហុ​កីឡ​ដ្ឋាន​អូឡាំពិក ផ្សារ​ទំនើប សណ្ឋាគារ ភូមិ​វប្ប​ធម៌​ក្រុង​សៀម​រាប សួន​កាណា​ឌីយ៉ា ។ល។ និង​បាន​​ការ​ទទួល​ស្គាល់​ពី​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​ប្រជា​ព​ល​រដ្ឋ​ថា ក្រុម​ហ៊ុន OCIC ​ពិត​ជា​ក្រុម​ហ៊ុន​មាន​លទ្ធ​ភាព ទាំង​ថវិកា និង​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​អភិវឌ្ឍន៍​​ទីក្រុង​រណប​ជ្រោយ​ចង្វា​នេះ​​​ប្រកប​ដោយ​ជោគ​ជ័យ​ដូច​ទី​ក្រុង​រណប​កោះ​ពេជ្រ​ដែរ ។ ជា​លទ្ធ​ផល​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១១​ ក្រុមហ៊ុន OCIC បាន​ចុះ​កិច្ច​សន្យា​ពី​ការ​ជួល​ដី​តំបន់​ជ្រោយ​ចង្វា ដើម្បី​អភិវឌ្ឍន៍​ជាទីក្រុងរណប​ជាមួយ​រាជ​រដ្ឋា​ភិបាល​តំណាង​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ ​លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ​៣៨៧​ហិក​តា និង​ត្រូវ​អភិវឌ្ឍន៍​ជា​៤​តំបន់​ធំៗ​មាន ៖

១-​តំបន់បៃតង ជា​តំបន់​សួន​ច្បារ​បៃតង សួន​សត្វ ដើម្បី​ជា​កន្លែង​សម្រាប់​ប្រជា​ពល​​រដ្ឋ​​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អាច​មក​លំហែ​កម្សាន្ត​បាន ។​២​-​តំបន់​លំនៅ​ឋាន​សម្រាប់​មន្ត្រី​រាជ​ការ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ អាច​មាន​លទ្ធ​ភាព​ទិញ​ផ្ទះ ។៣​-​តំបន់​អាស៊ាន​ ជា​តំបន់​ដែល​ក្រុម​ហ៊ុន​បាន​ត្រៀម​ដី​សម្រាប់​ជូន​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​អភិវឌ្ឍន៍​​ ពង្រឹង​មិត្ត​ភាព​ ចំណង​ទាក់​ទង​​ក្នុង​​តំបន់​អាស៊ាន​ ដែល​លំនាំ​នេះ​យក​តាម​ប្រទេស​ចិន​នៅ​ទីក្រុង​ណាន​នីង ។៤​​-​​តំបន់​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ ។ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍន៍​តំបន់​នេះ​ដូច​ជា​ទីក្រុង​កោះ​ពេជ្រ​ដែរ មាន​ដូច​ជា លំនៅ​ឋាន សាលា​រៀន មន្ទីរ​ពេទ្យ ផ្សារ​ទំនើប សណ្ឋាគារ​ អគារ​ពាណិជ្ជ​កម្ម មជ្ឈ​មណ្ឌល​ពិព័រណ៍​អន្តរជាតិ ។ល។

ឧក​ញ៉ា​ពុង ឃាវសែ ​បញ្ជាក់​ថា ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​សាលា​រាជ​ធានី​ភ្នំពេញ ក្រុម​ហ៊ុន OCIC បាន​ត្រៀម​ដី​១២​ហិកតា​​ដើម្បី​សាង​សង់​លំនៅ​ឋាន​ និង​ផ្សារ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ប៉ះ​ពាល់​ក្នុង​តំបន់​អភិវឌ្ឍន៍​៣៨៧​ហិកតានេះ​ ។ ក្នុង​គម្រោង​សាង​សង់​លើដី​១២​ហិកតា​នេះ​ដែរ ក្រុម​ហ៊ុន​ត្រៀម​សាង​សង់​ផ្ទះ​ល្វែង​កូន​កាត់​ចំនួន​ជាង​៧០០​ល្វែង​ និង​មាន​ផ្សារ​ធំ​ចំនួន​២ ។ ​

ផ្ទះ​ល្វែង​នីមួយៗ​មាន​ទទឹង​៤,២​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ និង​មាន​​កម្ពស់​២​ជាន់ ជា​ប្រភេទ​ផ្ទះ​ធ្វើ​ពី​បេតុង​អារម៉េ​ទាំង​កម្រាល​ និង​ជញ្ជាំង​មិន​មាន​ការ​រៀប​ឥដ្ឋ​អ្វី​ទេ ដែល​មាន​អាយុ​កាល​រាប់​សិប​ឆ្នាំ ។ សព្វ​ថ្ងៃ​ ក្រុម​ហ៊ុន​សាង​សង់​សម្រេច​បាន​២០​ល្វែង​បាន​១០០%  ឯ​៤០​ល្វែង​បាន៦០% និង​១០០​ល្វែង​បាន​៣០% ។ ជា​ទូ​ទៅ​ក្នុង​រយៈ​ពេល​១០​ខែ ក្រុម​ហ៊ុន​អាច​សាង​សង់​បាន​ពី​២៥​ទៅ​៣០​​ល្វែង​ ដែល​គម្រោង​ទាំង​មូល​អាច​សម្រេច​បាន​១០០%​​នៅ​ចុង​ឆ្នាំ​២០១៤។

លោកកែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ថ្ងៃ​នេះ​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ចូល​រួម ​ធ្វើ​ជា​សាក្សី និង​ត្រៀម​ទទួល​យក​សមិទ្ធផល​ថ្មី​១​ទៀត​ គឺ​គម្រោង​អភិវឌ្ឍន៍​តំបន់​ជ្រោយ​ចង្វា​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ OCIC សហ​ការ​ជាមួយ​សាលា​រាជ​ធា​នី​ភ្នំពេញ ។ ក្រុម​ហ៊ុន​ OCIC​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​កា​អភិវឌ្ឍ​ទីក្រុង ដូចជា ទីក្រុង​រណប​កោះ​ពេជ្រ ស្ពាន​អាកាស សំណង់​អ​គារ​ខ្ពស់ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ជាដើម ។

លោកកែប ជុតិមា បញ្ជាក់​ទៀត​ថា ធម្មតា​ការ​អភិវឌ្ឍ​តែង​ប៉ះ​ពាល់​ខ្លះៗ​ទៅ​លើ​បង​ប្អូន​ដែល​រស់​នៅ​មិន​រៀប​រយ តែ​យើង​មិន​រា​ថយ​ទេ ដោយ​រាជ​ធានី​ភ្នំពេញ​មិន​មែន​សម្រាប់​តែ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឬ​សម្រាប់​បុគ្គល​ណា​ម្នាក់​​ទេ គឺ​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ដូច្នេះ​ការ​អភិវឌ្ឍ​ត្រូវ​តែ​ដំណើរ​ការ​ជា​ចាំបាច់ ៕